ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីទេសចរណ៍ បានប្រកាសទទួលស្គាល់សាលាទេសចរណ៍មួយទៀត ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍បន្ទាប់ពីឆ្លងកាត់តាមការវាយតម្លៃ ការពិនិត្យពិច័យច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការល្អ។
ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) បានប្រកាសទទួលស្គាល់ ការប្រកាសទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍(WYTHS) នេះ ធ្វើឡើងក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ជ.អ.ទ. នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
លោកលី យ៉ានហួយ នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច វីតបានឱ្យដឹងថា សាលារបស់លោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រមទាំងជួយរកការងារដល់សិស្ស ដែលបានបញ្ចប់ការសិក្សានៅកម្ពុជាផងដែរ។
លោកបន្តថា មកដល់បច្ចុប្បន្ន មានសិស្សចំនួន១៣៦នាក់ហើយបានបញ្ចប់ការសិក្សា តាមកម្មវិធីអាស៊ានដោយជោគជ័យ ក្នុងនោះជំនាន់ទី១ចំនួន២២នាក់ ជំនាន់ទី២ចំនួន៤២នាក់ ជំនាន់ទី៣ចំនួន៤៩នាក់ និងជំនាន់ទី៤ចំនួន២៣នាក់។ ការបណ្ដុះបណ្ដាល ផ្ដោតលើជំនាញការិយាល័យជួរមុខ ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងជំនាញគេហកិច្ច។
សិស្សដែលបានបញ្ចប់ការសិក្សា ស្របតាមស្តង់ដាអាស៊ានទទួលបានការងារធ្វើទាំងអស់ ពិសេសនៅតាមសណ្ឋាគារ និងស្ថាប័នទេសចរណ៍មួយចំនួនក្នុងរាជធានីភ្នំពេញ។
លោកលី យ៉ានហួយ បានបន្តទៀតថា នាឆ្នាំសិក្សា២០២២-២០២៣ខាងមុខនេះ សាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត នឹងបណ្តុះបណ្តាលសិស្សស្របតាមស្តង់ដាអាស៊ាន ចំនួន១២៥នាក់បន្ថែមទៀត ក្នុងនោះរួមមានជំនាញការិយាល័យជួរមុខ៥០នាក់ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ៥០នាក់ និងគេហកិច្ច២៥នាក់។
ជាមួយគ្នានេះ លោកទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ទ. បានឱ្យដឹងដែរថា ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានអនុញ្ញាតឱ្យសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច អនុវត្តកម្មវិធីសិក្សាអាស៊ានតាំងពីឆ្នាំ២០១៨។ លេខាធិការដ្ឋាន គ.ជ.អ.ទ. ក៏បានបណ្តុះបណ្តាលគ្រូបង្គោលជាតិ ដល់គ្រូជំនាញសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចវីតនេះចំនួន៣រូប និងអ្នកវាយតម្លៃបង្គោលជាតិចំនួន៦រូបផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នៅពេលយុវជនកម្ពុជាបានឆ្លងកាត់ការសិក្សា ជំនាញវិជ្ជាជីវៈទេសចរណ៍ ស្របតាមស្ដង់ដាអាស៊ាន នោះពួកគេនឹងអាចស្វែងរកការងារធ្វើ នៅក្នុងតំបន់អាស៊ានបាន តាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRAs) ដែលមានគោលដៅជំរុញឱ្យមានបម្លាស់ទីការងារ ក្នុងតំបន់អាស៊ាន៕