អ្នកជំនាញនិយាយពីអ្វីខ្លះពីអចលនទ្រព្យកម្ពុជាក្រោយសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: ស្របពេលសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនកំពុងតែក្តៅនិងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថមថយល្បឿនក្តី តែអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានអះអាងថា គំរោងវិនិយោគចិននៅកម្ពុជា មិនបានរងផលប៉ះពាល់ចេញពីវិបត្តិនេះទេ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាពេលថ្មីៗនេះថា គំរោងរបស់អ្នកវិនិយោគចិននៅកម្ពុជា នៅតែដំណើរការជាធម្មតា មិនមានរងផលប៉ះពាល់ណាមួយនៅឡើយទេ ដោយអ្នកវិនិយោគនៅតែបន្តគំរោងរបស់ពួកគេ ប៉ុន្តែអ្វីជាការបារម្ភគឺថារដ្ឋាភិបាលចិនបានចេញគោលនយោបាយថ្មី ដោយកម្រិតលំហូរទុនវិនិយោគទៅកាន់ក្រៅប្រទេស ប៉ុន្តែវាមិនកំណត់សម្រាប់តែកម្ពុជាទេ គឺធ្វើនៅទូទាំងពិភពលោក។


អ្នកនាងបន្តថា “គំរោងចិននៅតែដំណើរការល្អប្រសើរ ក្រុមហ៊ុនមានបញ្ហានៅតែមានបញ្ហា តែក្រុមហ៊ុនល្អនៅតែល្អ”។អ្នកនាងបន្ថែមថា “ទីផ្សារខុនដូនៅតែល្អ ដោយការលក់នៅតែជោគជ័យ ហើយគំរោងដែលជោគជ័យឬអត់អាស្រ័យលើគំរោង គុណភាព តម្លៃ និងទីតាំងរបស់គំរោងនោះ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST APPRAISAL បានរកឃើញថាចំនួនខុនដូនៅកម្ពុជា បានកើនឡើងដល់ជាង៦ម៉ឺនយូនីត នៅដំណាច់ឆ្នាំ២០១៧កន្លងមកនេះ។

អ្នកនាងអាន សុធីតាបានបន្តថា គំរោងវិនិយោគរបស់ចិនភាគច្រើន ផ្តោតលើទីផ្សារនៅក្រៅប្រទេស ពួកគេលក់គំរោងរបស់ពួកគេនៅទីនោះភាគច្រើន។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21Cambodia បានឲ្យដឹងផងដែរថា គំរោងរបស់ចិននៅកម្ពុជា នៅតែដំណើរការល្អប្រសើរ ដោយអ្នកវិនិយោគភាគច្រើនផ្តោតលើទីផ្សារក្រៅប្រទេស ជាអ្វីដែលជានិន្នាការវិនិយោគរបស់ពួកគេ ខណៈដែលប្រជាជនកម្ពុជាមិនទាន់ចង់រស់នៅតាមខុនដូនៅឡើយ ដែលធ្វើឲ្យទីផ្សារខុនដូ៨០ភាគរយ ទិញដោយជនបរទេស និង២០ភាគរយវិនិយោគដោយជនជាតិខ្មែរ ប៉ុន្តែរយៈពេល១០ឆ្នាំខាងមុខ និន្នាការនេះនឹងដើរបញ្រ្ចាសវិញ។

អ្នកនាងបន្តថា “ចិនវិនិយោគនៅកម្ពុជាពេលនេះ ជាពេលសមស្របព្រោះតម្លៃអចលនទ្រព្យ ពិសេសតម្លៃដីធ្លីមានតម្លៃទាប ដែលពួកគេអាចរកប្រាក់ចំណេញបាន ប៉ុន្តែបើពួកគេរង់ចាំយូរតទៅទៀត ការវិនិយោគរបស់ពួកគេនឹងយឺតពេល”។


ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា ទីផ្សារអចលវត្ថុនៅកម្ពុជា នៅតែមានសញ្ញាវិជ្ជមាន និងការវិនិយោគនៅតែបន្ត ដោយយើងមិនទាន់មើលឃើញថាមានហានិភ័យ ឬបញ្ហាណាមួយកើតឡើងនោះទេ ពិសេសគំរោងរបស់អ្នកវិនិយោគចិន នៅតែដំណើរការ និងមិនរងផលប៉ះពាល់ណាមួយ ពីវិបត្តិនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនោះឡើយ។

លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីទីផ្សារនេះ និងនៅតែមើលឃើញវិស័យនេះបន្តរីកចម្រើនរយៈពេលវែងបន្តទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here