ដោយៈ សុផារី
ភ្នំពេញៈ បណ្តាខេត្តមួយចំនួនបានក្លាយជាទិសដៅវិនិយោគផ្នែកអចលនទ្រព្យច្រើន ក្រោយមានការអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងវិនិយោគលើវិស័យនានា។ យ៉ាងណាក្តី អ្នកជំនាញលើកឡើងថា ខេត្តមួយចំនួននៅបន្តមានការអភិវឌ្ឍន៍អចលនទ្រព្យខ្សោយ ដោយសារតែខ្វះខាតកត្តាសំខាន់ៗចំនួន៣។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asia ថា ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តណាមួយទាមទារឱ្យមានការរៀបចំផែនការ និងយកចិត្តទុកដាក់លើចំណុចសំខាន់ៗចំនួនបី ព្រមទាំងការអនុវត្តដ៏ច្បាស់លាស់មួយ។
លោកឧកញ៉ាបានលើកឡើងថា “យើងត្រូវបង្កើតយុទ្ធសាស្ត្ររបស់ខេត្តនីមួយៗ យើងត្រូវដឹងថាតើអ្វីជាសក្តានុពលធំបំផុតរបស់ខេត្ត ឬតំបន់ ដើម្បីទាក់ទាញប្រជាជនទៅរស់នៅទីនោះបាន មានមុខរបររកស៊ីបាន”។
បើយោងតាមលោកឧកញ៉ា កត្តាសំខាន់ចំនួន៣ ដែលនឹងអាចទាក់ទាញការអភិវឌ្ឍវិស័យអចលនទ្រព្យ នៅក្នុងខេត្តណាមួយ រួមមាន កត្តាទី១ ត្រូវមើលលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ កត្តាទី២ ប្រព័ន្ធថាមពលប្រើប្រាស់ និង កត្តាទី៣ ប្រព័ន្ធធារាសាស្ត្រ ដែលអាចធ្វើកសិកម្មបាន។
លោកលើកឡើងថា “យើងត្រូវបង្កើតផែនការផលិតផលិតផល ឬសេវាកម្មណាមួយ ទើបយើងអាចមានផែនការស្រូបទាញមនុស្សទៅបាន ទើបអាចមានការអភិវឌ្ឍ”។
លោកឧកញ៉ាលើកជាឧទាហរណ៍ ខេត្តបន្ទាយមានជ័យ ដែលមានរយៈចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ និងមិនសូវមានការអភិវឌ្ឍខ្លាំង មានអាកាសធាតុក្ដៅ មានដីធ្លីទំនេរវាលច្រើន រាជរដ្ឋាភិបាល និងក្រុមហ៊ុននានាអាចបង្កើតគម្រោងឧស្សាហកម្មថាមពលព្រះអាទិត្យធំមួយ ដែលអាចក្លាយជាទីតាំងផ្គត់ផ្គង់ថាមពលប្រចាំតំបន់ភាគពាយព្យនៃប្រទេសកម្ពុជាបាន។
លោកបានបន្តថា “នៅពេលមានសក្តានុពលខ្លាំងលើវិស័យថាមពល នោះរោងចក្រឧស្សាហកម្មនានានឹងហូរចូលមកជាបន្តបន្ទាប់ មានមនុស្សមករស់នៅច្រើន ហើយនឹងមានការអភិវឌ្ឍបន្តបន្ទាប់”៕