សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​កើន បើទោះជា​សេដ្ឋកិច្ច​សកល​មាន​បញ្ហា​ប្រឈម

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារពិភពលោក បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​បន្ត​កើន បើទោះជា​សេដ្ឋកិច្ច​សកល​មាន​បញ្ហា​ប្រឈម។ អត្រាកំណើន ត្រូវបាន​រំពឹងថា នឹងមាន​កំរិត​ខ្ពស់ជាង​កាលពី​ឆ្នាំមុន គឺ​កើន​ដល់៧,១ភាគរយ នៅក្នុង​ឆ្នាំ២០១៨ ដែល​កំណើន​នេះ នាំមុខ​ដោយ​ការប្រើប្រាស់​ទំនិញ​ក្នុងស្រុក និង​ការនាំចេញ។

របាយការណ៍​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា​ចុងក្រោយ ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា​នេះ បាន​បង្ហាញថា បន្ទាប់ពី​ការ​ស្ទុះ​ងើបឡើង​បន្តិចម្តងៗ នៅ​ឆមាស​ទី២ ក្នុង ឆ្នាំ២០១៧មក ការនាំចេញ​របស់​កម្ពុ​ជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយ​មួយ​ភាគ​ធំ គឺ​តម្រូវការ​ដ៏​ច្រើន​នៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​តូច ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ដែល​គេ​រំពឹងថា នឹងមាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ​តិចតួច​ប៉ុណ្ណោះ។

ការ​និទស្សន៍​របស់​ក្រុម​សេដ្ឋវិទូ​ធនាគារពិភពលោក​នេះ គឺ​ស្របគ្នា​នឹង​ការព្យាករណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​រំពឹងថា សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​រឹងមាំ​ដោយ​វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម វិស័យ​កសិកម្ម ដែល​ធ្វើឱ្យ​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងម្នាក់ៗ អាច​កើន​ឡើងដល់​ជាង១.៧០០ដុល្លារ​អាមេរិក ខណៈ​នៅ​ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងម្នាក់ៗ មាន​ប្រាក់ចំណូល​ជាង១.៥០០ដុល្លារ។

លោក លី ស៊ី​ដេ​ត អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា «អាទិភាព​ជាច្រើន​សម្រាប់​កម្ពុជា​រួមមាន ការការពារ​វិស័យ​ហិរញ្ញវត្ថុ​ឱ្យបាន​ល្អ ខណៈ​កំពុងតែ​កសាង​ធនធាន​បម្រុង ពង្រឹង​ការប្រកួតប្រជែង និង​ទប់ស្កាត់​កមណើន​នៃ​អត្រា​ប្តូរប្រាក់​ពិត ដែល​បណ្តាលមកពី​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ការ​នាំចូល​ទំនិញ​នាពេលថ្មី»។

ក្រុម​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក បាន​ពន្យល់ថា ស្រប​ពេលដែល​ទស្សនវិស័យ​យូរអង្វែង​នៅតែមាន​ភាព​វិជ្ជមាន​នៅឡើយ កម្ពុជា​ចាំបាច់​ត្រូវ អភិវឌ្ឍន៍​ធនធាន​រូបវ័ន្ត និង​ធនធានមនុស្ស ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ជាង​មុន​ក្នុង​រយៈពេល​វែង។

លោកស្រី អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា «ដើម្បី​សម្រេចបាន​គោលបំណង​របស់ខ្លួន ក្នុងការ​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​កម្រិត​មធ្យម កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ការវិនិយោគ​របស់ខ្លួន​លើ​ផ្នែក​ធនធានមនុស្ស​និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើកំណែទម្រង់​នានា​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​លើ​គ្រប់​វិស័យ និង​ប្រកបដោយ​ចីរភាព។ ការ​កៀរគរ​ប្រាក់​សន្សំ​ក្នុងស្រុក​ឱ្យបាន​ច្រើន ដើម្បី​យកទៅ​បង្កើន​ការវិនិយោគ ដែលជា​កត្តា​សំខាន់​ក្នុងការ​ឈានទៅដល់​គោលដៅ​មួយ​ដូច​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ល្អ​ជាងគេ នៅ​អាស៊ី​សម្រេចបាន»

ក្រុម​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក បានស្នើ​ឱ្យ​ត​ភ្ជាប់​ភាពខ្វះខាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ស្រូបយក​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស​លើ​ផ្នែក​ផលិតកម្ម និង​ការកែច្នៃ​កសិកម្ម​ដែល​កំពុងតែ​កើនឡើង ព្រមទាំង​ការកែលម្អ​ជា​បន្តបន្ទាប់​លើ​បរិយាកាស​អាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here