មន្រ្តីជាន់ខ្ពស់ៈ ការវិនិយោគផ្សារហ៊ុនរយៈពេលវែង មានផលចំណេញប្រហាក់ប្រហែលគ្នានឹងវិស័យអចលនទ្រព្យ

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃផ្សារហ៊ុនកម្ពុជាបានលើកឡើងថា ការវិនិ​យោ​គលើផ្សារហ៊ុនរយៈពេលវែង មានផលចំណេញប្រហាក់​ប្រហែលគ្នានឹងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារហ៊ុនកម្ពុជា លោ​កហុង សុហួរ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីចុងសប្តាហ៍មុ​នថា ការវិនិយោគភាគហ៊ុនឬទិញមូលបត្រ នឹងអាចធ្វើឲ្យអ្នក​វិនិយោគទទួលភាពមានបាន ដូចជាការវិនិយោគដីធ្លីផងដែរ។

លោកបន្តទៀតថា “របៀបវិនិយោគដីធ្លី មានការពេញនិយមច្រើននៅកម្ពុជាយើង ដែលមនុស្សមានធនធានស្ទើរគ្រប់គ្នា បានវិនិយោគលើដីធ្លី ប៉ុន្តែការវិនិយោគលើវិស័យមូលបត្រ នៅមានកម្រិតនៅឡើយ”។ លោកបន្តថា “បើផ្អែកលើតួលេខអ្នកវិនិយោគទិញភាគហ៊ុន ឬមូលបត្រ គឺមានចំនួនតិចជាងអ្នកវិនិយោគដីធ្លី ប៉ុន្តែការពិតផលចំណេញពីវិស័យទាំងពីរនេះ មានភាពត្រដំត្រសងគ្នា”។

លោកហុង សុហួរបានបន្តដោយពន្យល់ថា ការវិនិយោគលើភាគហ៊ុនក្នុងរយៈពេលវែង គឺមានការកើនឡើងថ្លៃដល់កម្រិត១គុណ នឹងជាងបីដង និងភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន បានកើនឡើងជាង២ដងដែរ។ អញ្ចឹងមានន័យថា ការវិនិយោគភាគហ៊ុន បានឡើងថ្លៃដូចអចលនទ្រព្យដែរ។

លោកលើកជាអំណះអំណាងថា ទី១ ការវិនិយោគភាគហ៊ុនលើរយៈពេលវែង វាក៏មានការឡើងថ្លៃគ្រាន់បើដែរ ប៉ុន្តែកន្លងមកមានអ្នកវិនិយោគខ្លះបានវិនិយោគរយៈពេលខ្លី ក៏ពោលថាមិនចំណេញ ប៉ុន្តែបើយើងសង្កេតមើលវិស័យអចលនទ្រព្យ ក៏វាមានពេលមិនកើនឡើង ធ្លាក់ចុះដូចគ្នានឹងផ្សារហ៊ុនផងដែរ ទី២ ផ្សាររបស់យើងនៅក្មេងខ្ចី ទំហំជួញដូរនៅតិច អ្នកវិនិយោគនៅតិច ដែលធ្វើឲ្យថ្លៃភាគហ៊ុនមួយចំនួនមានតម្លៃទាប បើធៀបនឹង​ផ្សារមូលបត្រនៅប្រទេសដទៃ ប៉ុន្តែនៅពេលអនាគត ទំហំជួញដូររបស់យើងនឹងកើនឡើង និងមានអ្នកវិនិយោគកើនកាន់តែច្រើន ពេលនោះថ្លៃភាគហ៊ុនរបស់យើង នឹងមានភាពល្អជាងពេលបច្ចុប្បន្ន។

លោកហុង សុហួរបានបន្តថា “អញ្ចឹងពេលបច្ចុប្បន្ននេះ ថ្លៃហ៊ុននៅមានតម្លៃទាប ក៏ជាឱកាសល្អសំរាប់ការវិនិយោគ”។ លោកបន្ថែមថា “ដូចការវិនិយោគដីធ្លីដែរ កន្លែងណាដែលមិនទាន់មានសភាពឈូឆរ ក៏មានឱ​កាសកើនឡើងតម្លៃខ្ពស់នាពេលអនាគត”។

លោកបន្តថា បើយើងមើលប្រទេសមានការរីកចម្រើនមធ្យម និងខ្លាំង វិស័យអចលនទ្រព្យ និងវិស័យមូលបត្រមានភាពត្រដំត្រសងគ្នាទេ មានពេលខ្លះវិស័យមូកបត្រ ទទួលបានផលចំណេញល្អជាង វិស័យអចលនទ្រព្យ និងពេលខ្លះក៏វិស័យអចលនទ្រព្យ មានផលចំណេញជាងវិស័យមូលបត្រ។

លោកបន្ថែមថា “អញ្ចឹងបានខ្ញុំហ៊ានអះអាងថា វិស័យទាំងពីរនេះអាចរកបានផលចំណេញត្រដំត្រសងគ្នា គឺវាមានពេលរបស់វា”។ លោកបន្តថា “អ្វីខ្ញុំចង់លើកទឹកចិត្ត គឺសាធារណៈជន អាចសាកល្បងរៀនសូត្រវិនិយោគបណ្តើរៗ ព្រោះអីការវិនិយោគលើវិស័យមូលបត្រ ទាមទារឲ្យមានការស្វែងយល់ច្រើន ព្រោះវិស័យនេះ មិនអាចត្រឹមអានសៀវភៅ អាចយល់ដឹងបានស៊ីជម្រៅនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here