ក្រុមហ៊ុនអន្តរជាតិមួយគ្រោងវិនិយោគតំបន់អេកូទេសចរណ៍លើដីទំហំជាង១០ហិកតាក្នុងខេត្តព្រះសីហនុ

0

ដោយៈ សុផារី

ព្រះសីហនុ៖ ក្រុមហ៊ុនផលិតថ្នាំពេទ្យមួយ បានស្នើសុំជួលដីបរិស្ថាន ក្នុងទំហំដីជាង១០ហិកតា នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយគ្រោងអភិវឌ្ឍន៍ ជាតំបន់អេកូទេសចរណ៍ ដោយគ្មានការកាប់ទន្ទ្រានព្រៃឈើ និងបំផ្លាញជម្រកសត្វព្រៃឡើយ ប៉ុន្តែរដ្ឋបាលខេត្តនៅមិនទាន់មានការសម្រេចយ៉ាងណានៅឡើយ។

លោកអភិបាលរងខេត្តព្រះសីហនុ និងក្រុមការងាររបស់ក្រសួងបរិស្ថាន បានចុះទៅត្រួតពិនិត្យទីតាំងភូមិសាស្ត្រ ដែលមានសក្តានុពលខាងវិស័យទេសចរណ៍ និងធម្មជាតិ ក្រោយពីក្រុមហ៊ុនផលិតថ្នាំពេទ្យមួយ បានស្នើសុំជួលដីបរិស្ថានក្នុងទំហំដីជាង១០ហិកតា នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ប៉ុន្តែ នៅមិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ។

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុន ហ្វាម៉ា ឃ៊ែរ បានស្នើជួលដី១០ហិកតា នៅជិតដីកម្មសិទ្ធិរបស់ខ្លួន ដែលកំពុងវិនិយោគ លើផលិតផលថ្នាំពេទ្យនៅកម្ពុជា និងអភិវឌ្ឍន៍ធុរេនដែលទទួលបានផលរាប់តោនក្នុងមួយឆ្នាំៗ។

លោកបានឲ្យដឹងថា “ការស្នើនេះ ក្នុងគោលបំណងអភិវឌ្ឍន៍ខាងវិស័យអេកូទេសចរណ៍ គ្មានការកាប់ទន្ទ្រានព្រៃឈើ និងបំផ្លាញជម្រកសត្វព្រៃឡើយ”។ លោកបន្តថា “អាជ្ញាធរពិនិត្យថាតើគម្រោងនោះ មានការប៉ះពាល់ដល់ជីវចម្រុះ និងសត្វព្រៃដែរឬទេ ដោយសារតំបន់នេះមានដំរីរស់នៅ ៥ក្បាល ប៉ុន្តែ ពួកវារស់នៅឆ្ងាយពីកន្លែងគ្រោងនឹងអភិវឌ្ឍន៍នោះ។ យ៉ាងណាមិញ សំណើរនេះ នៅមិនទាន់បានអនុម័តដោយក្រសួងនៅឡើយទេ”។

ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការសាងសង់ រូបព្រះពុទ្ធបដិមាដ៏ធំនៅតំបន់នោះ ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយក៏ផ្តល់ភាពងាយស្រួលដល់ប្រជាជន ដែលមានបំណងចង់ទៅធ្វើសមាធិ នៅលើភ្នំដែលមានទេសភាពស្រស់ស្អាតផង។

បន្ទាប់ពីមានការត្រួតពិនិត្យរួច ក៏មានកិច្ចពិភាក្សាលើសំណើរមួយនេះ ដោយមានការគាំទ្រលើគម្រោងអភិវឌ្ឍន៍ ភ្ជាប់នឹងធម្មជាតិនេះ ព្រោះជារឿងល្អ ក្នុងការថែរក្សាព្រៃឈើ និងអភិរក្សសត្វព្រៃនៅទីនោះ។ ការអភិវឌ្ឍអេកូទេសចរណ៍ គ្មានការកាប់ទន្រ្ទានព្រៃឈើឡើយ មានតែការអភិរក្សបន្ថែម ដែលទាំងនេះអាចជួយដល់បរិស្ថាន និងសេដ្ឋកិច្ចកម្ពុជាតាមវិស័យទេសចរណ៍។

លោកឡុង ឌីម៉ង់ បានបញ្ជាក់ថាថា “ប្រសិនមានការអនុញាតគម្រោ​ងនេះ យើងក៏បានស្នើឱ្យក្រុមហ៊ុនសហការ ជាមួយអង្គការអភិរក្សសត្វព្រៃ ជាពិសេសសត្វដំរី អាចរៀបចំផ្លូវដើរ កុំឱ្យមានផលប៉ះពាល់ដល់ដំរីនៅទីនោះ។ ដំរីនឹងអាចមានភាពទាក់ទាញភ្ញៀវទេសចរមកកម្សាន្តទីនេះច្រើន”។

លោកក៏បានស្នើសុំឱ្យមានការជ្រើសរើសយកពលរដ្ឋ នៅក្បែរនោះឱ្យមានការងារធ្វើ ជាមួយក្រុមហ៊ុន ប្រសិនបើ គម្រោងនេះអាចដំណើរការបានដើម្បីឱ្យពលរដ្ឋមានឱកាសបង្កើន សេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here