ដោយ គង់ សូរិយា
ភ្នំពេញ៖ ភ្ញៀវទេសចរណ៍ជាតិ និងអណ្តរជាតិបានសំរុកទៅទស្សនានៅតាមបណ្តាខេត្តភូមិភាគឥសាន្ត ក្នុងឳកាសបុណ្យឈប់សំរាកនាពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ រយៈពេលបីថ្ងៃកន្លងមកនេះ។
ប្រធានមន្ទីរទេសចរណខេត្តរតនគិរីលោកង៉ែត ពិទូបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៤ វិច្ឆិកានេះថា ក្នុងឳកាសឈប់សម្រាកបុណ្យអុំទូកឆ្នាំនេះ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនានៅខេត្តរតនៈគិរី មានចំនួនជាង១៨,០០០នាក់ កើនឡើង១១២ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបន្តថា ជាមួយនឹងកំនើនទេសចរណ៍នេះ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ដែលមានជាង១៤០០បន្ទប់នៅក្នុងខេត្ត គឺមានការខ្វះខាត ប៉ុន្តែតម្លៃមិនកើនឡើងខ្ពស់ខ្លាំងនោះទេ ទោះជាការផ្គត់ផ្គង់ មិនឆ្លើយតបនឹងតម្រូវការក្តី។
លោកបន្តថា “កំនើនភ្ញៀវទេសចរណ៍មកតំបន់នេះ ដោយសារកត្តាសុសន្តិភាព សុវត្ថិភាព កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បណ្តាញគមនាគមន៍មានភាពងាយស្រួល ការឈប់សំរាកមានរយៈពេលវែង ពិសេសតំបន់ភូមិភាគឥសាន្ត ជាគោលដៅទេសចរណ៍ធំមួយ ក្រៅពីខេត្តសៀមរាប និងតំបន់ឆ្នេរ។
លោកង៉ែត ពិទូបានបន្តថា ខេត្តរតនគិរីមានរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ដែលស្ថិត ក្នុងការចងក្រងរៀបចំដោយមន្ទីរទេសចរណ៍ខេត្តមានចំនួន១៤កន្លែង ប៉ុន្តែរមណីយដ្ឋានជាច្រើនទៀតក៏អាចកំសាន្តបានដែរ តែភាគច្រើនស្ថិតនៅក្នុងព្រៃជ្រៅ។
ខេត្តមណ្ឌលគិរី ក៏ទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកើនឡើងខ្ពស់ផងដែរ។ ដោយរយៈពេលបីថ្ងៃនេះ ភ្ញៀវទេសចរណ៍ទៅទស្សនាក្នុងខេត្ត កើនឡើងខ្ពស់រហូតដល់៦០ភាគរយផងដែរ ដោយភ្ញៀវទេសចរណ៍ទៅទស្សនាខេត្តមណ្ឌលគិរីមានចំនួនជាង២២,០០០នាក់ ក្នុងឳកាសឈប់សម្រាករយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក
អកអំបុក និងសំពះព្រះខែនេះ។ នេះបើតាមលោកគង់ វិមានប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។
លោកបន្តថា “ដោយសារកំនើនភ្ញៀវទេសចរកើនឡើងច្រើនបែបនេះ ធ្វើឲ្យបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ដែលមានជាង ១០០០បន្ទប់ មិនអាចឆ្លើយតបបាននឹងកំនើនភ្ញៀវ។ លោកបន្តថា “ភ្ញៀវទេសចរណ៍មួយចំនួនបានបោះតង់ ស្នាក់នៅតាមវត្តអារ៉ាមនិងតាមផ្ទះប្រជាពលរដ្ឋជាដើម។
ខេត្តមណ្ឌលគិរីបច្ចុប្បន្នមានរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍សរុបជាង២០ទីតាំង ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចទស្សនាកំសាន្តបាន៕