ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យរបស់អាមេរិក Zillow បានបង្ហាញតម្លៃលំនៅដ្ឋាននៅតាមបណ្តាទីក្រុងចំនួន៥ នៅសហរដ្ឋអាមេរិក ដែលត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងរយៈពេល១២ខែខាងមុខ។
តួយ៉ាង តម្លៃផ្ទះនៅទីក្រុងអាត្លង់ទិក ក្នុងរដ្ឋ New Jersey ត្រូវបានព្យាករណ៍ថា នឹងកើនឡើង២,៩ភាគរយ។ វិស័យទេសចរណ៍នៅទីក្រុងអាត្លង់ទិកកំពុងស្ទុះងើបឡើងវិញ ខណៈការសាងសង់អគារកាស៊ីណូ និងគម្រោងសណ្ឋាគារកំពុងបង្កើតការងារ និងជំរុញសេដ្ឋកិច្ចរបស់តំបន់នេះ។
តម្លៃផ្ទះនៅទីក្រុង Kingston ក្នុងរដ្ឋ New York ត្រូវបានគេរំពឹងថា នឹងកើនឡើង២,២ភាគរយ។ ទីក្រុង Kingston សម្បូរដោយលំនៅដ្ឋានមានតម្លៃសមរម្យ និងទេសភាពល្អ។ទីក្រុងមួយនេះកំពុងរីកលូតលាស់ និងមានភាពទាក់ទាញ។
-->

តម្លៃផ្ទះនៅទីក្រុង Knoxville ក្នុងរដ្ឋ Tennessee ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង២ភាគរយ។ ទីផ្សារការងារនៅទីក្រុង Knoxville មានសភាពរឹងមាំ ដែលជំរុញដោយការងារក្នុងវិស័យអប់រំ និងការថែទាំសុខភាព។
ទីក្រុង Knoxville ក៏ជាគោលដៅសម្រាប់ការវិនិយោគដ៏ទាក់ទាញផងដែរ ខណៈបណ្តាអ្នកវិនិយោគអាចទទួលបានប្រាក់ចំណូលមកពីការជួលផ្ទះប្រកបដោយស្ថិរភាព និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។
ជាមួយគ្នានេះ តម្លៃផ្ទះនៅទីក្រុង Torrington ក្នុងរដ្ឋ Connecticut អាចនឹងកើនឡើងក្នុងរង្វង់១,៩ភាគរយ។ កំណើននៃការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានថ្មីៗ និងការស្តារឡើងវិញនូវផ្លូវរថភ្លើងនៅទីក្រុងនេះកំពុងផ្តល់សន្ទុះដល់តម្លៃលំនៅដ្ឋាន។
ចំណែក តម្លៃផ្ទះនៅទីក្រុង Rockford ក្នុងរដ្ឋ Illinois ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង១,៧ភាគរយ។ ទីក្រុង Rockford មានទីតាំងនៅជិតទីក្រុង Chicago និងមានតម្លៃផ្ទះថោកសមរម្យ។ ការណ៍នេះផ្តល់ឱកាសដល់ការវិនិយោគក្នុងទីផ្សារលំនៅដ្ឋាននៅទីក្រុង Rockford ដោយមិនចាំបាច់ចំណាយដើមទុនច្រើន៕ប្រភព: AOL.com៕
