ដោយៈ គង់ សូរិយា
ភ្នំពេញៈ គំរោងវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិ ដែលគ្រោងសាងសង់មជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ តម្លៃ៥០០លានដុល្លារមិនបានលុបចោលទេ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ។
លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៧ កញ្ញាកន្លងមកថា គំរោងវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិ មិនបានលុបចោលនោះទេ ដោយក្រុមហ៊ុនទាំងនោះ មិនបានសាងសង់នៅឡើយ ព្រោះពួកគាត់រង់ចាំច្បាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោកបន្តថា “តាមធម្មតាក្រុមហ៊ុនអន្តរជាតិ ពួកគេមិនធ្វើមុនច្បាប់អនុញ្ញាត្តនោះទេ ពួកគេកំពុងរង់ចាំច្បាប់ ដោយមិនទាន់ធ្វើសកម្មភាពអភិវឌ្ឍន៍អ្វីនៅឡើយទេ”។លោកបន្តថា “គំរោងនេះស្ថិតនៅចំណុចប្រសព្វរវាងស្រុកភ្នំស្រួច និងស្រុកសំរោងទង ដែលបច្ចុប្បន្នក្រុមហ៊ុនវិនិយោគបានប្រមូលទិញដីគ្រប់អស់ហើយ”។
គម្រោងវិនិយោគនេះ នឹងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ២០៥ហិកតា នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាការវិនិយោគរួមទុនចម្រុះជាតិសាសន៍មកពី ៣ប្រទេសរួមមាន ចិន ស្វីស និងសិង្ហបុរី ក្រោមឈ្មោះក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD)។
គម្រោងវិនិយោគតំបន់ទេសចរណ៍ សួនទឹកដ៏ធំ ពុំធ្លាប់មាននៅកម្ពុជានេះ នឹងមានដូចជាមជ្ឈមណ្ឌលកម្សាន្តសួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ ផ្ទះលំហែ រមណីយដ្ឋាន និងសណ្ឋាគារជាដើម។
លោកវ៉ី សំណាងបានបន្តថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន នឹងចំណាយទឹកប្រាក់ចំនួន២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជាង១០០ហិកតា។
លោកអភិបាលខេត្តកំពង់ស្ពឺ បានបង្ហាញសុទិដ្ឋនិយមថា ខេត្តកំពង់ស្ពឺនាពេលអនាគត នឹងក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញទំាងទេសចរជាតិ និងអន្តរជាតិមកពីជុំវិញពភពលោក នៅពេលគម្រោងអភិវឌ្ឍន៍សួនកម្សាន្តដ៏ធំនេះ លេចរូបរាងជាផ្លូវការ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តកំពុងជំរុញការអភិវឌ្ឍ តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។
បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ទាក់ទាញ ប្រវត្តិសាស្ត្រ ធម្មជាតិ អេកូទេសចរណ៍ និងកែច្នៃ ដូចជា វត្តវាំងចាស់ ឬទីក្រុងឧដុង្គឧទ្យានជាតិគិរីរម្យ វីគិរីរម្យផាញរីសត (A2A ថោន) ទឹកធ្លាក់ចំបក់ ទឹកធ្លាក់ ៧ជាន់ ឬទឹកធ្លាក់ជ្រាវជាដើម៕