ដោយ: លាងហួរ
ប្រទេសចិន: កាសែតFinancial Times បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន នឹងជួយដល់អ្នកអភិវឌ្ឍអចលនទ្រព្យដោយការផ្តល់ប្រាក់កម្ចីចំនួន១ពាន់ពាន់លានយ័ន (១៤៨,២ពាន់លានដុល្លារ)ដល់គម្រោងអភិវឌ្ឍន៍នានា ដែលកំពុងជាប់គាំងគំរោងរបស់ពួកគេ។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន បាននឹងកំពុងជួបពីវិបត្តិមួយទៅវិបត្តិមួយទៀត រួមមាន ការបះបោររបស់អ្នកទិញផ្ទះ ក្នុងខែកក្កដានេះ បានបង្កើនសម្ពាធបន្ថែមទៀតលើអាជ្ញាធរ ដើម្បីបំបាត់ភាពចលាចល ក្នុង សង្គម ខណៈវិស័យអចលទ្រព្យ ជាកត្តាអូសទាញកំណើនសេដ្ឋកិច្ចចិនឱ្យធ្លាក់ចុះក្នុងរយៈពេលមួយឆ្នាំកន្លងមក។
កាសែតនេះបានចុះផ្សាយថា ធនាគារប្រជាជនចិន (PBOC) ដំបូងនឹងផ្តល់ប្រាក់កម្ចីចំនួន២០០ពាន់លានយ័ន ដែលមានការប្រាក់ទាប ប្រហែល១,៧៥ភាគរយ ក្នុងមួយឆ្នាំដល់ធនាគារពាណិជ្ជរបស់រដ្ឋចិន។
របាយការណ៍ដដែលបានបន្ថែមថា ផែនការដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន នាពេលថ្មីៗនេះ នឹងអនុញ្ញាតឱ្យធនាគារប្រើប្រាស់ប្រាក់កម្ចីPBOC រួមជាមួយនឹងមូលនិធិផ្ទាល់ខ្លួន របស់ពួកគេ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអចលនទ្រព្យ ដែលជាប់គាំងឡើងវិញ។
សារពត៌មានរ៉យទ័របានរាយការណ៍នៅសប្តាហ៍នេះ ដោយដកស្រង់សម្តីមន្ត្រីធនាគាររដ្ឋ ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះថា ប្រទេសចិនគ្រោងនឹងបញ្ចេញ មូលនិធិរហូតដល់៣០០ពាន់លានយ័ន (៤៤,៥ពាន់លានដុល្លារ) ដើម្បីជួយអ្នកអភិវឌ្ឍអចលនទ្រព្យ ដែលកំពុងជាប់គាំងក្នុងវិបត្តិបំណុល៕