ដោយ៖ សូរិយា
ពោធិ៍សាត់៖ គម្រោងកែច្នៃតំបន់ព្រៃភ្នំប្រវត្តិសាស្ត្រ “ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់” ដែលស្ថិតក្នុងចំណុចកាច់កង់ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសាងសង់ចប់ជាស្ថាពរ ដែលចំណាយអស់ថវិកាប្រមាណជាង២លានដុល្លារអាមេរិក។
នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២ បានឱ្យដឹងថា ដោយមានការជួយឧត្ថម្ភពីឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអន្សាចំបក់ គម្រោងកែច្នៃតំបន់នេះ ត្រូវបានសាងសង់អស់រយៈពេល ៣ឆ្នាំ ចាប់ផ្តើមតាំងតែពីឆ្នាំ២០១៩ មក។
ក្រោយការសាងសង់រួច រមណីយដ្ឋាន “ភ្នំនាគស ឬល្អាងព្រះនាងរំសាយសក់” គឺជារមណីយដ្ឋានពិសេសមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយមិនគិតថ្លៃឡើយ។
រមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ រួមមានដូចជា ចម្លាក់ព្រះពុទ្ធរូប រូបព្រះអង្គតូច ព្រះអង្គធំ រូបអ្នកមានបារមី ចាស់ព្រឹទ្ធាចារ្យ ទីលានយន្ដហោះ សួនផ្កាចម្រុះព័ណ៌ ផ្លូវបេតុង ផ្លូវកៅស៊ូ កន្លែងអង្គុយលេងកំសាន្ត កន្លែងបាញ់ទឹក រូបសំណាកសត្វចម្រុះលើផ្ទាំងថ្មតូចធំ ដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ លំអរដោយភ្លើងអគ្គីសនី ភ្លើងសូឡាព្រោងព្រាត ប្រៀបបានទៅនឹងទីក្រុងតូចមួយ ផុសនៅចំកណ្ដាលទ្រូងព្រៃ។
លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា បានឱ្យដឹងថា រមណីយដ្ឋាននេះ ជារមណីយដ្ឋានពិសេសមួយ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀត ក្នុងខេត្តពោធិ៍សាត់ ដែលផ្តល់កន្លែងដើរលេងកម្សាន្ត លំហែអារម្មណ៍បែបធម្មជាតិ ដោយមិនគិតថ្លៃ និងដើម្បីឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ ដែលមាននៅតំបន់នេះ។
លោកបានបន្ថែមទៀតថា ថ្មីៗនេះប៉មទស្សនា៣៦០ដឺក្រេ កម្ពស់៥ជាន់ ត្រូវបានស្ថាបនាជិតរួចរាល់ ដែលអាចទាក់ទាញទេសចរ ចូលមកមើលទេសភាពព្រៃ ភ្នំ បឹងទន្លេសាប និងតំបន់ទីប្រជុំជន ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ ហើយរំពឹងថា ជាកន្លែងលេងកំសាន្តដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរណ៍ មកពីទីជិតឆ្ងាយ ពិសេសនៅក្នុងឱកាសបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ នាពេលខាងមុខ៕