លោកឧកញ៉ាហួត អៀងតុងៈ ធនាគាររីកចម្រើនទើបសេដ្ឋកិច្ចជាតិ មានភាពរីកចម្រើន

0

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ ធនាគារនានានៅកម្ពុជាបានបន្តរីកចម្រើន និងពង្រីកសាខាជាបន្តបន្ទាប់ ស្របពេលកម្រិតនៃការផ្តល់ឥណទាន បានកើនឡើងយ៉ាងល្អ​ប្រសើរ ជាសារមួយបញ្ជាក់ពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានបញ្ជាក់កាលពីសប្តាហ៍មុនថា នៅពេលធនាគាររីកចម្រើន ទើបសេដ្ឋកិច្ចជាតិមានការរីកចម្រើន ហើយអ្វីដែលយើងសង្កេតឃើញ គឺមានសមាគមសហគ្រិនជាច្រើនបានបង្កើតឡើង ដែលជារឿងមួយល្អ សម្រាប់សេដ្ឋកិច្ចក្រុមគ្រួសារនិមួយៗ និងសេដ្ឋកិច្ចប្រទេសរបស់យើងមានភាពរីកចម្រើន។

លោកឧកញ៉ាបានបន្តថា “សារពីស្ថាប័នធនាគាររបស់យើង គឺយើងមានភាពរីករាយ ដែលសហគ្រិនទាំងនោះមានការរីកចម្រើន ហើយយើងរីករាយក្នុងការផ្តល់ទុនដល់ពួកគាត់ បើសិនជាពួកគាត់ត្រូវការទុនពង្រីកអាជីវកម្ម”។ លោកបន្តថា “កាលណាយើងដាក់ទុន លើជំនួញរបស់គាត់កាន់តែច្រើន បានន័យថាយើងចាក់បញ្ចូលហិរញ្ញវត្ថុទៅក្នុងទីផ្សារ ដែលធ្វើឲ្យទីផ្សារបង្កើតបានកំលាំងនៃការទិញ លក់ កាន់តែច្រើនឡើង និងជួយជម្រុញដល់សេដ្ឋកិច្ចរបស់យើង។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា វិស័យធនាគារបានចាក់ទុន​ជាង៣២ពាន់លានដុល្លារចូលក្នុងទីផ្សារ ដែលវាបានបង្កើតកំលាំងទិញនៅក្នុងទីផ្សារ និងចរន្តសេដ្ឋកិច្ចបានល្អ ស្របពេលទំនុកចិត្តរបស់សាធារណៈជន​លើវិស័យធនាគារ បានកើនឡើងគួរឲ្យកត់សំគាល់។

យោងតាម​របាយការណ៍​​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC​)បានបង្ហា​ញថា ប្រាក់កម្ចី​តាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ដល់៥១,៥​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែមិថុនា​ឆ្នាំនេះ ពោលគឺ​កើនឡើង២៣,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​កាលពី​ឆ្នាំមុន ខណៈដែល​ប្រាក់​បញ្ញើ​របស់​អតិថិជន បាន​កើនឡើង១៦​ភាគរយ​ដល់៤២​ពាន់​លាន​ដុល្លារ​។

យោងតាម​របាយការណ៍ដដែលបានបង្ហាញថា ប្រាក់កម្ចី​មិន​ដំណើរការ (NPLs) នៅតាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្ថិតក្នុង​អត្រា​អាច​គ្រប់គ្រងចំនួន២,៦​ ភាគរយ និង២,៣​ភាគរយ​រៀង​គ្នា​៕

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here