គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនក្នុងក្រុងហូជីមិញបានជាប់គាំង និងពន្យារពេលជាច្រើនឆ្នាំ

0

សុខុម

ហូជីមិញ: គម្រោងមួយចំនួនក្នុងតំបន់ចរាចរណ៍សំខាន់ៗចំនួន៥ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ត្រូវបានពន្យារពេលជាច្រើនឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ និងបញ្ហាទាក់ទិនដីធ្លី និងថវិកា។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា។

ក្នុងឆ្នាំ២០១៦ ទីក្រុងហូជីមិញ បានធ្វើផែនការសម្រាប់គម្រោងជាបន្តបន្ទាប់ នៅតំបន់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat International Airport ជាមជ្ឈមណ្ឌលចរាចរណ៍ដ៏សំខាន់មួយ ដែលតភ្ជាប់ជាមួយតំបន់ទីប្រជុំជន នៃសង្កាត់មួយចំនួន ដូចជា សង្កាត់ Tan Binh សង្កាត់ Tan Phu និងសង្កាត់ Go Vap ជាដើម។

ក្នុងចំណោមគម្រោងទាំងនោះ រួមមាន ស្ពានអាកាសរត់កាត់ពីលើផ្លូវ Truong Son Road ចំណុចផ្លូវប្រសព្វ Nguyen Thai Son-Nguyen Kiem និងការពង្រីកផ្លូវ Hoang Minh Giam Road ដែលសុទ្ធតែត្រូវបានបញ្ចប់ជាស្ថាពរ ក្នុងរយៈពេល៣ឆ្នាំ និងដែលបានជួយបន្ធូរបន្ថយការកកស្ទះចរាចរណ៍បានច្រើនក្នុងតំបន់ផងដែរ។

ទោះជាយ៉ាងណា គម្រោងមួយចំនួនផ្សេងទៀតត្រូវបានពន្យារពេលម្តងហើយម្តងទៀតរួមទាំងផ្លូវមួយដែលតភ្ជាប់ផ្លូវសំខាន់ៗដូចជាផ្លូវ Cong Hoa និងផ្លូវ Tran Quoc Hoan ផងដែរ។ ផ្លូវប្រវែង៤គីឡូម៉ែត្រក្រោមទុនវិនិយោគ២០៥,១លានដុល្លារ នេះត្រូវបានពន្យារពេល ដោយសារបញ្ហាដីធ្លី ដែលភាគច្រើនទាក់ទងនឹងដីយោធា។

ស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ចរាចរណ៍នៅតំបន់កំពង់ផែ Cat Lai Port ក្នុងទីក្រុង Thu Duc City (ដែលស្ថិតក្រោមរដ្ឋបាលគ្រប់គ្រងរបស់ក្រុងហូជីមិញ) ក៏ជាបញ្ហាឈឺក្បាលជាច្រើនឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ២០១៦ ក្រុងហូជីមិញ បានចាប់ផ្ដើមធ្វើការលើដំណាក់កាលទី១ នៃគម្រោងផ្លូវប្រសព្វ My Thuy Intersection ដែលរួមមានទាំងស្ពានអាកាស ផ្លូវរូងក្រោមដី និងការពង្រីកផ្លូវថ្នល់ ដើម្បីកាត់បន្ថយការកកស្ទះ ក៏ដូចជាបង្កើនសមត្ថភាពដឹកជញ្ជូនផងដែរ។

ក្នុងដំណាក់កាលទី២ ស្ពានថ្មីចំនួន៣នឹងត្រូវសាងសង់ឡើង ប៉ុន្តែស្ពានទាំងនេះក៏ត្រូវបានពន្យារពេលផងដែរ ដោយសារបញ្ហាដីធ្លី។ គម្រោងពង្រីកផ្លូវផ្សេងទៀត ដូចជា គម្រោង Nguyen Duy Trinh និងគម្រោង Nguyen Thi Dinh ជាដើមមិនទាន់ទាំងបានចាប់ផ្ដើមផងទេ ដែលធ្វើការកកស្ទះកាន់ចរាចរណ៍ក្នុងតំបន់នោះកាន់តែធ្ងន់ធ្ងរទៅៗ។

