រាជរដ្ឋាភិបាលអនុញ្ញាតឱ្យជនបរទេសស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងចូលទស្សនាអង្គរនិងប្រាសាទកោះកេរដោយមិនចាំបាច់បង់ប្រាក់

0

ដោយៈ សុផារី

សៀមរាបៈ គ្រឹះស្ថានអង្គរបានជូនដំណឹងស្តីពី ការអនុញ្ញាតិឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅកម្ពុជាចាប់ពីពីរឆ្នាំឡើងទៅ ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ។

គ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១ ខែកញ្ញានេះថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៍ដូចជាផ្ដល់ការលើកទឹកចិត្តដល់ជនបរទេស ដែលស្នាក់នៅក្នុងកម្ពុជា រាជរដ្ឋាភិបាលបានសម្រេច អនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅក្នុងកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ អាចស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។

ជនបរទេសទាំងអស់ ដែលបាន​និងកំពុងស្នាក់នៅក្នុងកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅ ដែលទទួលបានសិទ្ធនេះ រួមមាន មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រា​ស ឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។

ចំពោះបែបបទនៃការស្នើសុំបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ អាចធ្វើតាមប្រព័ន្ធអនឡាញ (តាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ ឬគេហទំព័រ sass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ឬមកដាក់ពាក្យដោយផ្ទាល់ នៅគ្រឹះស្ថានអង្គរ ក្នុងពេលម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេលចាប់ពីពីរឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត៤គុណ៦ រយៈពេល៦ខែចុងក្រោយចំនួនមួយសន្លឹក ចាប់ពីថ្ងៃប្រកាសនេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here