កំណើនតម្រូវការតម្លៃដីធ្លីក្នុងខេត្តត្បូងឃ្មុំហក់ឡើងខ្ពស់ និងទាក់ទាញវិនិយោគិនរយៈពេលវែង

0

ដោយៈ សុផារី

ត្បូងឃ្មុំៈ ក្រោយបង្កើតរដ្ឋាភិបាលខេត្តកូនពៅ ដីធ្លីនៅជុំវិញខេត្តត្បូងឃ្មុំមានតម្រូវការខ្ពស់ខ្លាំង ដោយបានជំរុញឱ្យតម្លៃដីធ្លីនៅជុំវិញខេត្តថ្មីមួយនេះមានការហក់ឡើងខ្ពស់មិនធ្លាប់មាន។ អ្នកជំនាញក្នុងមូលដ្ឋានអះអាងថា ទោះបីជាខេត្តត្បូងឃ្មុំជាខេត្តថ្មីពិតមែន តែដីធ្លីនៅក្នុងរង្វង់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំមានតម្រូវការខ្ពស់ខ្លាំងណាស់ ហើយសក្តិសមសម្រាប់ការវិនិយោគរយៈពេលវែង។

លោក វីរៈ បុត្រ ប្រធានផ្នែកលក់នៃគម្រោងដីឡូត៍មួយក្នុងខេត្តត្បូងឃ្មុំ បានប្រាប់គេហទំព័រ Property Area Asia នៅថ្ងៃទី០៩ ខែសីហាឱ្យដឹងថា នៅពេលបង្កើតខេត្តត្បូងឃ្មុំដំបូង ទាំងប្រជាជន និងវិនិយោគិន នៅក្នុងខេត្តផ្ទាល់និងមកពីបណ្តាខេត្តនានា បានសម្រុកចូលមករកទិញដីធ្លីទុកទាំងសម្រាប់ការអភិវឌ្ឍ សាងសង់ផ្ទះសម្បែង និងទុកវិនិយោគ។

លោកបានបន្តថា “ក្រៅពីប្រជាជនក្នុងមូលដ្ឋាន អតិថិជនមកពីភ្នំពេញ ក្រចេះ សៀមរាប កំពង់ធំ ជាដើម ក៏មករកទិញទុកផងដែរ”។

យោងតាមលោកបុត្រ តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវសំខាន់ៗ បានកើនឡើងតម្លៃជាង៣ ទៅ៥ដង បើប្រៀបធៀបទៅនឹងមុនបង្កើតខេត្តថ្មី ដោយសារអ្នកវិនិយោគសម្លឹងថា នាពេលអនាគតនៃខេត្តត្បូងឃ្មុំនឹងទទួលបានចំណូលស្រុកនៃបណ្ដាប្រជាជនមកពីខេត្តនានាទូទាំងប្រទេស ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង នៅក្នុងទីរួមខេត្តមួយនេះត្រូវបានរៀបចំរួចរាល់ហើយ។

លោកឱ្យដឹងថា “ដីធ្លីនៅទីនេះ [ត្បូងឃ្មុំ] វិនិយោគរយៈពេលខ្លីមិនសូវឃើញផលឡើយ ដោយសារខេត្តយើងនៅក្មេងខ្ចី ប៉ុន្តែរយៈពេល៥ទៅ១០ឆ្នាំទៀត តម្លៃដីល្អៗ ដូចពេលនេះមិនមានទៀតទេ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវបានរៀបចំស្អាតនិងរួចរាល់អស់ហើយ នៅតែរង់ចាំប្រជាជនមករស់នៅបន្ថែមទៀត”។

ជាមួយគ្នានេះ លោក កែវ សារ៉ាត អាជីវករលក់ដូរ ដែលមានទីតាំងនៅជិតសាលារដ្ឋបាលខេត្តត្បូងឃ្មុំ និងជាអ្នករកស៊ីលើវិស័យដីធ្លីមួយរូបផងដែរនោះ បានបញ្ជាក់ប្រាប់ Property Area Asia ដូចគ្នាថា លោកសម្លឹងឃើញចរន្តទិញលក់ដីធ្លីមានច្រើន ក្នុងមួយរយៈចុងក្រោយនេះ។

លោកថា ភាគច្រើននៃអតិថិជនដែលមកស្វែងរកដីធ្លីទីនេះជាប្រជាជននៅក្នុងខេត្ត ឬតំបន់ផ្សេងដែលរំពឹងថា នឹងទទួលបានផលចំណេញខ្ពស់នៅពេលខាងមុខ។

លោកបញ្ជាក់ថា “គេទិញទុកចំណេញថ្ងៃក្រោយ ហើយភាគច្រើនទិញប្រភេទដីទំហំក្បាលដីធំៗ។ មានអ្នកអភិវឌ្ឍន៍មកសួរនាំខ្លះដែរ”។

លោកសារ៉ាតបន្ថែមទៀតថា ត្រឹមរយៈពេលមិនដល់៥ឆ្នាំ ការវិនិយោគដែលលោកធ្លាប់បានបោះទុនទិញដីធ្លីនៅក្នុងខេត្តត្បូងឃ្មុំ បានផ្តល់ផលត្រលប់រង្វង់៤ដង។ លោកបន្តថា ដីធ្លីនៅក្នុងខេត្តមួយនេះ គួរស្វែងរកដីទាំងឡាយណា មានទីតាំងជាប់ផ្លូវធំ ហើយជិតសាលារដ្ឋបាលខេត្ត ប្រសិនបើចង់ស្វែងរកផលចំណេញខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here