ដោយ៖ សុផារី
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់នៅថ្ងៃទី១២ ខែកញ្ញានេះថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ជើងហោះហើរជាតិ និងអន្តរជាតិ ដែលចូលមកកាន់ខេត្តសៀមរាបនោះ មានចំនួនសរុប១០ ដែលជើងហោះហើរជាតិចំនួន២ និងអន្តរជាតិចំនួន៨។
ដោយ៖ សុផារី
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់នៅថ្ងៃទី១២ ខែកញ្ញានេះថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ជើងហោះហើរជាតិ និងអន្តរជាតិ ដែលចូលមកកាន់ខេត្តសៀមរាបនោះ មានចំនួនសរុប១០ ដែលជើងហោះហើរជាតិចំនួន២ និងអន្តរជាតិចំនួន៨។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១.៤០៤.៧៧០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន១.២៩៤.២០០នាក់ កើនឡើង៩៧៦,២៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ចំពោះភ្ញៀវទេសចរអន្តរជាតិវិញមានចំនួន១១០.៥៧០នាក់ កើនឡើង ១៧៦១,៧៦%។ គិតតាមលំដាប់ថ្នាក់សញ្ជាតិ (តាមគ្រប់មធ្យោបាយ) មានដូចជាភ្ញៀវសញ្ជាតិបារាំង ចិន អង់គ្លេស អាមេរិក វៀតណាម ថៃ អាឡឺម៉ង់ អេស្ប៉ាញ ឥណ្ឌា អូស្រ្តាលី។
ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះដែរ ជើងហោះហើរពីអន្តរជាតិចូលមកកាន់ខេត្តសៀមរាបមានចំនួន៨០២ជើង និងមានអ្នកដំណើរសរុប៦៧,៤២១នាក់។ ក្នុងនោះ ជើងហោះហើរពីអន្តរជាតិដែលចូលមកកាន់ខេត្តសៀមរាបនោះ រួមមាន៖
១. ក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប)
២. ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និង បាងកក-សៀមរាប)
៣. ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និង ដាណាង-សៀមរាប)
៤. ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប)
៥. ក្រុមហ៊ុន Bamboo Airline (ហាណូយ-សៀមរាប)
៦. ក្រុមហ៊ុន Bangkok Airways (បាងកក-សៀមរាប)
៧. ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប)
៨. ក្រុមហ៊ុន China Eastern (គួនមិញ-សៀមរាប) ។
ក៏មានដែរនូវជើងហោះហើរក្នុងស្រុក៖
១. ក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញ-សៀមរាប និង កំពង់សោម-សៀមរាប)
២. ក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប) ។
លោកបានបន្តថា តាមការព្យាករណ៍ពេញ១ឆ្នាំ២០២២ សៀមរាបអាចនឹងទទួលបានភ្ញៀវទេសចរសរុប២.២៧៨.៨៥៤នាក់ ដោយទេសចរជាតិអាចឡើងដល់២.០៣៩.០០០នាក់ ទេសចរអន្តរជាតិអាចឡើងដល់២៣៩.៨៥៤នាក់៕