ដំណឹងល្អ ខេត្តសៀមរាបបើកឱ្យទស្សនា “សួនរុក្ខជាតិអង្គរ” ឥតគិតថ្លៃរហូតដល់ចុងឆ្នាំ២០២២

0

ដោយ៖ សុផារី

សៀមរាប៖ អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យភ្ញៀវទេសចរទាំងអស់អាចចូលទស្សនាកម្សាន្តសួនរុក្ខជាតិអង្គរ ដែលជារមណីយដ្ឋានរុក្ខជាតិ ស្ថិតក្នុងក្រុងសៀមរាប មានរុក្ខជាតិជាង៥០០ប្រភេទ និងសត្វជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ដល់បំណាច់ឆ្នាំ២០២២នេះ។

ដំបូងឡើយ សួននេះមានឈ្មោះថាជា “សួនគ្រឿងទេស” ព្រោះត្រូវបានរៀបចំសម្រាប់ដាំបន្លែ ផ្លែឈើ និងរុក្ខជាតិគ្រឿងទេសចម្រុះប្រភេទ រហូតដល់ឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាបានពង្រីកការរៀបចំ ដោយបន្ថែមការដាំដុះរុក្ខជាតិចម្រុះប្រភេទ មានផ្កា ដើមឈើតូច-ធំជាច្រើន ការចិញ្ចឹមសត្វមួយចំនួន ហើយក៏ប្ដូរមកជា “សួនរុក្ខជាតិអង្គរ” វិញ។

បច្ចុប្បន្ន សួនរុក្ខជាតិអង្គរបានក្លាយជារមណីយដ្ឋានរុក្ខជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តខេត្តសៀមរាប ក្រៅពីការទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ហើយរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងអភិរក្សរមណីយដ្ឋានអង្គរផងដែរ។

លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានបញ្ជាក់ថា ក្រៅពីគយគន់សម្រស់រុក្ខជាតិជាង៥០០ប្រភេទ ក្នុងសួនរុក្ខជាតិអង្គរក៏មានសួនសត្វ កន្លែងផ្ដល់ចំណីសត្វ និងការបាញ់ព្រួញសម្រាប់ភ្ញៀវទេសចរលេងកម្សាន្តផងដែរ។

លោក បូរ៉ា បញ្ជាក់ទៀតថា ចំពោះភ្ញៀវទេសចរទៅកម្សាន្តក្នុងសួនរុក្ខជាតិអង្គរ ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា ហាមយកប្លាស្ទិក សត្វចិញ្ចឹម និងហាមជាន់លើស្មៅជាដើម។

លោកថា “ចំពោះលក្ខខណ្ឌយើងហាមភ្ញៀវយកប្លាស្ទិកចូល ព្រោះដើម្បីរួមចំណែកកាត់បន្ថយសំរាមប្លាស្ទិកនៅទីតាំងធម្មជាតិ។ មួយទៀតយើងក៏ហាមពួកគាត់ យកសត្វចិញ្ចឹមចូល ព្រោះដើម្បីរក្សាសណ្ដាប់ធ្នាប់ និងរុក្ខជាតិនានាក្នុងសួន និងមានលក្ខខណ្ឌមួយចំនួនទៀតដូច ហាមបេះផ្កា ហាមជាន់ស្មៅជាដើម”។

“សួនរុក្ខជាតិអង្គរ” បានសម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា​ ក្នុងគោលដៅអភិរក្សរុក្ខជាតិកម្រក្នុងស្រុក និងបង្ហាញទេសចរឱ្យបានស្គាល់ផងដែរ។ សួននេះមានទីតាំងស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ ក្រុងសៀមរាប ខេត្តសៀមរាប និងត្រូវបានរៀបចំឡើងលើផ្ទៃដីជាង១៥ហិកតា មានរុក្ខជាតិរាប់ម៉ឺនដើមជាង៥០០ប្រភេទ ដែលភាគច្រើនជារុក្ខជាតិក្នុងស្រុក។

សួនរុក្ខជាតិអង្គរនេះ បើកទទួលភ្ញៀវទេសចរចាប់ពីថ្ងៃអង្គារ៍ ដល់ថ្ងៃអាទិត្យ (លើកលែងតែថ្ងៃចន្ទ) ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច៕

LEAVE A REPLY

Please enter your comment!
Please enter your name here