អ្នកជំនាញសុទិដ្ឋិនិយមពីទីផ្សារអចលនទ្រព្យ ខណៈមានដំណឹងថាអ្នកវិនិយោគចិននឹងចូលមកកម្ពុជាច្រើននៅចុងឆ្នាំនេះ

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)លោកច្រឹក សុខនីមបានលើកឡើងនូវសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យកម្ពុជា នឹងមានសភាពកាន់តែល្អប្រសើរនៅចុងឆ្នាំនេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីម្សិលម៉ិញនេះថា  ស្ថានភាពបច្ចុប្បន្ន វាជាអន្តរកាលមួយដែលឥទ្ឋិពល នៃបញ្ហាជំងឺកូវីដ១៩នៅ​ប្រទេសចិន និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែនមិនទាន់បញ្ចប់ ប៉ុន្តែអ្វីៗនឹងមានភាពប្រសើរឡើងនាពេលឆាប់ៗនេះ។

លោកបន្តថា “ស្ថានភាពទីផ្សារ និងការរីកចម្រើនលើវិស័យអចលនទ្រព្យនឹងបន្តរយៈពេលវែងតទៅទៀត ដោយសារស្ថានភាពសេដ្ឋកិច្ចនៅមានស្ថេរភាព តម្លៃ​អចលនទ្រព្យកម្ពុជា នៅមានតម្លៃទាបធផៀបជាមួយប្រទេសជិតខាងកម្ពុជា”។

លោកច្រឹក សុខនីមបានបន្តថា ក្នុងចំណោមផ្នែកសំខាន់ៗនៃវិស័យ​នេះ ដូចជាខុនដូ អាផាតម៉ិន ការិយាល័យជួល នៅតែមានទីផ្សារល្អ ខណៈដែលទីផ្សារដីធ្លី នៅតែបន្តរីកចម្រើន និងផ្តល់ឱកាសចំណេញដល់វិនិយោ​គិនរយៈពេលវែងបន្តទៀត។

ជាមួយគ្នានេះ លោកKen Lo អគ្គនាយកក្រុមហ៊ុនColdwell Banker ជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ ដែលបានចូលមកកាន់ទីផ្សារកម្ពុជាបានមានប្រសាសន៍ថា ភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែមានកំណើនរ៉ឹងមាំ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ​រយៈពេលវែង រាជធានីភ្នំពេញ នៃប្រទេសកម្ពុជានឹងក្លាយជាមូលដ្ឋាន សម្រាប់ក្រុមហ៊ុនអន្តរជាតិធំៗ ជ្រើសរើសធ្វើជាទីតាំងការិយាល័យកណ្តាល​នាពេលអនាគត។

លោកបន្តថា “ការដែលខ្ញុំអះអាងបែបនេះ ដោយសារកម្ពុជា ជាចំណុចកណ្តាលនៃតំបន់អាស៊ាន ដែលការហោះហើរពីកម្ពុជាទៅកាន់បណ្តាប្រទេសក្នុងតំបន់ ចំណាយពេលមិនលើស២ម៉ោងឡើយ”។ លោកបន្តថា “ក្រោយឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះខ្លាំង ដែលពេលនោះទំហំការិយាល័យ ដែលមានស្រាប់នាពេលបច្ចុប្បន្ន មិនអាចឆ្លើយតបនឹងតម្រូវការឡើយ”។

ជាមួយគ្នានេះ លោកKong Jian Mingប្រធានក្រុមហ៊ុនJOVAN Group ដែលបានបោះទុនប្រមាណ១០០០លានដុល្លារ សាងសង់បុរីឈ្មោះJOVAN CITY នៅជាយរាជធានីភ្នំពេញបានមានប្រសាសន៍ថា មិត្តភាពដែកថែប នៃទំនាក់ទំនងល្អ​រវាងមេដឹកនាំកម្ពុជា ចិន និងគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ នឹងធ្វើឲ្យកម្ពុជាក្លាយជាមូលដ្ឋាន នៃការវិនិយោគរបស់អ្នកវិនិយោគចិន កាន់តែច្រើននាពេលអនាគត។

លោកបន្តថា “នៅពេលខាងមុខទីក្រុងភ្នំពេញ នឹងមានមនុស្សរស់នៅចន្លោះពី៦ទៅ៨លាននាក់ វានឹងធ្វើឲ្យទីផ្សារបុរី និងសេវាកម្មជាច្រើនទៀតនឹងរីកចម្រើន និងមានតម្រូវការខ្ពស់នាពេលអនាកត”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា អ្នកវិនិយោគចិនកាន់តែច្រើន បានចូលមកកាន់កម្ពុជា បណ្តើរៗហើយ ដោយសារគោលនយោបាយ និងទំនាក់ទំនងដ៏ល្អប្រសើររវាងមេដឹកនាំកម្ពុជា គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេដឹកនាំចិន។

លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មខសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងRCEP ដែលបានចូលជាធរមាន បានធ្វើឲ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អសំរាប់វិនិយោគ ផលិតកម្ម ដើម្បីនាំចេញ”។

យោងតាមប្រភពពីថ្នាក់ដឹកនាំសមាគមចិនមួយ នៅកម្ពុជាបាននិយា​យ​ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា អ្នកវិនិយោគចិនកាន់តែច្រើននឹងមកកាន់កម្ពុជានៅចុងឆ្នាំនេះ ស្របពេលដែលរដ្ឋាភិបាលចិន នឹងបន្ឋូរបន្ថយនូវលំហូរមូលធន ចេញពីប្រទេសនាពេលខាងមុខនេះ ព្រោះប្រសិន​ជារដ្ឋាភិបាលចិនបន្តបិទខ្ទប់ប្រទេស និងលំហូរមូលធន នឹងធ្វើឲ្យ​សេដ្ឋកិច្ចចិន​ប្រឈមការលំបាកកាន់តែធ្ងន់ធ្ងរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here