ដោយ: លាងហួរ
ប៉េកាំង: ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃចន្ទនេះថា ការវិនិយោគអចលនទ្រព្យរបស់ប្រទេសចិន ក្នុងចន្លោះខែមករា ដល់ខែកក្កដាបានធ្លាក់ចុះ៦,៤ភាគរយធៀបនឹងឆ្នាំ២០២១។
ការធ្លាក់ចុះនេះ មានល្បឿនលឿនបំផុត បើគិតចាប់តាំងពីខែមីនាឆ្នាំ២០២០ និងច្រើនជាងការធ្លាក់ចុះ៥,៤ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។
យោងតាមទិន្នន័យ ពីការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ការលក់អចលនទ្រព្យ បានធ្លាក់ចុះ២៣,១ភាគរយ ធៀបនឹងឆ្នាំមុនក្នុងរយៈពេល៧ខែដំបូង បន្ទាប់ពីធ្លាក់ចុះ២២,២ភាគរយ នៅក្នុងខែមករាដល់ខែមិថុនា។
សម្រាប់ខែមករាដល់ខែកក្កដា មូលនិធិដែលប្រមូលដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ២៥,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ២៥,៣ភាគរយ ក្នុងរយៈពេលប្រាំមួយខែដំបូង។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលគ្របដណ្តប់ប្រហែក១ភាគ៤ នៃផលទុនជាតិសរុបរបស់ចិន កំពុងដាំក្បាលចុះ ខណៈដែលអ្នកអភិវឌ្ឍន៍ ដែលជាប់គាំងសាច់ប្រាក់មួយចំនួន បានខកខានលើការសងប្រាក់កម្ចី និងការទូទាត់សងប័ណ្ណបំណុល ខណៈពេលដែលអ្នកទិញផ្ទះគម្រាមធ្វើពហិការការសងប្រាក់កម្ចី ដោយសារតែផ្ទះសាងសង់មិនទាន់រួចរាល់៕