ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ វិស័យអចលនទ្រព្យបាននិងកំពុងធ្វើឱ្យបុគ្គលជាច្រើន ទទួលបានជោគជ័យ ហើយកាលពីមុន អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ភាគច្រើនគឺជាបុរស តែមកដល់បច្ចុប្បន្ននេះ មានស្ត្រីកាន់តែច្រើនក៏បានចូលប្រឡូក ក្នុងវិស័យនេះ និងទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្តផងដែរ។
យ៉ាងណាក្ដី ក្នុងការប្រឡូកក្នុងវិស័យនេះ ស្ត្រីក៏មានបញ្ហាប្រឈម និងផលលំបាកមួយចំនួន។ តើផលលំបាក និងបញ្ហាប្រឈមនោះមានអ្វីខ្លះ?
លោកជំទាវឧកញ៉ាគង់ សំណាង អគ្គនាយិកានៃក្រុមហ៊ុន Khmer Real Estate និងជាអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍បុរី វិមានសំណាង បានមានប្រសាសន៍ថា ស្ត្រីក្នុងមុខជំនួញអចលនទ្រព្យ គឺពិតជាមានផលលំបាក តែសម្រាប់លោកជំទាវ ផលលំបាកមានតិចជាងភាពងាយស្រួល។
លោកជំទាវឧកញ៉ាបានមានប្រសាសន៍ សម្រាប់លោកជំទាវ ផលល្អមានច្រើនជាងផលលំបាក ហើយផលលំបាកមានតែមួយទេ គឺនៅពេលចុះទៅជួបភ្ញៀវ និងពេលជិះស្វែងរកទ្រព្យ ដូចជា ដីធ្លីមកដាក់លក់។ ការចុះទៅជួបភ្ញៀវ និងរកទ្រព្យនេះដែរ គឺត្រូវការគ្នាច្រើន ពីព្រោះនៅពេលស្ត្រីចុះទៅជួបភ្ញៀវ តែម្នាក់ឯង ឬស្វែងរកអចលនទ្រព្យ តែម្នាក់ឯង ពិតជាប្រឈមនឹងបញ្ហាច្រើន។
លោកជំទាវឧកញ៉ា មានប្រសាសន៍ថា “សម្រាប់ផលល្អវិញ គឺស្ត្រីមានអាទិភាពក្នុងការចរចាជាមួយភ្ញៀវ ព្រោះអីស្ត្រីមានភាពទន់ភ្លន់ មានភាពបត់បែនចេះនិយាយពីចំណុចល្អ មិនល្អជាមួយភ្ញៀវ និងអាចជំរុញឱ្យភ្ញៀវ រវាងអ្នកទិញ និងអ្នកលក់ឆាប់ត្រូវរ៉ូវគ្នា”។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា ស្ត្រីគឺមានភាពពិបាកមែន នៅពេលចុះទៅជួបភ្ញៀវ ជាពិសេសភ្ញៀវបុរសៗ។ ភ្ញៀវខ្លះគាត់ចង់ជួប និងពិសាបាយជាមួយ ពេលខ្លះមានទទួលគ្រឿងស្រវឹងខ្លះៗ ដើម្បីឱ្យការចរចាបានរលូន។
អ្នកស្រីបន្តថា នៅពេលចុះទៅខេត្តម្ដងៗ ស្ត្រីក៏ពិបាកក្នុងការធ្វើដំណើរតែម្នាក់ឯង ដូចជាបុរសដែរ ដូច្នេះពេលចុះខេត្ត គឺត្រូវការមានគ្នាច្រើន ដើម្បីជួយដោះស្រាយ នៅពេលជួបបញ្ហា ហើយស្ត្រីក៏មានបន្ទុកមួយទៀត គឺមើលថែគ្រួសារនិងកូនៗ ដែលជាបន្ទុកបន្ថែម។
អ្នកស្រីបន្តថា យ៉ាងណាក្ដី ពីមួយឆ្នាំទៅមួយឆ្នាំ ស្ត្រីកាន់តែច្រើនបានចូលប្រឡូកក្នុងវិស័យនេះ ពីព្រោះថាវិស័យនេះបានផ្ដល់ប្រយោជន៍ជាច្រើន ដល់ស្ត្រីក៏ដូចជាបុរស ក្នុងការរកប្រាក់ចំណូល៕