ដោយ៖ វឌ្ឍនៈ
កំពត៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ វិស័យសំណង់នៅក្នុងខេត្តកំពតនៅតែទទួលបានការវិនិយោគ ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិជាបន្តបន្ទាប់។
គិតមកដល់ពេលនេះ ក្នុងខេត្តកំពតទាំងមូលមានអគារសរុបមានចំនួន១៦១គម្រោង ដែលមានផ្ទៃក្រឡាសរុបស្មើនឹង៥២.៦៥៨ម៉ែត្រការ៉េ ក្រោមទុនវិនិយោគជាង១៨លានដុល្លារអាមេរិក។ ក្នុងចំណោមនោះ សំណង់មានលិខិតអនុញ្ញាតសាងសង់ចំនួន១៤២គម្រោង និងគ្មានលិខិតអនុញ្ញាតចំនួន១៩គម្រោង។
លោក ស៊ឹម សុខជា អនុប្រធានមន្ទីរបានបានប្រសាសន៍ថា ខេត្តកំពតនៅមានសំណង់គ្មានលិខិតអនុញ្ញាតិ សរុបចំនួន១៩គម្រោង ដែលមានផ្ទៃក្រឡាសរុបចំនួន៣.២៦០ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹងជិត១លាន២សែនដុល្លារ ក្នុងនោះក្រុងបូកគោមាន១០គម្រោង ស្រុកឈូកមាន៩គម្រោង។
មន្ត្រីជំនាញទទួលបន្ទុកផ្នែកសំណង់រូបនេះ បានបញ្ជាក់ថា តាមការសង្កេតពិនិត្យ ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសំណង់នៅមានកម្រិត។ សំណង់មួយចំនួននៅតាមបណ្តាក្រុង/ស្រុក នៅតែសាងសង់លើសជាន់ លើសទំហំ ដែលបានចេញលិខិតអនុញ្ញាតដោយរដ្ឋបាលក្រុង/ស្រុក ហើយនៅតាមការដ្ឋានមួយចំនួនតូច មិនបានធ្វើរបាំងសុវត្ថិភាព ឬឧបករណ៍សុវត្ថិភាពដល់កម្មករ និងជាងឡើយ។ ក្រុមជាងសាងសង់មួយចំនួនមិនមានស្ថាបត្យករ ឬវិស្វករប្រចាំការនៅការដ្ឋាន ធ្វើតែតាមម្ចាស់សំណង់បង្គាប់ និងគ្មានលិខិតអនុញ្ញាតិជាដើម ទោះជាមន្ត្រីជំនាញចុះផ្សព្វផ្សាយពន្យល់លក្ខណៈបច្ចេកទេសញឹកញាប់ហើយក៏ដោយ។
ក្នុងឆ្នាំ២០២១ វិស័យសំណង់ខេត្តកំពត មាន៣១៩គម្រោង មានផ្ទៃក្រឡាសរុបស្មើនឹង១០៦.៩៥៩ម៉ែត្រការ៉េ គិតជាតម្លៃទុនវិនិយោគប៉ាន់ស្មានស្មើនឹងជាង៣៨លានដុល្លារ ក្នុងនោះសំណង់គ្មានលិខិតអនុញ្ញាតសាងសង់សរុបចំនួន២៨គម្រោង ផ្ទៃក្រឡាសរុបស្មើ៧.៨៧០ម៉ែត្រការ៉េ បើគិតជាតម្លៃទុនវិនិយោគប៉ាន់ស្មាន ស្មើនឹងជិត៣លានដុល្លារ។
លោកជិន ណារិន នាយកប្រតិបត្តិនៃក្រុមហ៊ុន Sunshine Realty បានឱ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពតក៏មានការអភិវឌ្ឍ ទៅលើផ្ទះលំហែកាយច្រើនផងដែរ ជាពិសេសនៅតំបន់ជិតៗតំបន់រមណីយដ្ឋាន ដោយសារតែខេត្តនេះជាតំបន់ ដែលមានសក្ដានុពលខ្ពស់ ក្នុងការអភិវឌ្ឍលើផ្ទះប្រភេទនេះ៕