ដោយៈ សុផារី
កំពង់ធំៈ ខេត្តកំពង់ធំ ជាខេត្តស្ថិតនៅកណ្តាល នៃប្រទេសកម្ពុជា និងមានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេ ប៉ុន្តែវិស័យសេដ្ឋកិច្ច ជាពិសេសអចលនទ្រព្យខេត្តកំពង់ធំ ហាក់មានភាពស្ងប់ស្ងាត់ខ្លាំង។
អ្នកជំនាញលើកឡើងថា ការអភិវឌ្ឍយឺតយ៉ាវនេះ បណ្តាលមកពីកំពង់ធំ ជាខេត្តឆ្លងកាត់ទៅមករវាងរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ទៅកាន់ខេត្តសៀមរាបប៉ុណ្ណោះ ដែលជានិច្ចកាលត្រូវបានមើលរំលងពីសំណាក់អ្នកវិនិយោគ។
លោកចាន់ ចំណាន ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ធំ មានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះថា ចរន្តទិញលក់ដីធ្លីនៅក្នុងខេត្តកំពង់ធំ មួយរយៈចុងក្រោយនេះ មានសភាពទ្រឹងនៅមួយកម្រិត។
លោកបន្តថា “ចាប់តាំងពីកូវី១៩ បានធូរស្រាល សកម្មភាពទិញលក់ឃើញថា នៅដដែល មិនមានសន្ទុះខ្លាំងដូចខេត្តផ្សេងទៀតទេ ព្រោះខេត្តកំពង់ធំពឹងផ្អែកលើវិស័យកសិកម្ម”។ លោកបន្តថា “ភាគច្រើន មិនសូវមានអ្នកទិញលក់ពីខាងក្រៅទេ មានតែអ្នកនៅក្នុងមូលដ្ឋានទិញ លក់តិចតួចតែប៉ុណ្ណោះ”។
លោកចំណានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ដីឡូត៍ មានមួយចំនួនតូចដែរ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ដូចជា គម្រោងសុខសាន្ត ជាដើម ប៉ុន្តែសម្រាប់គម្រោងផ្សេងទៀតបើកហើយ តែបានបិទទៅវិញច្រើន។
ខេត្តកំពង់ធំជាខេត្តឆ្លងកាត់រវាង រាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ឬខេត្តព្រះវិហារ ដោយអតិថិជនភាគច្រើន គ្រាន់តែធ្វើដំណើរការឆ្លងកាត់តែប៉ុណ្ណោះ។
លោកថា “ភាគច្រើនភ្ញៀវ ទៅលេងកំសាន្តនៅសៀមរាប គាត់មិនសូវស្នាក់នៅទីនេះទេ។ គាត់គ្រាន់តែទទួលទានអាហារហើយ គាត់ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ឬព្រះវិហារតែម្តង”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី២៥ ខែកក្កដាថា ខេត្តកំពង់ធំជាខេត្តស្ថិតនៅចន្លោះរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងឆ្ពោះទៅកាន់ខេត្តសៀមរាប ជាទិសដៅចុងក្រោយ ដែលជាតំបន់ទេសចរណ៍។
លោកបញ្ជាក់ថា “ខេត្តកំពង់ធំជាខេត្តឆ្លងកាត់ភាគច្រើន ដូច្នេះការអភិវឌ្ឍនៅក្នុងខេត្តមួយនេះ ត្រូវមើលពីសក្តានុពល នាពេលបន្ទាប់តទៅទៀតថា តើពេលណាទើបមានការអភិវឌ្ឍបុរី ទៅដល់ខេត្តមួយនេះ?”។លោកបន្ថែមថា “តាមពិត សម្រាប់អ្នកអភិវឌ្ឍន៍រង់ចាំឱកាស តែទៅបោះទុនវិនិយោគទេ តែគេត្រូវសិក្សាពីតម្រូវការនៃការប្រើប្រាស់ច្បាស់លាស់”។
លោកបន្តថា “ការអភិវឌ្ឍបុរី គេត្រូវសិក្សាលើយន្តការ០២សំខាន់។ ទី១ ថាតើមានយុវជនទើបតែរៀបការច្រើន ដែលស្នាក់នៅក្នុងខេត្ត ឬតំបន់មួយនេះដែរទេ? ព្រោះគាត់នឹងមានតម្រូវការ ប្រើប្រាស់លំនៅឋានថ្មី។ ទី២ ផ្ទៃដីរាងចង្អៀត ទើបគាត់អាចចាប់ផ្តើមធ្វើការអភិវឌ្ឍបុរីបាន។ ប្រសិនបើនៅសល់ដីទំនេរច្រើន ដែលគាត់អាចសាងសង់លក្ខណៈតូចមួយ នោះការអភិវឌ្ឍបុរីនៅមិនទាន់ទៅដល់នោះទេ”។
ជាមួយគ្នានេះ លោក ហ៊ ប៊ុនហាំ អគ្គនាយកក្រុមហ៊ុន ប៊ុនហាំរៀលធី ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ធំ មានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះថា ខេត្តកំពង់ធំជាខេត្តមួយមានភាពស្ងប់ស្ងាត់ សកម្មភាពសេដ្ឋកិច្ចដើរយឺតខ្លាំង។ ទោះបីមានរយៈចម្ងាយ មិនឆ្ងាយពីក្រុងភ្នំពេញពិតមែន តែខេត្តមួយនេះមានកម្លាំងសេដ្ឋកិច្ច ពឹងផ្អែកខ្លាំងតែលើកសិកម្មជាបង្គោលធំ ចំណែកសក្តានុពលលើវិស័យផ្សេងទៀតមានតិចតួចណាស់។
អ្នកជំនាញមូលដ្ឋានខាងលើបានឱ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិបត្តិកូវីដ១៩ បានជះឥទ្ធិពលមកលើជីវភាព ដែលមានកម្រិតទាបស្រាប់ហើយនោះ កាន់តែយ៉ាប់យឺនថែមទៀត បូកផ្សំនឹងការប្រកបរបរកសិកម្ម មិនសូវបានទិន្នផលនិងតម្លៃខ្ពស់ ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចនៅក្នុងខេត្តមួយនេះ មិនសូវមានភាពល្អប្រសើរ នោះអចលនទ្រព្យក៏មិនសូវមានភាពរីកចម្រើនដែរ។
លោកបញ្ជាក់ថា “ការអភិវឌ្ឍខេត្តយើងមានភាពយឺតយ៉ាវ សេដ្ឋកិច្ចមិនសូវជាដើរ ហើយភាគច្រើនពឹងលើកសិកម្ម។ វិស័យទេសចរណ៍នៅក្នុងខេត្តក៏ដំណើរការមិនសូវល្អ។ ជាពិសេស ការវិនិយោគពីខាងក្រៅមិនសូវមានឡើយ មានត្រឹមតែសេដ្ឋកិច្ចក្នុងស្រុកបន្តិចបន្តួច”។
លោកបន្តថា “អ្នកដំណើរទៅកាន់ខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ទៅផុត មកផុត។ សូម្បីអាជីវកម្មអាហារដ្ឋានក៏ស្ងប់ស្ងាត់ដែរ“៕