តើអនាគតទីផ្សារបុរីនៅកម្ពុជានឹងវិវត្តដូចទីផ្សារខុនដូឬយ៉ាងណា?

0

ដោយ៖ សុផារី

ភ្នំពេញ៖ កំណើនប្រជាជនហូរចូលមកក្នុងរាជធានីភ្នំពេញ និងទីប្រជុំជន បានបង្ហាញពីតម្រូវការលើសលុបនៃការស្នាក់នៅ ដែលត្រូវបានមើលឃើញថាជាឱកាសអាជីវកម្មលំនៅឋាន។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍបុរីមានចំនួនច្រើនឡើង ទាំងអ្នកអភិវឌ្ឍន៍ក្នុងស្រុក និងបរទេស​បានហក់ចូលមកកាន់ទីផ្សារមួយនេះ ហើយរំពឹងថា នឹងនៅបន្តទទួលបានផលចំណេញពីទីផ្សារមួយនេះ។

មានចម្ងល់ថាតើ នៅក្នុងរយៈពេល១០ឆ្នាំទៀត តើអនាគតទីផ្សារបុរី នៅក្នុងរាជធានីភ្នំពេញ នឹងមវិវត្តដូចទីផ្សារខុនដូឬយ៉ាងណា?

អ្នកនាង គឹម គិនកេសា អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍កាលពីពេលថ្មីៗថា “នាពេលថ្មីៗនេះ មានសំណួរពាក់ព័ន្ធនឹងអនាគតរបស់ទីផ្សារបុរីនឹងវិវត្តិទៅជាយ៉ាងណា ស្របពេលដែលវត្តមានគម្រោងបុរី និងអ្នកអភិវឌ្ឍន៍ទាំងតូច ទាំងធំបានឈានជើងចូលមកក្នុងប្រទេសកម្ពុជា នៅក្នុងកំឡុងឆ្នាំ២០២១ និងឆ្នាំ២០២២”។

អ្នកនាងបន្តថា “យើងក៏កំពុងតាមដានយ៉ាងជិតដិតលើបញ្ហាដែលត្រូវបានលើកយកមកសាកសួរថា តើបុរីនឹងកំពុងតែដើរគន្លងដូចជាខុនដូដែរទេ”។

អ្នកនាងកេសាលើកឡើងថា យ៉ាងណា ទីផ្សារទាំងពីរនេះមានភាពខុសគ្នា ត្រង់ថា អ្នកអភិវឌ្ឍន៍បុរីមានភាពបត់បែនខ្ពស់ជាងខុនដូ លើលំហូរសាច់ប្រាក់ និងដំណើរការនៃការសាងសង់។ បុរីមានការងភិវឌ្ឍន៍ជាលក្ខណៈផ្តេក (Horizontal Format of Development) ដែលអាចឱ្យផ្អាក បញ្ឍប់ ឬបន្តគម្រោង ឬរៀបចំដំណើរការសាងសង់តាមស្ថានភាពជាក់ស្តែងស្របនឹងអត្រាការលក់ ​(Sale Progress)។

អ្នកនាងលើកឡើងថា “ដូច្នេះហើយ វាមានភាពស្មុគស្មាញតិចជាង ទីផ្សារខុនដូដែលអ្នកអភិវឌ្ឍន៍ត្រូវតែបញ្ចប់គម្រោងអាគាររបស់ខ្លួន ទោះបីជាលក់ដាច់ត្រឹមតែ៥០ភាគរយ ឬ៣០ភាគរយក្តី”។

លោក អ៊ូ វីរៈ ប្រធាន និងជាស្ថាបនិកវេទិការអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ បានលើកឡើងថា នៅក្នុងរយៈពេល១០ឆ្នាំទៀត ទីផ្សារបុរីនឹងធ្លាក់ថ្លៃ ដែលបណ្តាលមកពីវិស័យសេដ្ឋកិច្ច។​ លោកថា នៅក្នុងពេលនោះ សំណង់បុរីនឹងមានការសាងសង់ច្រើនលើសពីតម្រូវការជាក់ស្តែង ហើយការរស់នៅក្នុងបុរីពិបាកនៅក្នុងការប្រកបរបរអាជីវកម្មបែបគ្រួសារបាន ដោយសារតែការប្រកួតប្រជែងពីសំណាក់ហាងលក់ទំនិញធំៗ។

លោកបានសរសេរនៅលើហ្វេសប៊ុក​ផ្លូវការរបស់លោកថា “ផ្ទះល្វែងនឹងធ្លាក់តម្លៃនៅ១០ឆ្នាំខាងមុខ”។

លោកបានបញ្ជាក់បន្ថែមថា “មូលហេតុមាន​ច្រើន ប៉ុន្តែមូលហេតុធំបំផុតនោះ គឺបណ្តាលមកពីវិស័យសេដ្ឋកិច្ច។ ពីដើមគ្រួសារណាក៏អាច​បើករបរនៅផ្ទះជាខ្នាតគ្រួសារ (micro business)។ ផ្ទះល្វែងពិបាករស់នៅ ពិបាករកស៊ី បើកចាប់ហួយលែងកើត​ដោយសារការប្រកួតបើកហាង ហើយសាងសង់លើស។ល។”។

លោកបន្តថា “ផ្ទះល្វែងមានរចនាបទសម្រាប់រស់ ផងរកផង។ បន្តិចទៀតរស់ក៏មិនស្រួលរកក៏ពិបាក”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here