អ្នកជំនាញជំរុញការប្រើប្រភពថាមពលពន្លឺព្រះអាទិត្យនៅក្នុងវិស័យទេសចរណ៍

0

ដោយ៖ សុផារី

ភ្នំពេញ៖ អ្នកជំនាញផ្នែកបរិស្ថាន លើកឡើងថា ការរួមបញ្ចូលប្រភពថាមពលកកើតឡើងវិញ ដូចជា ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍ គឺជាវិធីសាស្រ្តដ៏ប្រសើរទាំងសម្រាប់បរិស្ថាន និងប្រតិបត្តិករទេសចរណ៍។

ការស្តារវិស័យទេសចរណ៍ឱ្យងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ត្រូវដាក់បញ្ចូលនូវភាពចាំបាច់ ក្នុងការបង្កើនភាពធន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។

ការលើកឡើងនេះ បន្ទាប់ពីគម្រោងក្រោមការឧបត្ថម្ភថវិកាដោយទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ “ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាតរបរិស្ថាន និងបរិយាបន្ន” ត្រូវបានដាក់ឱ្យដំណើរការ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

គម្រោងនេះមានគោលបំណងសម្របសម្រួលឱ្យមានដាក់បញ្ចូលការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពក្នុងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការអនុវត្តជម្រើសប្រព័ន្ធអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ សម្រាប់ការប្រើប្រាស់ក្នុងសណ្ឋាគារ ផ្ទះស្នាក់ទេសចរណ៍ធម្មជាតិ រមណីយដ្ឋានធម្មជាតិ និងទីតាំងទេសចរណ៍ធម្មជាតិតាមសហគមន៍។

លោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ទាំងឡាយ សមាជិកទេសចរណ៍ធម្មជាតិតាមសហគមន៍ និងស្ថាប័នពាក់ព័ន្ធនានា ចូលរួមគាំទ្រការអនុវត្តន៍គម្រោងនេះ ដើម្បីជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាចូលរួម ក្នុងការអភិវឌ្ឍទេសចរណ៍បៃតង និងប្រកបដោយចីរភាពនៅកម្ពុជា។

លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានបង្ហាញពីការគាំទ្រ និងប្តេជ្ញាចិត្ត ក្នុងការជួយសមាជិករបស់សហព័ន្ធទេសចរណ៍កម្ពុជាចូលរួមកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គីសនី ក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ តាមរយៈការណែនាំឱ្យប្រើប្រាស់ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ និងការគ្រប់គ្រងការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាព សំដៅគាំទ្រសមាជិកទាំងអស់ ក្នុងការស្តារអាជីវកម្មរបស់ពួកគេឡើងវិញ ឱ្យបានកាន់តែប្រសើរឡើង ក្រោយវិបត្តិកូវីដ-១៩។

លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF រំពឹងថា គម្រោងនេះនឹងជួយឱ្យអាជីវកម្មទេសចរណ៍ឆ្ពោះទៅមុខ ដោយអនុវត្តបទដ្ឋានមួយប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ប្រសើរជាងមុន ព្រមទាំងនឹងនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here