ទីផ្សារអចលនទ្រព្យបែបទេសចរណ៍នៅមិនទាន់ស្រូបយកការផ្គត់ផ្គង់ មានស្រាប់នៅឡើយទេ

0

ដោយៈ សុផារី

ភ្នំពេញៈ ទោះបីស្ថានភាពលំហូរទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរបរទេ​ស បានចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរក្តី ប៉ុន្តែទីផ្សារអចលនទ្រព្យទេសចរណ៍ ហាក់នៅមិនទាន់មានច្រើនឡើយ បើប្រៀបធៀបជាមួយការផ្គត់ផ្គង់ ដែលមានស្រាប់នៅក្នុងទីផ្សារ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីព្រឹកថ្ងៃទី១៩ សីហាននេះថា ចរន្តទេសចរផ្ទៃក្នុង ដែលចាប់ផ្តើមកម្រើកឡើងវិញនាពេលថ្មីៗនេះ បានស្រូបយកការផ្គត់ផ្គង់នៅក្នុងទីផ្សារមួយនេះ បានត្រឹមប្រមាណ២០ភាគរយតែប៉ុណ្ណោះ ខណៈតម្រូវការពីទេសចរបរទេសហាក់នៅមានកម្រិត។

លោកឧកញ៉ាបន្តថា “សម្រាប់អចលនទ្រព្យទាំងឡាយណា ដែលបម្រើឱ្យវិស័យទេសចរណ៍នាពេលសព្វថ្ងៃនេះ នៅមិនទាន់មានភាពល្អប្រសើរណាស់ណានោះទេ ដោយសារទីផ្សារមួយនេះពឹងផ្អែកសំខាន់លើលំហូរចេញចូលនៃទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក”។ លោកបន្តថា “ទីផ្សារនៅក្នុងស្រុកនៅបន្តមានការគាំទ្រ ប៉ុន្តែវាមិនទាន់ឆ្អែតជាមួយការផ្គត់ផ្គង់ ដែលមានស្រាប់នៅឡើយទេ”។

ក្នុងចំណោមការផ្គត់ផ្គង់ចំនួន១០០ ការស្រូបយកការផ្គត់ផ្គង់ទើបតែទទួលបានត្រឹមតែ១០ ទៅ២០ទេ”។

លោកឧកញ៉ានួន រិទ្ឋីបានលើកឡើងបន្តថា យ៉ាងណាក្តី ក្រោយស្ថានភាពកូវីដ១៩មានភាពល្អប្រសើរ លំហូរទេសចរបរទេសមកពីសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ជាដើម ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន។ ជាក់ស្តែង នៅក្នុងខេត្តសៀមរាប ចាប់ផ្តើមមានភាពល្អប្រសើរឡើង ចំណែកភូមិភាគឦសាន មានភាពអ៊ូអរនៅក្នុងរដូវកាលបុណ្យទានធំៗ។

លោកបន្ថែមថា ចំណែកស្ថានភាពទេសចរណ៍ក្រៅប្រទេស ទីផ្សារប្រភេទចិន នៅមិនទាន់មានភាពល្អប្រសើរឡើយ ព្រោះការរឹតបន្តឹងខ្លាំង ដោយសារស្ថានភាពកូវីដ១៩ ក្នុងប្រទេសចិន។ ចំណែកភ្ញៀវទេសចរពីទ្វីបអឺរ៉ុប ក៏ហាក់នៅមិនទាន់មានការកើនឡើងច្រើនដែរ ដោយសារគ្រប់គ្នាពិចារណាលើការចំណាយ ជាពិសេសក្នុងវិបត្ដិអតិផរណា ដែលបណ្តាលមកពីសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។

លោកឧកញ៉ាបានបញ្ជាក់ថា “ប្រភពមានបញ្ហានៅទីណា នោះយើងក៏មានបញ្ហាដែរ”។

លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់ បានប្រាប់គេហទំព័រ Property Area Asia នៅក្នុងសប្តាហ៍នេះថា ការវិនិយោគដីធ្លីសម្រាប់ការអភិវឌ្ឍជាតំបន់អេកូទេសចរណ៍ ចាប់ផ្តើមមានសន្ទុះខ្ពស់ឡើងវិញ តាមរយៈការស្វែងរកទិញដី នៅតាមបណ្តាខេត្តសំខាន់ៗ ក្នុងគោលបំណងសាងសង់ជាអចលនទ្រព្យ បែបអេកូទេសចរណ៍ មាន បឹងកាឡូ រីសត សណ្ឋាគារ កន្លែងកំសាន្ត ជាដើម។

ជាក់ស្តែង នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់គោលដៅ ដែលមានសក្តានុពលខ្លាំងមួយ ដែលបានស្រូបយកការដោះដូរ និងអភិវឌ្ឍន៍អចលនទ្រព្យទេសចរណ៍ថ្មី។

យ៉ាងណាក្តី លោកលើកឡើងថា ទេសចរ ដែលបានមកកំសាន្តនៅក្នុងតំបន់ខាងលើភាគច្រើន ជាភ្ញៀវទេសចរផ្ទៃក្នុង មិនសូវជាមានទេសចរបរទេ​សប៉ុន្មានទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here