ដោយៈ សុខុម
គូឡាឡាំពួ: ក្រុមហ៊ុនអភិវឌ្ឍន៍បានទម្លាយឱ្យដឹងថា អគារខ្ពស់បំផុតប្រចាំអាស៊ីអាគ្នេយ៍ និងខ្ពស់បំផុតទី២ ក្នុងពិភពលោកគ្រោងនឹងសាងសង់បញ្ចប់ជាស្ថាពរ នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៥ ខែសីហា។
នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៦ PNB Merdeka Ventures លោក Ab Aziz Tengku Mahmud បានគូសបញ្ជាក់ថា ការងារសាងសង់អគារកប់ពពក ដែលមានឈ្មោះថា Merdeka 118 Tower នៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនេះ សម្រេចបាន៩២%ហើយ ហើយកំពុងតែបន្តមានវឌ្ឍនភាពទៅមុខ។
អគារកប់ពពក Merdeka 118 Tower មានកម្ពស់៦៧៨,៩ម៉ែត្រ ដោយដណ្ដើមតំណែងជើងឯក ពីអគារកប់ពពក Landmark 81 កម្ពស់៤៦១,២ម៉ែត្រនៅក្រុងហូជីមិញ ប្រទេសវៀតណាម ក្លាយជាអគារខ្ពស់បំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍។
យោងតាមការចុះផ្សាយរបស់គេហទំព័រ thetowerinfo ឱ្យដឹងថា អគារកប់ពពកនេះ ត្រូវបានសាងសង់ឡើង ក្រោមទុនវិនិយោគរហូតដល់ទៅ១,៥ពាន់លានដុល្លារអាមេរិក។
អគារកប់ពពកនេះ បង្កប់នូវអត្ថន័យដ៏គួរឱ្យចាប់អារម្មណ៍ ដែលយើងនឹងស្មានមិនដល់ ដោយពាក្យ Merdeka មានន័យថា “ឯករាជ្យ” ចំណែកឯលេខ 118 តំណាងឱ្យចំនួនជាន់នៃអគារនេះ ពោលគឺ១១៨ជាន់។
អគារនេះមានផ្ទៃបាត ដល់ទៅ២៨៧.៩៩៩ម៉ែត្រការ៉េ ចំណែកឯផ្ទៃការិយាល័យ ដែលអាចជួលបានមានទំហំរហូតដល់១៥៧.៩៣៥ម៉ែត្រការ៉េ ហើយជាន់កំពូលចំនួន១៧ជាន់ នឹងទុកធ្វើជាសណ្ឋាគារ Park Hyatt Hotel ដំបូងគេបង្អស់នៅក្នុងប្រទេសម៉េឡេស៊ី។
លោក Ab Aziz បានទម្លាយឱ្យដឹងថា ក្រុមហ៊ុន PNB Merdeka Ventures ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិនិយោគរដ្ឋ ម៉ាឡេស៊ី Permodalan Nasional គ្រោងជួល៧០% នៃអគារនេះសម្រាប់បណ្ដាក្រុមហ៊ុនក្នុងស្រុក ហើយ៣០%សម្រាប់បណ្ដាក្រុមហ៊ុន ពហុជាតិសាសន៍។
លោកបានបន្ថែមថា កន្លែងដ៏សំខាន់ដែលភ្ញៀវទេសចរណ៍ ត្រូវទៅលេងនៅអគារនេះ គឺកន្លែងគយគន់ទេសភាព ដែលខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។
សំបុត្រចូលទស្សនា នឹងមានលក់តាមអនឡាញសម្រាប់អ្នក ដែលចាប់អារម្មណ៍ ចង់គយគន់ទេសភាពដ៏អស្ចារ្យ នៃផ្ទៃមេឃក្នុងទីក្រុងគូឡាឡាំពួ៕ The Star៕