អ្នកជំនាញ៖ ចំណេះដឹងហិរញ្ញវត្ថុជួយបញ្ចៀសហានិភ័យខ្ពស់ក្នុងការបង់រំលោះរយៈពេលវែង

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ ការបង់រំលោះអចលនទ្រព្យជាគោលការណ៍ពេញនិយមបំផុត នាពេលបច្ចុប្បន្ន ប៉ុន្តែគេសង្គេតឃើញមានអត្រា​បញ្ចប់​កិច្ចសន្យា​បង់រំលោះ​ជាមួយ​បុរីច្រើន ​ដោយសារអតិថិជនគ្មា​នលទ្ធភាព​បង់​បន្ត ដែលធ្វើឱ្យមានការខាតបង់ទាំងប្រាក់កាស ពេលវេលា និងទ្រព្យសម្បត្តិ។

 

អ្នកជំនាញលើកឡើងថា ក្នុងករណីមានបំណងចង់បង់រំលោះ អតិថិជនត្រូវមានចំណេះដឹងហិរញ្ញវត្ថុ និងគួរសិក្សាគោលការណ៍ការបង់រំលោះជាមួយក្រុមហ៊ុនឱ្យបានច្បាស់លាស់សិន ដើម្បីជៀសវៀងហានិភ័យនៅពេលក្រោយ។

 

លោក ​ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានមានប្រសាសន៍នៅសប្តាហ៍កន្លងមកថា ការទិញបង់រំលោះបែងចែកចេញជាពីរប្រភេទ រួមមាន​ ការបង់រំលោះដោយគ្មានការប្រាក់ និងការបង់រំលោះដោយមានការប្រាក់។ នៅក្នុងទីផ្សារអចលនទ្រព្យ ភាគច្រើនការបង់រំលោះជាប្រភេទមានការប្រាក់។

 

លោកបានមានប្រសាសន៍ថា បញ្ហាដែលសង្គេតឃើញកើតមានឡើងជាញឹកញាប់ គឺអតិថិជនបានបញ្ចប់​កិច្ចសន្យា​បង់រំលោះ​ជាមួយ​បុរី ​ព្រោះគ្មា​នលទ្ធភាព​បង់​បន្ត ហើយក្នុងករណីនេះ អតិថិជនមិន​អាចទទួល​បាន​ប្រាក់​ដើម​ខ្លះ​ត្រឡប់​មក​វិញឡើយ។

អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះមានប្រសាសន៍ថា មុនសម្រេចចិត្តបង់រំលោះផ្ទះជាមួយក្រុមហ៊ុនពលរដ្ឋត្រូវមានចំណេះដឹងហិរញ្ញវត្ថុឱ្យបានច្បាស់ និងស្វែងយល់ឱ្យលម្អិតពីគោលការណ៍របស់ក្រុមហ៊ុន ក្នុងករណីជួបឧបសគ្គគ្មានប្រាក់រំលោះបន្ត តើអ្វីទៅជាដំណោះស្រាយសមស្របទទួលយកបានសម្រាប់ភាគីទាំងពីរ។

 

លោកបានលើកឡើងថា “ជួនកាលការបង់រំលោះតម្លៃ២ ឬ៣ម៉ឺន ចំណាយទៅលើការប្រាក់ច្រើន បង់ប្រាក់ដើមបានតិចបំផុត។ ចំណេះដឹងហិរញ្ញវត្ថុរបស់អ្នកទិញ ដោយគាត់បានប្រឹក្សា ឬមិនបានប្រឹក្សា អាស្រ័យលើពួកគាត់បានទិញពីដំបូង”។

 

លោកបន្តថា “ប្រសិនបើពួកគាត់ទិញហើយ ពេលបង់រំលោះដោយមានការប្រាក់រយៈពេលយូរពេក ការបង់ដំបូងនឹងសឹងតែបានតែការប្រាក់ទេ ប្រាក់ដើមបានតិចមែនទែន។ ដូច្នេះហើយជាផលប៉ះពាល់ធ្វើឱ្យអតិថិជនបានបង់២ឬ៣ឆ្នាំដំបូង រំលោះប្រាក់ដើមបានតិច ជាពិសេស ការបង់រំលោះរយៈពេលវែង១០ទៅ១៥ឆ្នាំជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here