ដោយៈស៊ីវម៉េង
ភ្នំពេញ អ្នកជនាញផ្នែកអចលនទ្រព្យ ពិសេសជាអ្នកជំនាញផ្នែកទិញលក់ដីធ្លីបានប្រាប់ពីលក្ខខ័ណ្ឌដីមួយចំនួន ដែលអ្នកវិនិយោគមិនគួរទិញនោះទេ ដោយសារវាពិបាកក្នុងការលក់ចេញ។
លោកឧកញ៉ាកាង សុធីអគ្គនាយអគ្គនាយកនៃក្រុមហ៊ុន Century21 Land Station Real Estateបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការវិនិយោគដីធ្លីអ្នកណាក៏ចង់លក់ឆាប់ដាច់ និងទទួលបានផលចំណេញលឿនដែរ ប៉ុន្តែលក្ខខ័ណ្ឌទីតាំង សណ្ឋានដីពិតជាកត្តាសំខាន់ ដើម្បីឲ្យដីរបស់ខ្លួនលក់ឆាប់ដាច់ និងទទួលបានផលចំណេញខ្ពស់។
ទីតាំងនៅជុំវិញវត្តអារ៉ាម
-->
លោកឧកញ៉ាកាង សុធីបានឲ្យដឹងថា ទោះជាប្រជាជនខ្មែរនិយមទៅធ្វើបុណ្យនៅវត្តអារ៉ាមក្តី តែទីតាំងដីដែលនៅក្បែរវត្តអារ៉ាម ទាំងខាងមុខខាងក្រោយ និងជាប់របងវត្ត ពិតជាដីមិនងាយលក់ចេញនោះទេ ទោះជាដីនោះមានតម្លៃទាបជាងទីផ្សារក៏ដោយ។ លោកបន្តថា ដីនៅតាមជុំវិញវត្តអារ៉ាម ពិតជាមិនងាយទាក់ទាញ ការចាប់អារម្មណ៍ច្រើននោះទេ និងមិនងាយលក់ចេញបានឡើយ។
ដីមានផ្នូរឬម៉ុងខ្មោចនៅក្បែរ
ជាទូទៅមនុស្សណាក៏ស្លាប់ដែរ តែពេលស្លាប់ពួកគេនឹងក្លាយជាខ្មោច ។ ហេតុនេះទីតាំងដីដែលនៅក្បែរផ្នូរខ្មោច ឬចេតិយ មិនគួរទិញនោះទេ ដោយសារមនុស្សមិនចូលចិត្តផ្នូរ ឬម៉ុងខ្មោចនោះឡើយ។
ការទិញដីមានទីតាំងបែបនេះ ពិតជាពិបាកលក់ចេញ និងមិនងាយបានផលចំណេញ។

រូបរាងឬសណ្ឋានដី
រូបរាងឬសណ្ឋានដីក៏មានសារៈសំខាន់ ដើម្បីទាក់ទាញអ្នកទិញបន្ត ឬអ្នកវិនិយោគផងដែរ ព្រោះបើរាងដីមិនសមស្រប និងមានសណ្ឋានវៀច ពិតជាមិនធ្វើឲ្យដីនោះងាយលក់នោះទេ ហើយវាក៏មិនឡើងថ្លៃលឿនដែរ។
លោកកាង សុធីបានឲ្យដឹងថា ដើម្បីដឹងពីរាងឬសណ្ឋានដីណាមួយ សូមកុំមើលនឹងភ្នែកទទេ តែត្រូវសុំប្លង់ម្ចាស់ដីយកមកមើល ទើបយើងអាចដឹងថារាងឬសណ្ឋានដីនោះមានលក្ខណៈដូចម្តេច។
ការខ្ចីប្រាក់ពីធនាគារ ដែលគ្មានលំហូរសាច់ប្រាក់គ្រប់គ្រាន់
ការខ្ចីប្រាក់ឬឥណទានពីធនាគារ ជារឿងគួរឲ្យប្រុងប្រយ័ត្នមួយ ព្រោះអ្នកវិនិយោគឬទិញដីធ្លី ត្រូវសិក្សាលំហូរសាច់ប្រាក់របស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានបញ្ហាហិរញ្ញវត្ថុ នៅពេលដីជាប់គាំង ឬលក់មិនចេញ។
លោកឧកញ៉ាកាង សុធីបានបញ្ជាក់ថា ដីធ្លីនៅតំបន់ណាមួយអាចជាប់គាំងមួយរយៈ និងកញ្រ្ជោលតម្លៃឡើងខ្ពស់ភ្លាមៗ ហើយតម្លៃដីធ្លីមិនកើនឡើងគ្រប់តំបន់នោះទេ ហេតុនេះការសិក្សាពីចរន្តសាច់ប្រាក់របស់យើង បើសិនជារកឃើញថា លំហូរសាច់ប្រាក់របស់យើងមិនរលូន និងមិនធានាបាននូវការជាប់គាំងណាមួយ មិនគួរប្រើប្រាស់ឥណទានពីធនាគារដើម្បីវិនិយោគទិញដីធ្លីនោះទេ៕
