ការទិញផ្ទះដើម្បីវិនិយោគ ចំណុចគួរដឹង គួរវិភាគ និងស្ថានភាពចំពោះមុខ ដែលត្រូវពិចារណា

ចែករំលែក

  ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុននេះ ការវិនិយោគលើលំនៅឋាន ដែលសំដៅដល់ការទិញទុកចំណេញ គឺជាឱកាសសម្រាប់អ្នកវិនិយោគ ដែលមានទុន ដោយទិញតែមួយឆ្នាំ ឬរយៈពេលតិចជាងនេះ អាចលក់ចេញវិញបានប្រាក់ចំនេញខ្ពស់។

ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរហើយ ព្រោះមកដល់ដំណាក់កាលនេះវិញ អ្នកវិនិយោគ គួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បិបញ្ជៀសហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ។

ការអភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មានច្រើនណាស់ទៅហើយ ក្នុងនោះដែរតំបន់ជាយក្រុង មានការអភិវឌ្ឍលំនៅឋានច្រើនជាងគេ ទាំងគម្រោងវិនិយោគតូចៗ និងគម្រោងវិនិយោគធំៗ ពីសំណាក់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ប៉ុន្តែការអភិវឌ្ឍគម្រោងលំនៅឋានទាំងនោះភាគច្រើន បានបង្កលក្ខណៈងាយស្រួលដល់អតិថិជនដោយអាចទិញផ្ទះបង់រំលស់។

គម្រោងខ្លះអាចទិញបង់រំលស់ រហូតដល់២០ឆ្នាំ ខ្លះ១៥ឆ្នាំខ្លះទៀត១០ឆ្នាំ ខណៈគម្រោងខ្លះទៀត បានផ្ដល់ការបង់រំលស់ជាដំណាក់កាលពេលណាផ្ទះនោះសង់រួចរាល់ អ្នកទិញត្រូវស្វះស្វែងរកប្រាក់មកបង្គ្រប់តែម្ដង។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានមើលឃើញថា ការទិញផ្ទះមានលក្ខណៈវិនិយោគ ដែលសំដៅដល់ទិញដើម្បី ទុកលក់ចំណេញកាលពីមុនវាឱកាស ប៉ុន្តែពេលនេះវាមិនគួរឱ្យធ្វើនោះទេ ជាពិសេសសម្រាប់អ្នកដែលមានចំណូលមធ្យមចុះក្រោម ពីព្រោះការទិញផ្ទះដើម្បី វិនិយោគនាពេលនេះគឺអាចមានហានិភ័យខ្ពស់។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ KFA បានលើកឡើងផងដែរថា ក្នុងស្ថានភាពនេះ អ្នកមានចំណូលទាប និងមធ្យមមិនគួរវិនិយោគអចលនទ្រព្យនោះទេ ជាពិសេសនោះការវិនិយោគលើលំនៅឋានរឹតតែមិនគួរវិនិយោគទៅទៀត ដោយសារតែស្ថានភាពនៅពេលនេះយើងមើលឃើញថា ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់នៅឡើយទេ ។​

លោកបន្តថា “បើសិនជាអ្នកមានចំណូលមធ្យម គាត់ចង់វិនិយោគលើអចលនទ្រព្យ ខ្ញុំសូមណែនាំឱ្យវិនិយោគលើដីធ្លីវិញ ហើយស្វែងរកដីណាដែលនៅមានតម្លៃទាប ទុករយៈណាមួយនោះសឹមលក់ចេញវិញ គឺអាចរកប្រាក់ចំណេញបាន”។

ជាមួយគ្នានេះ លោកផូន សុអុនដែន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន KH Land ក៏បានលើកឡើងថា បច្ចុប្បន្ននេះ អ្នកវិនិយោគលើដីធ្លីនិងលំនៅឋានមានភាពឆ្លាតវៃជាងមុនឆ្ងាយណាស់ ។ កាលពីមុនវិបត្តិ អ្នកទិញដីនិងផ្ទះ គឺមិនសូវគិតគូរយូរនោះទេ គាត់មើលតែគម្រោងណាដែលល្អគម្រោងណាដែលមានគេទិញច្រើន ឬមានគេណែនាំគាប់ជួនជាមួយនឹងគាត់ចង់ទៅកាន់តំបន់នោះផង គាត់ក៏បានដាក់ទុនវិនិយោគទិញតែម្ដង។

លោកបន្តថា “ប៉ុន្តែមកដល់ពេលនេះវិញ  មុននឹងគាត់សម្រេចចិត្តទិញផ្ទះនៅគម្រោងណាមួយនោះ គាត់ត្រូវគិតគូរពិចារណា និងចុះសិក្សាដោយផ្ទាល់ មានទាំងសាកសួរនាំច្រើនផងដែរ”។លោកបន្ថែមថា “ភ្លាមៗក៏គាត់មិនទាន់សម្រេចចិត្តទិញដែរ គាត់ត្រូវសិក្សាលើប្រាក់ចំណូលរបស់គាត់ថាតើអាចមានលទ្ធផលបង់បានដែរឬទេ ពីព្រោះថាគម្រោងមួយចំនួនគាត់បានផ្ដល់លទ្ធភាពបង់តាមធនាគារ ឬរំលស់ក្នុងរយៈពេលណាមួយ”។

បច្ចុប្បន្ននេះ យើងបានមើលឃើញថា មានគម្រោងអភិវឌ្ឍន៍លំនៅឋានខ្លះ ដែលជាគម្រោងឯកជនខ្នាតតូច ចាប់ផ្ដើមមានបញ្ហាហិរញ្ញវត្ថុដោយប្រមូលប្រាក់ពីអតិថិជនរួចហើយ តែមិនបន្តសាងសង់ផ្ដល់ជូនអតិថិជន។ គម្រោងខ្លះទៀតបានសាងសង់រួចរាល់ពិតមែន តែក្នុងគម្រោងមិនមានប្រព័ន្ធទឹកស្អាតសម្រាប់ប្រើប្រាស់ និងប្រើប្រាស់ប្រព័ន្ធអគ្គិសនីរបស់ឯកជន មានតម្លៃខ្ពស់ជាងអគ្គិសនីរបស់រដ្ឋជាដើម។ ទាំងនេះសុទ្ធតែជាចំណុច ដែលអតិថិជនមុននឹងទិញផ្ទះត្រូវគិតពិចារណាផងដែរ ។

សព្វថ្ងៃនេះយើងក៏បានមើលឃើញថា អតិថិជនដែលបានទិញផ្ទះពីគម្រោងអភិវឌ្ឍន៍មួយចំនួន បានប្រកាសលក់ផ្ទះវិញ ដោយសារតែមិនមានលទ្ធភាពក្នុងការបង់បន្តទៅកាន់ម្ចាស់គម្រោង ឬទៅកាន់ធនាគារដែលខ្លួនបានខ្ចីមកទិញផ្ទះនោះ ហើយសកម្មភាពនេះ កើតមានកាន់តែច្រើនឡើងៗដូច្នេះហើយទើបគម្រោងលំនៅឋានខ្លះសង់រួច មិនសូវមានមនុស្សទៅរស់នៅច្រើនអ៊ូរអរដូចការរំពឹងទុក៕


ចែករំលែក