ដោយៈ សុខុម
ប៉េកាំង: យោងតាមការប៉ាន់ប្រមាណបង្ហាញថា បច្ចុប្បន្នផ្ទះទំនេរចោល ដែលគ្មានមនុស្សរស់នៅ មានចំនួនមិនក្រោម៥០លានយូនីតឡើយនៅទូទាំងប្រទេសចិននាពេលបច្ចុប្បន្ន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា។
ចំនួននេះទំនងជាសរបង្ហាញឱ្យឃើញថា ទីផ្សារលំនៅដ្ឋានដែលកំពុងមានបញ្ហាស្រាប់ទៅហើយរបស់ប្រទេសចិន អាចនឹងធ្លាក់ចូលក្នុងវិបត្តិកាន់តែជ្រៅថែមទៀត នៅពេលវាធ្វើឱ្យតម្លៃផ្ទះដាំក្បាលចុះកាន់តែខ្លាំង។
វិទ្យាស្ថានស្រាវជ្រាវទីផ្សារអចនទ្រព្យចិន Beike Research Institute (BRI) បានលើកឡើងក្នុងរបាយការណ៍ សិក្សាចុងក្រោយរបស់ខ្លួនថា “ប្រទេសចិន មិនខ្វះផ្ទះទេ ដោយនៅទំនេរចោលច្រើន ហើយផ្ទះទំនេរចោលច្រើនបែបនេះគឺជាហានិភ័យ”។
វិទ្យាស្ថាននេះបានបន្ថែមទៀតថា “ផ្ទះទំនេរចោលបង្ហាញពីការផ្គត់ផ្គង់យ៉ាងច្រើនសម្បើម។ នៅពេលការទិញទុកលក់ចំណេញ សម្រាប់ទីផ្សារលំនៅដ្ឋានអាប់អួ ផ្ទះទំនេរចោលយ៉ាងច្រើនសន្ធាប់ នឹងត្រូវដាក់លក់នៅលើទីផ្សារ ហើយអាចនឹងធ្វើឱ្យប៉ះពាល់លើតម្លៃផ្ទះកាន់តែខ្លាំង”។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ ទីផ្សារអចនទ្រព្យចិន BRI ដែលត្រូវបានចេញផ្សាយ កាលពីដើមខែនេះបានបង្ហាញថា អត្រាផ្ទះទំនេរចោល ជាមធ្យមនៅទូទាំងប្រទេសចិន គឺមានចំនួន១២,១% ខណៈសហរដ្ឋអាមេរិក មាន១១,១% អូស្ត្រាលី មាន៩,៨% ហើយអង់គ្លេស មានត្រឹមតែ០,៩%។
អត្រានេះបង្ហាញថា ផ្ទះទំនេរចោលគ្មានមនុស្សរស់នៅ មានរហូតដល់ទៅប្រមាណ៥០លានយូនីតតូទាំងប្រទេសចិន។ នេះបើយោងតាមការសិក្សាមួយកាលពីឆ្នាំមុន ដោយអ្នកជំនាញសេដ្ឋកិច្ច Ren Zeping ដែលធ្លាប់បម្រើការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ (Development Research Center)។
អ្នកជំនាញរូបនេះ បានធ្វើការប៉ាន់ប្រមាណកាលពីឆ្នាំ២០២០ ថា ផ្ទះដែលត្រូវបានសាងសង់រួចរាល់ ចាប់តាំងពីពេលនោះមកមានចំនួនប្រមាណ៤០០លានផ្ទះនៅប្រទេសចិន៕ South China Moring Post៕