ដោយៈ សុផារី
ក្រុងព្រះសីហនុៈ គម្រោងវិនិយោគបរទេសធំៗ នៅក្នុងប្រទេសកម្ពុជា បាននាំឱ្យមានការអភិវឌ្ឍថ្មីៗជាច្រើន រីកដុះដាលនៅក្នុងតំបន់ ដោយសារទំហំកំណើនតម្រូវការពីវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។
ក្រុមវិនិយោគិនបរទេស ដែលចូលមកកាន់ប្រទេសកម្ពុជា ត្រូវបានសង្គេតឃើញថា មាន០២ប្រភេទសំខាន់ៗ ដែលមានទំនោរនៃការវិនិយោគខុសគ្នាៗ ទៅតាមរយៈពេល និងឥរិយាបទនៃការបោះទុនវិនិយោគ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែកក្កដាកន្លងមកថា អ្នកវិនិយោគបរទេស ត្រូវបានបែងចែកចេញជា២ប្រភេទ រួមមាន ប្រភេទទី១ គឺវិនិយោគិនរយៈពេលខ្លី ដែលហ៊ានប្រឈមហានិភ័យខ្ពស់ មកទិញអចលនទ្រព្យនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ហើយបន្តលក់ទៅឱ្យអ្នកវិនិយោគិនរយៈពេលមធ្យម ដែលប្រកបរបរអាជីវកម្មធុនតូចនិងមធ្យម។
លោកបន្តថា “ក្រុមអ្នកវិនិយោគរយៈពេលខ្លី ភាគច្រើនជាជនជាតិកូរ៉េ និងជនជាតិចិន”។
ចំណែកប្រភេទទី២ គឺអ្នកវិនិយោគិនរយៈពេលវែង។ អ្នកវិនិយោគក្រុមនេះមានទំនោរ ក្នុងការបន្តទិញអាគារមានស្រាប់ ហើយកែច្នៃអាគារទាំងនោះ សម្រាប់ការជួល និងប្រើប្រាស់រយៈពេលវែង។ ក្រុមអតិថិជនជប៉ុន ត្រូវបានចាត់ជាវិនិយោគិនរយៈពេលវែង។
លោកបានបញ្ជាក់ថា “ប្រភេទអ្នកវិនិយោគរយៈពេលខ្លី ហ៊ានប្រថុយភាគច្រើនជា ជនជាតិកូរ៉េ ឬចិន ដោយពួកគាត់បានមួយរយៈហើយ គាត់នឹងលក់ឱ្យអ្នកវិនិយោគជប៉ុន ព្រោះអ្នកវិនិយោគជប៉ុនគាត់មិនអាចទិញអចលនទ្រព្យនៅពេលដំបូងបានទេ ព្រោះទម្រង់បែបបទរបស់ពួកគាត់មានភាពវែងឆ្ងាយតាមគោលការណ៍របស់គាត់ អញ្ចឹងទិញមិនទាន់គេ ហើយត្រូវការពេលវេលា”។
នៅលើពិភពលោក គេបែងចែកអ្នកវិនិយោគជាផ្នែកសំខាន់ៗ ថាតើប្រទេសយើងជួបអ្នកវិនិយោគប្រភេទណា។
លោកលើកឡើងឧបករណ៍ថា “នៅក្នុងក្រុងព្រះសីហនុ ឬបណ្តាប្រទេសមួយចំនួន នៅមុនពេលកូវីដ១៩ ភាគច្រើនជាវិនិយោគិនហានិភ័យខ្ពស់ ហ៊ានទិញអចលនទ្រព្យ ហើយយើងត្រូវតែមានអ្នកវិនិយោគបន្ត ដែលមានអាជីវកម្មកម្រិតតូច និងមធ្យមចូលមកគ្រប់គ្រង នៅលើទីផ្សារមួយនេះផងដែរ”៕