លោកបណ្ឌិតគីម ហ៊ាងបង្ហើបពីវិធីសាស្រ្តទិញដីធ្លីឲ្យបានតម្លៃល្អឬតម្លៃក្រោមទីផ្សារ

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia​ដែលជាបុគ្គលជោគជ័យ ក្នុងទីផ្សារដីធ្លីមួយរូប បានចែករំលែកវិធីសាស្រ្តធ្វើយ៉ាងណាទិញដីឲ្យបានតម្លៃល្អឬតម្លៃក្រោមទីផ្សារ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៣ សីហាកន្លងមកថា ការទិញដីដែលមានតម្លៃល្អ ឬតម្លៃក្រោមទីផ្សារគឺរកទិញដីណា ដែលម្ចាស់ចង់លក់ពិតប្រាកដ ដែលពួកគាត់អាចមានបញ្ហាបំណុល ឬបញ្ហាដទៃទៀត។

លោកបណ្ឌិតបានបន្តថា “អ្នកលក់ដីធ្លីមានច្រើន ប៉ុន្តែតម្លៃដែលដាក់លក់ភាគច្រើនតម្លៃខ្ពស់ជាងទីផ្សារ ហេតុនេះបើចង់ទិញដីបានតម្លៃក្រោមទីផ្សារ យើងត្រូវសិក្សានិងរកទិញដី អ្នកដែលមានដីចង់លក់ពិតប្រាកដ”។​លោកបន្តថា “ដីដែលមានតម្លៃក្រោមទីផ្សារឬដីមានតម្លៃល្អ មិនពិបាកនោះទេ នៅពេលយើងមានកេរ្ត៍ឈ្មោះ មានក្រុមហ៊ុនល្អ គេ(អ្នកលក់ដី)នឹងរត់មករកយើងដោយខ្លូនឯង”។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា អ្វីសំខាន់យើងត្រូវកសាងកេរ្ត៍ឈ្មោះយើងឲ្យបានល្អ នៅពេលនោះគេនឹងរត់មករកយើង ប្រៀបដូចអ្នកកាសែតខ្លាំងម្នាក់ អ្នកចង់ផ្សាយព៌តមានគេនឹងរត់ ទៅរកអ្នកកាសែតរូបនោះ ប៉ុន្តែអ្នកកាសែតមិនល្បី គឺតែងតែស្វែងរកព៌តមានដោយខ្លួនឯង។

លោកបន្តថា “នៅពេលយើងល្បី យើងកសាងកេរ្ត៍ឈ្មោះបានល្អ ដូចក្រុមហ៊ុនខ្ញុំជាដើម តែងតែមានអ្នកចង់លក់ និងអ្នកស្វែងរកទិញមកជួប១០ទៅ២០នាក់ជារៀងរាល់ថ្ងៃ”។ លោកបន្តថា “នៅក្នុងមុខជំនួញមួយ ការកសាងកេរ្ត៍ឈ្មោះឲ្យបានល្អ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាភាគជោគជ័យរបស់ខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here