តំបន់ចំនួន៤ក្នុងខេត្តកែបត្រូវបានជ្រើសរើសយកមកសិក្សាលើបញ្ហា បម្រែបម្រួលអាកាសធាតុ

0

ដោយៈ គង់ សូរិយា

       ខេត្តកែបៈ តំបន់ចំនួនបួនក្នុងខេត្តកែប ត្រូវបានជ្រើសរើសយកមកសិក្សាដោយអាជ្ញាធរថ្នាក់ក្រោមជាតិ និងគណៈកម្មការទី៣​ នៃរដ្ឋសភា។

កាលពីចុងសប្តាហ៍មុន គណ:ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក​ នៃរដ្ឋសភា ដឹកនាំដោយ លោកឡូយ សុផាត ប្រធានគណៈកម្មការ លោកនេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងក្រុមការងារកម្មវិធី សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣(CCCA3) បានអញ្ជើញចុះពិនិត្យភូមិសាស្ត្រខេត្តកែប​ ដើម្បីស្វែងយល់ តំបន់មួយចំនួនក្នុងខេត្តកែប ដែលទទួលរងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅខេត្តកែប។

គណ:ប្រតិភូបានអញ្ជើញចុះ ពិនិត្យសិក្សាស្វែងយល់តំបន់ចំនួន៤​ ក្នុងខេត្តកែប រួមមានទី ១- ទំនប់ប៉ោហេងស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ទី២- ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលរងផលប៉ះពាល់ពីរករណីគឺ ទឹកប្រៃហូរចូលស្រែ របស់ប្រជាពលរដ្ឋ(នៅចំនុចតាពីង) និងខ្យល់កន្ត្រាក់។ ទី៣- វារីវប្បកម្ម ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ និង៤- ភូមិអំពេង ឃុំអង្កោល​ ស្រុកដំណាក់ចង្អើរ ទទួលរងផលប៉ះពាល់នូវខ្យល់កន្រ្តាក់ញឹកញាប់នៅរដូវវស្សា។

លោកឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានជម្រាបជូនអាជ្ញាធរខេត្តកែប ពីគោលបំណងបេសកកម្មរបស់គណៈកម្មការ គឺដើម្បីស្វែងយល់នូវវិស័យពាក់ព័ន្ធ គឺផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ របស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដើម្បីរួមគ្នារកដំណោះស្រាយឲ្យបានទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក បណ្ឌិត​ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានរាយការណ៍ជូនគណៈប្រតិភូ រដ្ឋសភា អំពីសភាពការណ៍រួមទូទៅវឌ្ឍន:ភាពការងារ និងសមិទ្ធផលសម្រេចបាន របស់រដ្ឋបាលខេត្ត និងជម្រាបជូនពីបញ្ហាប្រឈមមួយចំនួន និងស្នើសុំគណៈកម្មការរដ្ឋសភា ជួយធ្វើអន្តរាគមន៍រកដំណោះស្រាយ ពិសេ​សលើវិស័យទទួលបន្ទុករបស់គណៈកម្មការទី៣នៃរដ្ឋសភា។

ជាមួយគ្នានេះ លោកឡូយ សុផាតប្រធានគណៈកម្មការ​ ជម្រុញដល់ថ្នាក់ដឹកនាំខេត្ត ត្រូវគិតគូរពីការរៀបចំផែនការ រយៈពេលវែង-ខ្លី ក្នុងការអភិវឌ្ឍន៍ខេត្ត ដោយផ្តោតការយកចិត្តទុកដាក់ លើការការពារបរិស្ថានជាចំបង ព្រោះខេត្តកែបជាខេត្តទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ទុក ជាតំបន់ទេសចរណ៍សម្រាកលំហែប្រណិតកំរិតខ្ពស់៕

x

 

LEAVE A REPLY

Please enter your comment!
Please enter your name here