ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២២និងឆ្នាំ ២០២៣នេះ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនូវព្រឹត្តិការណ៍អន្តរជាតិចំនួន២ ក្នុងនោះឆ្នាំ២០២២នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងឆ្នាំ២០២៣ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលព្រឹត្តិការណ៍ទាំងពីរនេះនឹងនាំមកនូវទេសចរ អ្នកជំនួញ វិនិយោគិនបរទេសចូលមកកាន់តែច្រើនឡើងវិញ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅចុងឆ្នាំនេះ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងទទួលបានវិនិយោគិនបរទេស ដែលចូលមកស្វែងរកការបណ្ដាក់ទុនវិនិយោគឡើងវិញ ដូច្នេះពេលនោះដែរ វិនិយោគក្នុងស្រុកគួរតែត្រៀមខ្លួនក្នុងការទទួលយកវិនិយោគិនបរទេសឡើងវិញ។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ដែលមាន១០ឆ្នាំម្ដង ហើយក្នុងឆ្នាំនោះដែរ កម្ពុជានឹងផ្សព្វផ្សាយពីសក្ដានុពល ការវិនិយោគ សេដ្ឋកិច្ចរបស់ខ្លួនដល់បណ្ដាវិនិយោគិនមកពីបណ្ដាប្រទេសអាស៊ាន និងប្រទេសជាច្រើនទៀត។
អ្នកស្រីបន្តថា “មិនថាតែកិច្ចប្រជុំអាស៊ាន ឬកិច្ចប្រជុំណានោះទេ បើសិនជាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះនឹងធ្វើឱ្យកម្ពុជាកាន់តែ មានឈ្មោះល្បីនៅលើឆាកអន្តរជាតិ ហើយមានជនបរទេសជាច្រើននឹងសិក្សាពីកម្ពុជា ចូលមករកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដូច្នេះនៅក្រោយកិច្ចប្រជុំនេះ កម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតជាក់ជាមិនខាន”។
ដោយឡែក អ្នកស្រីហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានឱ្យដឹងផងដែរថា នៅក្នុងឆ្នាំ២០២៣ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់នូវព្រឹត្តិការណ៍កីឡាមួយទៀត គឺកីឡាស៊ីហ្គេម។ ព្រឹត្តិការណ៍នេះនឹងមានជនបរទេសកាន់តែច្រើនចូលមកកម្ពុជា ពេលនេះ ទេសចរណ៍ និងការធ្វើជំនួញក្នុងប្រទេសកម្ពុជារំពឹងថានឹងមានកំណើនខ្ពស់ឡើងវិញ។
អ្នកស្រីបន្តថា នៅក្រោយព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិនេះ នឹងមានជនបរទេសកាន់តែច្រើនចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ហើយក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅ នឹងមានអ្នកមកទស្សនាផង មកមើលពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានលើកឡើងផងដែរថា នៅរយៈពេលពីរទៅបីខែខាងមុខនេះ វិនិយោគិនបរទេស ជាពិសេស វិនិយោគិនចិន នឹងចូលមកកាន់កម្ពុជាឡើងវិញ ស្របពេលប្រទេសមួយចំនួនមានជនជាតិចិនចូលទៅច្រើនហើយ។
លោកបន្តថា កម្ពុជាជាប្រទេសមានគោលនយោបាយល្អ មួយជាមួយប្រទេសចិន អញ្ចឹងហើយយើងរំពឹងខ្ពស់ពីការហូរចូលរបស់ជនជាតិចិន នៅក្នុងប្រទេសកម្ពុជា។ ចិនដែលមកកម្ពុជានឹងមានទេសចរជនជាតិចិន វិនិយោគិនចិន ហើយពេលនោះតម្រូវការអចលនទ្រព្យដូចជាខុនដូ ដីធ្លីអភិវឌ្ឍន៍ នឹងមានកំណើនឡើងវិញ៕