ផ្លូវក្រវាត់ក្រុងទី២ (Ring Road 2) ដែលមានប្រវែងសរុប៦៤គីឡូម៉ែត្របានចំណាយពេលអស់១៥ឆ្នាំមកហើយនៅតែមិនទាន់បញ្ចប់ ដោយសាងសង់បញ្ចប់បានប្រវែង៥០គីឡូម៉ែត្រ ចំណែកឯ១៤គីឡូម៉ែត្រទៀតទើបតែទទួលបានទុនវិនិយោគ និងកំពុងសាងសង់នៅឡើយ។

ទន្ទឹមនឹងនេះ កំណាត់ផ្លូវក្រវាត់ក្រុងទី៣ (Ring Road 3) ដែលរត់កាត់ទីក្រុងហូជីមិញ ខេត្ត Dong Nai ខេត្ត Binh Duong និងខេត្ត Long An ត្រូវបានធ្វើផែនការតាំងពី១១ឆ្នាំមុន ប៉ុន្តែការសាងសង់ទើបតែគ្រោងនឹងចាប់ផ្តើមពាក់កណ្តាលឆ្នាំ២០២៣ប៉ុណ្ណោះ។

ខ្សែរថភ្លើងក្រោមដីទី១ នៃក្រុងហូជីមិញ Ben Thanh-Suoi Tien Line ត្រូវបានអនុម័តតាំងពី១៥ឆ្នាំមុន។ បន្ទាប់ពីពន្យារពេលជាច្រើនលើក ការងារក្នុងគម្រោងនេះត្រូវបានបញ្ចប់៩០%ហើយពេលនេះ ហើយរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៣។

ខ្សែរថភ្លើងក្រោមដីទី២ នៃក្រុងនេះ Ben Thanh-Tham Luong Line ត្រូវបានពន្យារពេលការសាងសង់រហូតដល់ឆ្នាំ២០២៥ ពោលគឺ១០ឆ្នាំក្រោយពីការធ្វើផែនការដំបូង។ គម្រោងផ្លូវរថភ្លើងក្នុងទីក្រុងផ្សេងៗទៀតក៏ជួបប្រទះនឹងការលំបាកមួយចំនួនដែរ ទាក់ទងនឹងថវិកា និងនីតិវិធី។

គម្រោងផ្លូវហាយវ៉េចំនួន៥ខ្សែ ដែលមានប្រវែងសរុប២៧៧គីឡូម៉ែត្រ ត្រូវបានគ្រោងទុក ដើម្បីជួយសម្រួលដល់ការតភ្ជាប់រវាងក្រុងហូជីមិញ និងតំបន់ជុំវិញ។ ហើយក្នុងចំណោមនោះ ការសាងសង់សម្រេចបានតែប្រវែង១៣១គីឡូម៉ែត្រប៉ុណ្ណោះ គឺផ្លូវហាយវ៉េ HCMC-Dau Giay និងផ្លូវហាយវ៉េ HCMC-Trung Luong។

លោក Bui Van Quan ប្រធានសមាគមដឹកជញ្ជូនទំនិញក្រុងហូជីមិញ លើកឡើងថា ការកកស្ទះចរាចរណ៍នឹងជះផលប៉ះពាល់យ៉ាងខ្លាំងមកដល់អាជីវកម្មនានា ដែលកំពុងប្រឹងប្រែងងើបឡើងពីវិបត្តិកូវីដ-១៩។

លោកបានបន្ថែមថា គម្រោងនានា ដែលបានពន្យារពេលអស់ជាច្រើនឆ្នាំ ចាំបាច់ត្រូវមានការដោះស្រាយឱ្យបានឆាប់រហ័ស ព្រោះថា ថ្លៃចំណាយនឹងកើនឡើងបន្ថែមទៀត ប្រសិនបើគម្រោងទាំងនោះអូសបន្លាយពេលកាន់តែយូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here