រដ្ឋមន្រ្តីការបរទេសជប៉ុនផ្ញើរសារមកប្រជាជនកម្ពុជាថា “លោកចង់ភ្លក់មុខម្ហូបខ្មែរ”

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនបានផ្ញើរសារដ័គួរឲ្យចាប់អារម្មណ៍ ចំពោះប្រជាជនកម្ពុជា ជាអ្វីដែលលោក​បានធ្វើមុនពេលលោកមកដល់កម្ពុជានៅថ្ងៃនេះ។

ស្ថានទូតជប៉ុនបានបកប្រែសំណេរជាភាសាជប៉ុន និងបានបង្ហោះលើ​បណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២ សីហាកន្លងមកនេះ។ សាររបស់​លោកមានខ្លឹមសារដូចតទៅ។

ជម្រាបសួរ ប្រជាជនកម្ពុជាជាទីរាប់អាន។ ខ្ញុំឈ្មោះ ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន។ ចាប់ពីថ្ងៃស្អែក ខ្ញុំធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូងក្នុងនាមជារដ្ឋមន្រ្តីការបរទេស។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុ ក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីអាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដង នៅក្នុងទូទាំងប្រទេសកម្ពុជា ការផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។

កាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តដល់ខ្ញុំផ្ទាល់ ហើយធ្វើ ឱ្យខ្ញុំរំភើបដោយដឹងថា មានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។

ក្នុងទស្សនកិច្ចលើកនេះ ខ្ញុំមានបំណងបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។ នាខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេ​សទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួម ដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការដើម្បីអនុវត្តន៍ សេចក្តីថ្លែងការណ៍រួមឱ្យចេញជាសហប្រតិបត្តិការជាក់ស្តែង ជាមួយប្រជាជនកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនឹងជួបពិភាក្សាជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាសមភាគីរបស់ខ្ញុំ ជាពិសេសអំពីវិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។

ខ្ញុំក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ។ ខ្ញុំសូមសម្តែងនូវការគោរព ចំពោះឯកឧត្តម ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលកិច្ចប្រជុំទាំងនេះ ក្នុងនាមជាប្រធានអាស៊ាន។

សហគមន៍អន្តរជាតិ កំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានា ដែលធ្វើឡើងក្នុងស្ថានភាពបែបនេះ មានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់។

លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរ ក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរ។

ខ្ញុំសូមជូនពរ សូមឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here