លោកឧកញ៉ាហួត អៀងតុងៈ អ្នកទទួលបានឥណទានពីធនាគារ គួរតែមានមោទនភាពដែលធនាគារផ្តល់ប្រាក់ឲ្យគាត់ខ្ចី

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន បានផ្លាស់ប្តូរឥរិយាបទ ដោយងាកមកប្រើប្រាស់ឥណទាន ពីធនាគារកាន់តែច្រើន ខណៈកាលពីមុនពួកគាត់គិតថា ការប្រើប្រាស់ឥណទាន ឬខ្ចីលុយពីធនាគារជារឿងខ្មាស់អៀន។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា បច្ចុ​ប្បន្ននេះ មានប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ បានប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារនានា ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួន នៅតែបន្តប្រើប្រាស់កម្ចីជាលក្ខណៈឯកជន ដែលមានការប្រាក់ខ្ពស់ ដែលបង្កជាហានិភ័យដល់ពួកគាត់ ដែលបញ្ហានេះបណ្តាលមកពីពួកគាត់ នៅមានភាពខ្មាស់អៀន។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា “អ្នកចង់បានឥណទានពីធនាគារ មិនគួរខ្លាចឬខ្មាស់អៀនទេ ពួកគាត់គួរមានមោទនភាព ដែលធនាគារហ៊ានឲ្យលុយពួកគាត់ខ្ចី”។ លោកបន្តថា “គាត់គួរគិតថា គាត់ជាមនុស្សអស្ចារ្យ ទើបធនាគារឲ្យពួកគាត់ខ្ចី ព្រោះបើគាត់មិនអស្ចារ្យ មិនត្រឹម​ត្រូវទេ គាត់មិនច្បាស់លាស់ទេ ធនាគារក៏មិនឲ្យគាត់ខ្ចីដែរ”។

លោកឧកញ៉ាបានបន្តថា មុនពេលសម្រេចផ្តល់កម្ចី ឬឥណទានទៅម្ចាស់អាជីវកម្ម ឬប្រជាពលរដ្ឋ គឺធនាគារបានជួយច្រើនដល់អ្នកមានបំណងចង់ទទួលបានឥណទាន គឺយើងតែងតែឆែកឯកសារចំណូល ចំណាយ ប៉ុន្តែអតិថិជនមួយចំនួនយល់ថា ជាការរំខាន ប៉ុន្តែតាមពិតយើងជួយគាត់ទៅវិញទេ ទាក់ទងនឹងប្រភពចំណូល និងចំណាយរបស់គាត់។

លោកបន្តថា“បើយើងឃើញថាចំណាយរបស់គាត់ ច្រើនជាងចំណូល យើងនឹងផ្តល់យោបល់ឲ្យគាត់ប្រុងប្រយ័ត្ន ឬឈប់ធ្វើជំនួញនោះ ប៉ុន្តែបើចំណូលច្រើនជាងចំណាយ ធនាគារនឹងមិនខ្លាច ក្នុងការផ្តល់ឥណទានទៅគាត់នោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here