ដោយ៖ សុផារី
ភ្នំពេញ៖ តំបន់ជាយក្រុងភ្នំពេញ ជាទីតាំងសក្តានុពល ដែលតម្លៃអចលនទ្រព្យហក់ឡើងខ្ពស់ស្ទើរគ្រប់ទីកន្លែង។ ក្នុងនោះ តំបន់ក្រវាត់ក្រុងទី៣ជាទីតាំង ដែលកំពុងមានសក្ដានុពលទាំងបច្ចុប្បន្ន និងអនាគត ព្រោះថានៅទីនោះមានទីប្រជុំជនធំ និងគម្រោងអភិវឌ្ឍន៍គម្រោងលំនៅឋានធំៗជាច្រើនកំពុងកើតឡើង។
កញ្ញា កាំង ពេជ្រតារាវត្តី នាយកផ្នែកទីផ្សារនៃបុរី GB Residence បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសពិសេសជាមួយគេហទំព័រ Property Area Asia ថា គម្រោងលំនៅឋានបុរីធំៗជាច្រើនបានបោះទុនចូលទៅវិនិយោគនៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ដែលជាតំបន់សក្តានុពលថ្មីមួយ នៅជាយរាជធានីភ្នំពេញ។
កញ្ញាបន្តថា តំបន់ក្រវាត់ក្រុងទី៣ ជាទីតាំងដែលមានគ្រប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងអស់ និងផ្តល់នូវការរស់នៅងាយស្រួល ដូចនៅក្នុងតំបន់រណប ដោយសារតែមានទាំងសាលារៀន ផ្សារទំនើប និងអាចប្រកបរបរអាជីវកម្មបានទៀតផង។ នៅពេលអនាគត ក្រោយគម្រោងព្រលានយន្តហោះរួចរាល់ហើយ នោះនឹងមានចរន្តមនុស្សទៅរស់នៅច្រើនឡើង។
បើយោងតាមកញ្ញាវត្តី បានឱ្យដឹងថា អ្នកវិនិយោគិនសម្លឹងមើលឃើញតំបន់ក្រវាត់ក្រុងទី៣នេះជាទីក្រុងថ្មីមួយ និងជាគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងទាក់ទាញលំហូរប្រជាជនទៅរស់នៅក្នុងតំបន់នោះបានច្រើន។
កញ្ញាមានប្រសាសន៍ថា “បច្ចុប្បន្ននេះមានគម្រោងធំៗច្រើន បានដាក់គោលដៅទៅសាងសង់នៅទៅនោះ។ ប្រសិនបើទីនោះជាទីតាំងមិនមានការអភិវឌ្ឍ មិនមានហេដ្ឋារចនាសម្ព័ន្ធ ដូចជា មន្ទីរពេទ្យ សាលារៀន ផ្សារទំនើបធំៗ ដូចជាជីប ម៉ុង ប៉េង ហួត ជាដើម នោះអ្នកវិនិយោគមានទុនធំៗក៏មិនទៅអភិវឌ្ឍនៅទីនោះដែរ”។
កញ្ញាបញ្ជាក់បន្តថា “ទស្សនៈវិស័យរបស់អ្នកវិនិយោគសម្លឹងមើលថាតំបន់ផ្លូវជាតិលេខ២ ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី៣នេះ ជាឬទីតាំងល្អបំផុតសម្រាប់ការរស់នៅ បន្ទាប់ពីផ្លូវជាតិលេខ៦អា”។
អ្នកនាងបន្តថា តំបន់ក្រវាត់ក្រុងទី៣ជាតំបន់ ដែលមានសក្តានុពលខ្ពស់ ដោយគម្រោងធំៗជាច្រើន ដូចជា គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ព្រមទាំងផ្លូវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ លេខ១ និងផ្លូវជាតិលេខ២១ និងកំពង់ផែស្វ័យតភ្នំពេញផងដែរ។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានណែនាំថា សម្រាប់អ្នកមានសាច់ប្រាក់ក្នុងដៃសមល្មម អាចពិចារណាវិនិយោគទិញដីជាយក្រុងភ្នំពេញ តាមតំបន់នានាស្របតាមផ្លូវក្រវាត់ក្រុងទី៣ និងទី៤។ ការវិនិយោគនៅទីនោះ ត្រឹមតែមួយរយៈ នឹងទទួលបានប្រាក់ចំណេញ។
យោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់អង្គភាពអនុវត្តគម្រោង (PIU) ផ្លូវក្រវាត់ក្រុងខ្សែទី៣ បានឱ្យដឹងថា គិតត្រឹមថ្ងៃទីចុងខែកក្កដា ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែងជិត៥៣គីឡូម៉ែត្រ សម្រេចបានជាង៧៧ភាគរយហើយ។
ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាពិសេស ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ របស់មហាអនុតំបន់មេគង្គផងដែរ៕