ខណ្ឌឫស្សីកែវបង្កើនសក្តានុពលប្រមូលផ្តុំគម្រោងបុរីនិងអគារ ពាណិជ្ជកម្មធំៗជាច្រើន

0

ដោយៈ សុផារី

ភ្នំពេញៈ ខណ្ឌឫស្សីកែវ ស្ថិតនៅតាមបណ្តោយទន្លេសាប ត្រើយខាងលិចនៃរាជធានីភ្នំពេញ និងនៅចន្លោះខណ្ឌសែនសុខ និងខណ្ឌជ្រោយចង្វារ ជាតំបន់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងគម្រោងវិនិយោគលើលំនៅឋានបែបបុរី និងពាណិជ្ជកម្ម។

ប្រធានគ្រប់គ្រងសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌឫស្សីកែវ កញ្ញាសូ សុគុណឌឿន បានឱ្យដឹងនាពេលថ្មី​ៗនេះថា បច្ចុប្បន្នគម្រោងអភិវឌ្ឍន៍លំនៅឋានបុរីធំៗមានចំនួន៦ កំពុងបង្ហាញវត្តមានក្នុងខណ្ឌឫស្សីកែវ។ គម្រោងទាំងនោះមានដូចជា បុរីជីបម៉ុង ៥៩៨ បុរីវិមានភ្នំពេញ គម្រោងអង្គរភ្នំពេញ បុរីភ្នំពេញថ្មី បុរីរឹទ្ធិ និងបុរីប៉េងហ៊ួត ដែលសុទ្ធសឹងតែជាបណ្តុំបុរីធំៗនៅភ្នំពេញ។

ក្រៅពីប្រភេទបុរីលំនៅឋាន ខណ្ឌមួយនេះ ក៏ចាប់ផ្តើមមានការអភិវឌ្ឍប្រភេទអចលនទ្រព្យពាណិជ្ជកម្ម ដូចជា គម្រោងអគារពាណិជ្ជកម្ម The Parkway អគារសហកម្មសិទ្ធ ឬលំនៅឋានខុនដូ Sky Tree និងប្រភេទផ្សារទំនើបខ្នាតតូច និងផ្សារទំនើបបែបសហគមន៍ ដូចជា Bigtree Community Mall ChipMong Mall 598 Domries Park 598 Aeon Maxvalue និងផ្សារទំនើប Lucky Express ជាដើម។

កញ្ញាសូ សុគុណឌឿន បានលើកឡើងថា “កំណើននៃការវិនិយោគគម្រោងលំនៅឋាន និងប្រភេទអចលនទ្រព្យពាណិជ្ជកម្មទាំងនេះ បានជំរុញកំណើនប្រជាសាស្រ្ត ក្នុងខណ្ឌឬស្សីកែវកាន់តែអ៊ូអរ ដែលបង្កើតបានសកម្ម​ភាពរស់នៅ និងការធ្វើអាជីវកម្មកាន់តែទាក់ទាញ”។

ជាមួយគ្នានេះ អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា បុរីធំៗជាច្រើន បូកផ្សំនឹងគម្រោងផ្សារទំនើបតូចៗ បែបសហគមន៍ជាច្រើន បានបោះទីតាំងនៅក្នុងខណ្ឌឫស្សីកែវ ដែលបានជំរុញឱ្យតម្លៃដីធ្លី នៅក្នុងតំបន់ខាងលើនេះ មានការកើនឡើងខ្ពស់ខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្នុងនោះមានគម្រោងបុរីធំៗ ចំនួនពីរគួរឱ្យចាប់អារម្មណ៍ គឺគម្រោងបុរីរបស់ប៉េង ហ៊ួត និងគម្រោងបុរី ជីប ម៉ុង។

អ្នកនាងបានបន្តថា “តំបន់ផ្លូវជាសុផារ៉ា ឬផ្លូវ៥៩៨ ការអភិវឌ្ឍន៍ខ្លាំងភាគរយ ផ្នែកលំនៅឋានបែបបុរី ហើយក៏មានផ្សារទំនើបតូចៗបែបសហគមន៍ Community Mall។ ប៉ុន្តែមិនសូវជាមានការអភិវឌ្ឍ បែបពាណិជ្ជកម្មច្រើននោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here