ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Fedex គ្រោងធ្វើការហោះហើរត្រង់មកប្រទេសកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២២ នេះ។
នេះជាការលើកឡើងរបស់លោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Wallace K.Hsueh និងលោកស្រី Audrey Cheong អគ្គនាយករងក្រុមហ៊ុន Fedex នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
លោករដ្ឋលេខាធិការ បានជម្រាបជូនអំពីបរិយាកាសធុរកិច្ច និងសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជា រួមកមាន ការកសាងលិខិតបទដ្ឋានគតិយុត្ត និងការបើកច្រកទីផ្សារថ្មីៗបន្ថែមទៀតរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
លោករដ្ឋលេខាធិការ បន្តថា ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្ដី ក៏ទំហំពាណិជ្ជកម្មកម្ពុជា មានការរីកចម្រើនគួរឱ្យគាត់សម្គាល់ ជាពិសេសទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានការកើនឡើងនៅឆមាសទី១ នៃឆ្នាំ២០២២ ចំនួន៦១,៥៤% បើធៀបនឹងឆមាសទី១នៃឆ្នាំ២០២១។
តំណាងក្រុមហ៊ុន Fedex បានថ្លែងកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម ដែលបានសហការល្អ នាពេលកន្លងមក ជាពិសេសក្នុងការជួយសម្របសម្រួលការងារនានា រហូតដល់ក្រុមហ៊ុនអាចចាប់ផ្ដើមការហោះហើរត្រង់ មកកម្ពុជាចាប់ពីខែតុលា ឆ្នាំ២០២២ នេះតទៅ៕