ដោយគង់ សូរិយា
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កម្ពុជាចាំបាច់ត្រូវមានប្រព័ន្ធដឹកជញ្ជូនមួយដែលប្រសើរជាងមុន មានថ្លៃថោកជាងមុន និងមានប្រសិទ្ធភាពជាងមុន ទាំងតាមបណ្តាញដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក សំដៅបង្កើនសមត្ថភាពនាំចេញ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគ នៅគ្រប់សកម្មភាពធុរកិច្ចគ្រប់ប្រភេទ។
រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការមេស្តីពី ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា នៅទីស្តីការក្រសួងថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨កន្លងមកថា ការរៀបចំផែនការមេស្តីពីប្រព័ន្ធដឹកជញ្ជូននេះ គឺជាការគិតគូរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីសម្រេចឱ្យបាននូវប្រព័ន្ធដឹកជញ្ជូនមួយដែលមានភាពប្រទាក់ក្រឡា និងមានភាពប្រកួតប្រជែងខ្ពស់ ធៀបជាមួយប្រទេសជិតខាង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេស និងការបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច ទៅក្នុងតំបន់និងពិភពលោកផងដែរ។
លោកបន្តថា “សម្រាប់ទស្សនវិស័យទៅថ្ងៃមុខ កម្ពុជាត្រូវភ្ជាប់ខ្លួនទៅនឹងបណ្តាញផលិតកម្មអន្តរជាតិ តាមរយៈការប្រើប្រាស់ជារបៀងដឹកជញ្ជូនផ្នែកខាងកើតប្រទេស ភ្ជាប់ពីភ្នំពេញទៅវៀតណាម និងច្រករបៀងដឹកជញ្ជូនខាងលិចភ្ជាប់ពីភ្នំពេញ ទៅប្រទេសថៃ ដោយសារប្រទេសទាំងពីរនេះ នឹងក្លាយទៅជាមូលដ្ឋានផលិតកម្មដ៏ធំនៅក្នុងតំបន់”។
លោកវិស្សុតបន្តថា ទន្ទឹមនេះកម្ពុជាក៏ត្រូវប្រើប្រាស់ច្រកកំពង់ផែទឹកជ្រៅព្រះសីហនុ ដើម្បីនាំចេញផលិតផល សម្រេចទៅកាន់ទីផ្សារអន្តរជាតិផងដែរ ដូច្នេះកម្ពុជាចាំបាច់ត្រូវមានប្រព័ន្ធដឹកជញ្ជូនមួយដែលប្រសើរ មានថ្លៃថោកជាងមុន និងមានប្រសិទ្ធភាពជាងមុន។
លោកបានបន្តថា “ដើម្បីជម្រុញឲ្យមានប្រសិទ្ធភាព ការសិក្សានេះគួរតែពិនិត្យមើលលើគ្រប់ផ្នែក ដោយការតភ្ជាប់មិនត្រឹមតែការភ្ជាប់ផ្នែករឹងប៉ុណ្ណោះទេ ប៉ុន្តែផ្នែកទន់ ដែលរួមមានផ្នែកស្ថាប័ន ការគ្រប់គ្រង ក៏ដូចជាហិរញ្ញប្បទានវិនិយោគជាដើម ដែលអាចរកបានតាមរយៈថវិកាជាតិ ការខ្ចី ការវិនិយោគពីវិស័យឯកជន ក៏ដូចជាការវិនិយោគរួមគ្នា រវាងវិស័យសាធារណ និងឯកជន (PPP)”។
កន្លងមកភាគីកម្ពុជា និងភាគីចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់រៀបចំគម្រោងផែនការមេ លើប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា ចាប់តាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងនោះគណៈប្រតិភូចិន ដែលរួមមានអ្នកជំនាញការចំនួន៦៣រូប ដែលបែងចែកជា៦ក្រុម ដើម្បីសិក្សានិងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
លោកបណ្ឌិតម៉ី កល្យាណប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសិក្សាការអភិវឌ្ឍបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈម ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជាជាយូរមកហើយ ដែលតម្លៃនៃការដឹកជញ្ជូនរបស់កម្ពុជាមានតម្លៃខ្ពស់បំផុត បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែឆ្លើយតបបញ្ហានេះរដ្ឋាភិបាលបាននិងកំពុងគិតគូរ និងវិនិយោគលើវិស័យនេះ ប៉ុន្តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋគឺត្រូវការពេលវេលា ហេតុនេះការពន្លឿនការវិនិយោគលើវិស័យនេះជារឿងចាំបាច់។
លោកបន្តថា “ដើម្បីពន្លឿននិងជំរុញកំនើនសេដ្ឋកិច្ច កម្ពុជាត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ព្រោះបើមិនវិនិយោគលើវិស័យនេះទេ សេដ្ឋកិច្ចរបស់យើងនឹងនៅតែប៉ុណ្ណឹង”៕