ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ អាចជារឿងថ្មី នៃការអភិវឌ្ឍលំនៅដ្ឋានបែបជាខុនដូ សម្រាប់អ្នកមានចំណូលទាប ដោយតម្លៃនៃខុនដូនេះ វាពិតជាមិនគួរឱ្យជឿ ដែលមានតម្លៃត្រឹមតែ១៥,០០០ ទៅ២០,០០០ដុល្លារអាមេរិក។
ខុនដូប្រភេទនេះ គឺផ្ដោតទៅលើពលរដ្ឋកម្ពុជា និងជាអ្នកដែលមានចំណូលទាប និងអាចធ្វើការបង់រំលស់ប្រចាំខែបានទៀតផង។
លោកវិន ឈុនហ៊ាត អ្នកជំនាញអចលនទ្រព្យ និងជាភ្នាក់ងារលក់អចលនទ្រព្យមួយរូប នៅរាជធានីភ្នំពេញបានឱ្យដឹងថា ការអភិវឌ្ឍខុនដូលក្ខណៈខ្នាតតូច ឬសម្រាប់អ្នកមានចំណូលទាប គឺជាការសម្រួលដល់អ្នកដែលមិនមានលទ្ធភាពទិញផ្ទះស្នាក់នៅ តម្លៃមធ្យមឡើង ឬទិញខុនដូនៅកណ្ដាលក្រុង។
លោកបន្តថា “ដូចយើងបានដឹងហើយ អ្នកខ្លះធ្វើការនៅរោងចក្រ ខ្លះរត់ម៉ូតូឌុប កង់បីនិងអាជីវករខ្នាតតូចៗ ហើយបានជួលបន្ទប់គេស្នាក់នៅ ក្នុងតម្លៃប្រហាក់ប្រហែល១០០ដុល្លារក្នុងមួយខែ”។លោកបន្ថែមថា “ដូច្នេះបើសិនជាមាន អ្នកអភិវឌ្ឍន៍ខុនដូតម្លៃទាប ត្រឹម១៥,០០០ដុល្លារទោ២០,០០០ដុល្លារក្នុងមួយយូនីត ពួកគាត់នឹងមានលទ្ធភាពទិញ និងបង់រំលស់ប្រចាំខែ យូរៗទៅបន្ទប់ខុនដូនឹងក្លាយជារបស់ពួកគាត់ ជាអចិន្ត្រៃយ៍ដោយមិនចាំបាច់ជួលគេបន្តទៀត”។
លោកឈុនហ៊ាតបានឱ្យដឹងទៀតថា ការអភិវឌ្ឍលំនៅឋានបែបនេះ អ្នកវិនិយោគពិតណាស់ មិនអាចចូលទៅកាន់កណ្ដាលក្រុង សម្រាប់រកទីតាំងហើយ អភិវឌ្ឍន៍ផ្គត់ផ្គង់ ជូនអ្នកមានចំណូលទាបបាននោះទេ។ ដូច្នេះហើយអ្នកអភិវឌ្ឍន៍ ត្រូវរកទីតាំងណាដែលមានតម្លៃសមរម្យ នឹងអភិវឌ្ឍន៍អគារកំពស់ក្រោម១០ជាន់ ផ្ដលជូនអ្នកដែលមានតម្រូវការ ដែលការអភិវឌ្ឍនេះ នឹងចូលរួមដោះស្រាយជាមួយរដ្ឋាភិបាល ក្នុងបញ្ហាលំនៅឋាននៅក្នុងប្រទេសកម្ពុជា ជាពិសេសកំណើនពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។
បើតាមកសិក្សានិងវាយតម្លៃ របស់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានឱ្យដឹងកំណើនប្រជាពលរដ្ឋ តាមបណ្ដាខេត្តនានា ចូលមករស់នៅក្នុងរាជធានីភ្នំពេញ កាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ នឹងធ្វើឱ្យតម្រូវការលំនៅឋានកាន់តែកើនឡើង ហើយក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើន មិនមានលទ្ធភាព ទិញផ្ទះស្នាក់នៅផ្ទាល់ខ្លួនក៏ត្រូវជួលផ្ទះគេស្នាក់នៅ។
ការអភិវឌ្ឍផ្ទះតម្លៃសមរម្យ ឬសម្រាប់អ្នកមានចំណូលទាប និងមធ្យមនឹងកាន់តែមានតម្រូវការខ្ពស់ នៅពេលខាងមុខ ហើយក្នុងនោះដែរតំបន់ជាយក្រុង ក៏នឹងកាន់តែមានការរីកចម្រើន ទៅលើការអភិវឌ្ឍលំនៅឋាន ឧស្សាហកម្មនិងពាណិជ្ជកម្មជាដើម។
យ៉ាងណាក៏ដោយលោកយិន លាងគង់ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាអ្នកតាមដានការវិវត្តន៍ក្នុងវិស័យនេះបានលើកឡើងថា គំនិតខាងលើមិនខុសទេ ប៉ុន្តែខុនដូដែលមានតម្លៃចន្លោះពី ១៥,០០០ ទៅ ២០,០០០ដុល្លារមិនអាចទៅរួចនោះទេ ប៉ុន្តែគួរតែនិយាយពីបន្ទប់តូចៗវិញ ព្រោះថា តម្លៃដីនៅកណ្តាល ឬជាយក្រុងបានឡើងថ្លៃខ្ពស់រួចទៅហើយ។
លោកបន្តថា “បើគណនាតម្លៃដី៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តម្លៃសំណង់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយមិនទាន់បូកបញ្ចួលសេវាកម្មជាច្រើនទៀត គឺការសាងសង់ខុនដូក្នុងតម្លៃទាបបែបនេះ មិនអាចទៅរួចឡើយ”។លោកបន្តថា “តម្រូវការខុនដូ នឹងមានកំណើនខ្ពស់ពិតប្រាកដនាពេលអនាគត ហើយតម្លៃខុនដូនឹងកើនឡើងជាបន្តទៀត ស្របពេលនិន្នាការសង្គម សេដ្ឋកិច្ចកាន់តែរីកចម្រើន តម្លៃដីកាន់់តែឡើងថ្លៃស្របគ្នាផងដែរ”៕