ដោយ សុខុម
សេអ៊ូល: ទីផ្សារអចលនទ្រព្យនៃប្រទេសកូរ៉េខាងត្បូង បានដាំក្បាលចុះខ្លាំង ខណៈវិស័យនេះទទួលរងផលប៉ះពាល់ខ្លាំងពីការដំឡើងអត្រាការប្រាក់ក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ហើយស្ថានភាពនេះបានដាក់សម្ពាធកាន់តែខ្លាំងលើពលរដ្ឋមួយកូរ៉េ ដែលស្ថិតក្នុងចំណោមអតិថិជនប្រើប្រាស់ដែលជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោក។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ឱ្យដឹងថា តម្លៃអាផាតម៉ិននៅទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុនបានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល២៦ខែមកនេះ ខណៈចំនួនប្រតិបត្តិការទិញលក់ក្នុងរដ្ឋធានីបានធ្លាក់ចុះរហូតដល់ទៅ៧៣%ក្នុងខែមិថុនា បើធៀបទៅនឹងឆ្នាំមុន។
បំណុលរហូតដល់ទៅ១,៩៧ទ្រីលានដុល្លារអាមេរិក ទាក់ទិននឹងទីផ្សារអចលនទ្រព្យនេះប្រឈមនឹងតេស្តសាកល្បងដ៏សំខាន់មួយ ខណៈអត្រាការប្រាក់កើនឡើងខ្ពស់ ដោយការកើនឡើងខ្ពស់នូវចំនួនទឹកប្រាក់ទូទាត់កម្ចីទិញផ្ទះទំនងជាបានធ្វើឱ្យតម្រូវការអចលនទ្រព្យធ្លាក់ចុះ។
ដោយជិត៣ភាគ៤នៃទ្រព្យសម្បត្តិគ្រួសារពលរដ្ឋកូរ៉េខាងត្បូង ជាប់ទាក់ទិននឹងអចលនទ្រព្យ ក្រុមអ្នកបង្កើតគោលនយោបាយព្រួយបារម្ភថា ការកើនឡើងកាន់តែខ្ពស់នូវអត្រាការប្រាក់លើកម្ចីទិញផ្ទះអាចធ្វើឱ្យការខកខានទូទាត់បំណុលកើនឡើង ហើយធ្វើឱ្យសេដ្ឋកិច្ចនេះកាន់តែឈានជិតទៅរកវិបត្តិហិរញ្ញវត្ថុ។
និយ័តករហិរញ្ញវត្ថុរំពឹងថា ចំនួនអ្នកដែលអាចខកខានទូទាត់ប្រាក់កម្ចីរបស់ខ្លួននឹងកើនឡើងពីកន្លះលានដល់១,៩លាននាក់ នៅពេលអត្រាប្រាក់លើកម្ចីទិញផ្ទះជាមធ្យមឈានដល់៧%ពីអត្រា៥-៦%នាពេលបច្ចុប្បន្ន៕