ហុងកុងពិចារណាលើកលែងពន្ធប្រថាប់ត្រាលើអចលនទ្រព្យសម្រាប់អ្នកទិញមកពីចិនដីគោក?

0

សុខុម

ហុងកុង: រដ្ឋាភិបាលក្រុងហុងកុង បានចេញមុខបដិសេធនៅថ្ងៃអង្គារ ទី៩ ខែសីហា នេះថា ខ្លួនគ្មានគម្រោងលើកលែងពន្ធប្រថាប់ត្រាលើអចលនទ្រព្យសម្រាប់អ្នកទិញមកពីចិនដីគោក (ចិនប៉េកាំង) ដូចដែលសារព័ត៌មានបានចុះផ្សាយនោះឡើយ។

អ្នកនាំពាក្យការិយាល័យលេខាធិការដ្ឋានហិរញ្ញវត្ថុ (Financial Secretary’s Office) នៃក្រុងហុងកុង បានចេញសេចក្តីថ្លែងការណ៍ថា “រដ្ឋាភិបាលក្រុងហុងកុង បានបញ្ជាក់យ៉ាងច្បាស់ហើយថា ខ្លួនគ្មានផែនការធ្វើបែបនេះទេ”។

ភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅក្រុងហុងកុង បានហក់ឡើងខ្ពស់ភ្លាមៗបន្ទាប់ពីសារព័ត៌មានចុះផ្សាយនៅព្រឹកថ្ងៃនេះថា រដ្ឋាភិបាលហុងកុង បានពិចារណាលើកលែងពន្ធប្រថាប់ត្រាលើអចលនទ្រព្យសម្រាប់អ្នកទិញមកពីចិនដីគោក។

តួយ៉ាង ភាគហ៊ុនរបស់ក្រុមហ៊ុន New World Development Co បានហក់ឡើងថ្លៃរហូតដល់ទៅ៦,១%កាលពីព្រឹកនេះ។

ទន្ទឹមនេះភាគហ៊ុនរបស់ក្រុមហ៊ុន Sun Hung Kai Properties បានហក់ឡើងថ្លៃ២,៦% ចំណែកឯភាគហ៊ុនរបស់ក្រុមហ៊ុន CK Asset Holdings និងក្រុមហ៊ុន Henderson Land Development បានហក់ឡើងថ្លៃជាង១%។

ទោះជាយ៉ាងណា ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះក៏បានធ្លាក់ចុះវិញស្រឹបៗ ក្រោយរដ្ឋាភិបាលក្រុងហុងកុង ចេញមុខអះអាង និងច្រានចោលដំណឹងនេះ។

លោកស្រី Regina Ip ដែលជាអ្នករៀបចំកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រតិបត្តិរបស់រដ្ឋាភិបាលក្រុងហុងកុង បានប្រាប់ទូរទស្សន៍ Bloomberg TV នៅព្រឹកថ្ងៃអង្គារ នេះថា ក្រុងហុងកុង អាចនឹងពិចារណាការលើកលែងពន្ធប្រថាប់ត្រាបន្ថែមលើអចលនទ្រព្យប្រភេទលំនៅដ្ឋានសម្រាប់អ្នកទិញមកពីចិនដីគោក ដើម្បីជំរុញសេដ្ឋកិច្ច។

ប៉ុន្តែក្រោយមក អ្នករៀបចំកិច្ចប្រជុំរូបនេះបានបញ្ជាក់ប្រាប់វិទ្យុពាណិជ្ជកម្មហុងកុង (Commercial Radio Hong Kong) ថា វាគ្រាន់តែជាសំណើពីគណបក្សប្រជាជនថ្មី (New People’s Party) របស់លោកស្រីទៅកាន់រដ្ឋាភិបាលប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃនេះឱ្យដឹងថា អ្នករស់នៅអចិន្ត្រៃយ៍នៅហុងកុង ត្រូវបង់ពន្ធប្រថាប់ត្រា៤,២៥%លើការទិញផ្ទះដំបូងរបស់ពួកគេ ប៉ុន្តែអ្នកទិញជាជនបរទេសរួមទាំងអ្នកដែលមកពីចិនដីគោក ផងត្រូវបង់សរុបរហូតដល់ទៅ៣០%ឯណោះ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនស្ទង់មតិ Demographia បានដាក់ចំណាត់ថ្នាក់ក្រុងហុងកុង ជាទីផ្សារលំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោករយៈពេល១២ឆ្នាំជាប់ៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here