ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុន BOEING បានធ្វើការព្យាករណ៍ថា កំណើនអ្នកដំណើរមកកាន់ប្រទេសកម្ពុជានឹងត្រលប់ដូចឆ្នាំ២០១៩ ពោលគឺមុនវិបត្តិកូវីដ១៩វិញ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។
យោងតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានអះអាងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស នឹងមានការកើនឡើង នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ បើសិនជាគ្មាននូវបញ្ហាសកលអ្វីៗ ដែលបានកើតឡើងបន្ដទៀត។
-->

លោកបានឱ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសហការជាមួយក្រុមហ៊ុន BOEING ដែលជាក្រុមហ៊ុនផលិតយន្ដហោះដ៏ធំរបស់អាមេរិក ដើម្បីធ្វើការព្យាករណ៍ទីផ្សារកម្ពុជាថា តើពេលណាចំនួនអ្នកដំណើរតាមផ្លូវអាកាស នឹងអាចត្រឡប់មកដូចដើមវិញ នៅឆ្នាំ២០១៩ មុនកូវីដ១៩។
លោកបានបញ្ជាក់ថា បន្ទាប់ពីការសិក្សាស្រាវជ្រាវក្រុមហ៊ុន BOEING បានសហការជាមួយអង្គការអាកាសចរស៊ីវិលអន្ដរជាតិ (ICAO) សមាគមន៏ក្រុមហ៊ុនអាកាសចរអន្តរជាតិ (IATA) ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ និងជាមួយភាគីពាក់ព័ន្ធផ្សេងៗទៀត គឺក្រុមហ៊ុន BOEING បានធ្វើការទស្សទាយថា នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ នឹងទទួលបានចំនួនអ្នកធ្វើដំណើរតាមយន្ដហោះស្មើនឹងឆ្នាំ២០១៩។

លោកថា “យើងរំពឹងទុកថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនឹងមានការកើនឡើង នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ បើសិនជាគ្មានអ្វីកើតឡើងអ្វីបន្ដទៀត”។
យោងតាមអ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ (៨ខែ) ចំនួនអ្នកដំណើរមានការកើនឡើង រហូតដល់ជិត១លាន២សែននាក់ គឺកើនឡើងជិត៦០០ភាគរយ បើធៀបនឹង២០២១ រយៈពេល៨ខែដូចគ្នា ប៉ុន្ដែបើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមូលដ្ឋានមុនកើតជំងឺកូវីដ-១៩ គឺនៅដក៧២ភាគរយនៅឡើយ។ ចំនួនជើងហោះហើរ មានការកើនឡើងជាង១សែន៥ពាន់ជើង នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ មានការកើនឡើង១២៣ភាគរយ ប៉ុន្ដែបើធៀបនឹងឆ្នាំ២០១៩ នៅដក៧០ភាគរយនៅឡើយ៕
