ក្នុងវិបត្តិអតិផរណា តើគួរវិនិយោគមួយណាល្អបំផុតរវាង សន្សំធនាគារ ទិញស្តុក ទិញមាស ឬទិញអចលនទ្រព្យ?

0

ដោយៈ សុផារី

ភ្នំពេញៈ ការវិនិយោគ វាជាជម្រើសរបស់លោក អ្នក ប៉ុន្តែការទទួលបានព៌តមាន និងចំណេះដឹងគ្រប់គ្រាន់ នឹងជួយអ្នកកាត់បន្ថយបាននូវហានិភ័យ និងរកបានផលចំណេញ។

នៅចុងខែកក្កដា ឆ្នាំ២០២២ Global Data បានបង្កើនការព្យាករណ៍អត្រាអតិផរណា នៅក្នុងពិភពលោក សម្រាប់ដំណាច់ឆ្នាំ២០២២ ពី២,៧ភាគរយ ទៅដល់៧,៥ភាគរយ។ ការព្យាករណ៍នេះជំរុញដោយ កំណើនតម្លៃនៃការរស់នៅ ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងថាមពល និងការរំខានសង្វាក់ផ្គត់ផ្គង់ពិភពលោក ដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

សម្រាប់ប្រទេសកម្ពុជា យោងតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២២ អតិផរណាជាមធ្យមនៅកម្ពុជា មានកម្រិត៦,៥% ខ្ពស់ជាងឆមាសទី២ ឆ្នាំ២០២១ ដែលមានអត្រា៣,៤% និងឆមាសទី១ ឆ្នាំ២០២១ ក្នុងកម្រិត២,៥%។

ក្នុងស្ថានភាពនេះ រវាងការដាក់សន្សំក្នុងធនាគារ វិនិយោគស្តុក វិនិយោគមាស និងវិនិយោគអចលនទ្រព្យ ក្នុងវិបត្តិអតិផរណា តើជម្រើសណាមួយជាជម្រើសល្អបំផុត?

ជាទស្សនៈវិនិយោគរបស់លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចល​នទ្រព្យ ERA ឱ្យដឹងថា ស្របពេលប្រឈមនឹងអតិផរណាខ្ពស់ នាពេលបច្ចុប្បន្ន ការវិនិយោគលើអចលនទ្រព្យ “ជាជម្រើសល្អបំផុត” រវាងជម្រើសទាំងបួនខាងលើ។

លោកបញ្ជាក់ថា “ក្នុងកាលៈទេសៈអតិផរណានេះ អ្នកវិនិយោគវៃឆ្លាតដឹងច្បាស់ណាស់ថា ត្រូវធ្វើអ្វីហើយ ហើយនេះក៏ជាពេលវេលា ដែលធ្វើឱ្យអ្នកមានកាន់តែមាន អ្នកក្រក្លាយជាអ្នកមាន និងធ្វើឱ្យអ្នកក្រកាន់តែក្រផងដែរ”។
លោកបន្តទៀតថា ក្នុងកាលៈទេសៈដែលមានអតិផរណា កើតមានឡើង នៅក្នុងប្រទេស និងក្នុងពិភពលោក អ្នកវិនិយោគនឹងពិចារណាលើបីចំណុច ដើម្បីរក្សាអំណាចនៃការទិញរបស់លុយរបស់គាត់បាន រវាងការយកលុយដាក់ធនាគារ ទិញមាស ទិញស្តុក និងទិញអចលនទ្រព្យ។

ជម្រើសទី១ ក្នុងករណីអ្នកវិនិយោគយកលុយដាក់ធនាគារ លោកគង្គា បញ្ជាក់ថា ជាទូទៅតម្លៃលុយធ្លាក់ចុះ ការយកលុយដាក់ធនាគារមិនបានប្រយោជន៍អ្វីនោះទេ ព្រោះការប្រាក់ ចំពោះ Fix Deposit បានចន្លោះ៣ទៅ៤ភាគរយ ខណៈអត្រាអតិផរណា នាពេលបច្ចុប្បន្ននៅកម្ពុជាក្នុងខែសីហា ឆ្នាំ២០២២ ស្ថិតនៅចន្លោះ៧ភាគរយ។ នោះតម្លៃទាំងដើម ទាំងការប្រាក់ នឹងអស់ផលចំណេញហើយ។

ជម្រើសទី២ គឺការទិញស្តុក។ លោកចោទសួរថា តើគួរទិញស្តុកដែរឬទេ? ក្នុងកាលៈទេសៈមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ហានយោ​បាយតំបន់អាស៊ី នោះតម្លៃស្តុកមិនមានភាពទៀងទាត់ទេ អាចមានការចុះ ឡើងជានិច្ច។
ជម្រើសទី៣ គឺ ការទិញមាសទុកទុក។ លោកគង្គាលើកឡើងថា អាចជាជម្រើសមួយ តែភាគច្រើនសម្រាប់អ្នកវិនិយោគធំៗ មិនជ្រើសរើសការស្តុកទុកមាសសុទ្ធទេ តែជ្រើសរើសទិញតាមអនឡាញ ដែលភាគច្រើនជាការជួញដូរនៅបរទេស។ សម្រាប់ប្រទេសកម្ពុជា ភាគច្រើនជាការស្តុកទុកផ្ទាល់ ប៉ុន្តែអាចប្រឈមថាតើមានសុវត្ថិភាព។ លោកចោទជាសំណួរថា “តើយើងអាចជួលមាសបានទេ? នៅក្នុងមាសបានទេ?”។

លោកថា “ជម្រើសល្អបំផុត នៅក្នុងកាលៈទេសៈអតិផរណានេះ គឺវិនិយោគលើអចលនទ្រព្យ ដោយសារទី១ ស្របពេលទំនិញគ្រប់មុខឡើងថ្លៃ ដីឡើងថ្លៃ នោះអ្នកអភិវឌ្ឍន៍មិនអាចលក់ អចលនទ្រព្យថោកបានឡើយ”។
លោកបញ្ជាក់ថា “ជាទូទៅ តម្លៃអចលនទ្រព្យនឹងកើនឡើងខ្ពស់ជាងអតិផរណា”។

លោកបន្តថា ហេតុផលសំខាន់ទី២ ដែលអ្នកវិនិយោគគួរជ្រើសរើសវិនិយោគអចលនទ្រព្យ ព្រោះអចលនទ្រព្យប្រភេទផ្ទះឬខុនដូ អាចឱ្យអ្នកវិនិយោគរស់នៅបាន និងជួលបានទៀតផង។

លោកសង្កត់ធ្ងន់ថា “អចលនទ្រព្យមានលក្ខណៈពិសេស ល្អជាងស្តុក ល្អជាងមាស ល្អជាងប្រេង ហើយអាចរក្សាតម្លៃ Value របស់លុយបានទៀតផង មិនឱ្យធ្លាក់ចុះ តែអាចឱ្យកើនឡើងបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here