ដោយៈ គង់ សូរិយា
សៀមរាបៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឲ្យប្រជាពលរដ្ឋរុះរើសំណង់នានាក្នុងរំណីយដ្ឋានអង្គរ។
លោកឧបនាយករដ្ឋមន្រ្តីបានព្រមានបែបនេះ ក្នុងឱកាសជួបជាមួយក្រុមមន្រ្តីពាក់ព័ន្ឋ នៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១៧ សីហាកន្លងមកនេះ។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាបានព្រមានចាប់ខ្លួនអ្នកតវ៉ាផងដែរ ដោយលោកបានគូសបញ្ជាក់ថា បន្ទាប់ពីប្រកាសនេះទៅ ស្រាប់តែមានចលនាតវ៉ាកាំបិត ពូថៅកើតឡើង មាននៅទីណា ខ្ញុំចាប់ទីនោះ ប៉ះនៅទីណា ចាប់នៅទីនោះ ប៉ុន្តែប្រហែលមិនមានអ្នកក្លាហានទេ”។ លោកបន្តថា “ពីមុនកាំភ្លើងពេញភ្នំពេញ នៅអាចប្រមូលច្រកបាវបាន ប៉ុន្តែឥលូវប្រហែលអ្នកក្លាហានមិនទាន់មាន ខ្ញុំមកឈរមកឈរប្រឈមមុខ នៅក្នុងការដោះស្រាយនៅក្នុងខេត្តសៀមរាប។ ប្រកាសឲ្យហើយ”។
លោកបន្តថា តើសំណង់ធ្វើពីបរមបុរាណឬយ៉ាងណា មិនមែនរុះរើមិនបានទេ អ្នកណាធ្វើអ្នកនោះរុះរើចេញ ចឹងនៅក្នុងស្រុកណា ក្រុងណា គឺស្រុកនោះឲ្យប្រជាជនម្ចាស់ការ(រុះរើ)ទៅ។
លោកបានលើកជាសំណួរថា តើហេតុអ្វីត្រូវការពារតំបន់រមណីយដ្ឋានអង្គរ? យោងតាមព្រះរាជក្រិតលេខ០០១ នស ចុះថ្ងៃទី២៨ មិនា ឆ្នាំ១៩៩៤ រមណីយដ្ឋានអង្គរ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយចំណូលទទួលបានពីរមណីយដ្ឋាននេះ មានទំហំទឹកប្រាក់១០០លានដុល្លារក្នុងមួយឆ្នាំ ហើយប្រទេសបារាំង ជប៉ុន និងអង្គការយូណេស្កូ នឹងបន្តជួយអភិរ័ក្សតំបន់អង្គរដល់ឆ្នាំ២០៣៣ យើងក៏មានលិខិតព្រមាន ពីមជ្ឈមណ្ឌលបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូចំនួន២លើក តាំងពីឆ្នាំ២០១៧មក។
លោកបន្តថា “ចឹងថ្ងៃនេះយើងមកបញ្ចប់ មិនចង់ឃើញទេ ឲ្យចប់(ការព្រមាន) ត្រឹមលើកទី២ ហើយជឿជាក់អំពីវឌ្ឍនភាព អ្វីដែលយើងបានធ្វើនេះ តាមរយៈឯកឧត្តមហង់ ពៅ និងលោកជំទាវត្រូវធ្វើរបាយការណ៍អំពីបច្ចុប្បន្នភាពរបស់អាជ្ញាធរអប្សរា ជូនទៅអង្គការយូណេស្កូឲ្យបានជ្រាបពីការខិតខំរបស់យើង”។ លោកបន្តថា “មិនមែនយើងមិនយកចិត្តទុកដាក់ទេ គឺយើងបន្តយកចិត្តទុកដាក់ជាបន្តបន្ទាប់ ហើយត្រូវឲ្យមានរបាយការណ៍”។
លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានប្រកាសឲ្យអភិបាលខេត្តសៀមរាបលុបចោលលិខិតលេខ ៤១២/២២ លស ដោយស្នើអាជ្ញាធរអប្សរាផ្អាកការរុះរើសំណង់ខុសច្បាប់ និងខុសច្បាប់ថ្មី។
លោកបន្តដោយបញ្ជាក់ថា “អភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ប៉ុន្តែយោបល់ខ្ញុំត្រូវនិរាករណ៍លិខិតនេះចោលភ្លាម”។ លោកបានបន្តថា “លិខិតនេះលុបចោល បើមិនលុបចោល ស្មើនឹងការលើកទឹកចិត្ត ហើយធ្វើឲ្យសំណង់នេះរីកដុះដាល និងមិនអាចគ្រប់គ្រងបាន”។
លោកបានបន្តដោយសម្តែងនូវសេចក្តីអៀនខ្មាស់ថា សំណង់ខុសច្បាប់ ដែលគួរឲ្យខ្មាស់អៀនមាន៨៤៤៨ករណី ដោយឆ្នាំ២០១៩ មានចំនួន៩០៦ករណី ឆ្នាំ២០២០ មានចំនួន៣០២៨ករណី ឆ្នាំ២០២១ មានចំនួន២៤៣២ករណី និង៦ខែដើមឆ្នាំ២០២២នេះ មានចំនួន២០៨០ករណី៕