រដ្ឋាភិបាលចិន នឹងព្យាយាមបំពេញតម្រូវការហិរញ្ញប្បទានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដើម្បីសម្រាលវិបត្តិ

0

សុខុម

 

ប៉េកាំង: និយ័តករធនាគារ និងធានារ៉ាប់រងរបស់មហាយក្សចិន នឹងចេញសេចក្ដីណែនាំឱ្យបណ្ដាធនាគារពង្រីកការផ្ដល់ប្រាក់កម្ចីដើម្បីជួយដល់គម្រោងលំនៅដ្ឋានជាប់គាំងនានា ដែលមិនទាន់បានបញ្ចប់ ហើយនឹងព្យាយាមបំពេញតម្រូវការហិរញ្ញវត្ថុសមស្របរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងគោលបំណងសម្រាលវិបត្តិ។

 

កាសែតចិន 21st Century Business Herald បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី១២ ខែសីហា ថា ក្រុមមន្ត្រីនៅគណៈកម្មការនិយ័តកម្មធនាគារ និងធានារ៉ាប់រងចិន បានលើកឡើងអំឡុងសន្និសីទសារព័ត៌មានមួយថា ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុចំនួន៥បានសហការជាមួយអាជ្ញាធរថ្នាក់មូលដ្ឋានដើម្បីប្រគល់ផ្ទះជិត២៧.០០០យូនីតដល់អតិថិជនជាអ្នកទិញ។

 

កាលពីខែមុន អ្នកទិញផ្ទះទូទាំងប្រទេសចិន បានផ្ទុះការតវ៉ា និងគំរាមផ្អាកបង់ប្រាក់កម្ចីទិញផ្ទះ (បង់រំលស់) បន្ទាប់ពីគម្រោងសាងសង់ផ្ទះជាច្រើនត្រូវបានពន្យារពេល ឬជាប់គាំងពាក់កណ្ដាលទីដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះមានបញ្ហាហិរញ្ញវត្ថុ ឬជាប់គាំងលុយ។

 

ការធ្វើពហិការផ្អាកបង់ប្រាក់កម្ចីទិញផ្ទះនេះ បានធ្វើឱ្យកាន់តែជ្រួលច្របល់នៅក្នុងទីផ្សារអចលនទ្រព្យប្រទេសចិន ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរស្រាប់ទៅហើយ។

 

វិបត្តិទាំងនោះរួមមានដូចជាវិបត្តិបំណុលក្នុងចំណោមបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ អ្នកទិញផ្ទះបាត់បង់ទំនុកចិត្ត ហើយការលក់ផ្ទះធ្លាក់ចុះខ្លាំង ឬស្ងាត់ដូចចោរលួចសេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here