ប្រទេសថៃនិងកម្ពុជាគ្រោងពិភាក្សាបញ្ហាតំបន់ត្រួតស៊ីគ្នាក្នុងដែន សមុទ្រឡើងវិញ

0

 ដោយៈ សុផារី

ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសថៃ នឹងជួបពិភាក្សាជាមួយភាគីកម្ពុជា លើតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រ (OCA) ដែលមានទំហំ២៦.០០០គីឡូម៉ែត្រក្រឡា ដែលគេប៉ាន់ស្មានថា អាចផ្ទុកប្រេង និងឧស្ម័នរហូតដល់៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ។

បើតាមការចុះផ្សាយរបស់កាសែតថៃនៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ​នេះ។ ការពិភាក្សាក្នុងសំណុំរឿងព្រំដែនសមុទ្រ ដែលជាប់គាំងតាំងពីដើមទសវត្ស១៩៧០មកនេះ គឺជាសញ្ញាល្អក្នុងការជួយថៃ និងកម្ពុជាដោះស្រា​យវិបត្តិថាមពល។

បន្ទាប់ពីពន្យារពេលអស់រយៈពេល២០ឆ្នាំ ការចរចាលើការអភិវឌ្ឍប្រេងនិងឧស្ម័ន នៅក្នុងការទាមទារតំបន់ត្រួតស៊ីគ្នា នៅឈូងសមុទ្រថៃជា​មួយកម្ពុជានឹងចាប់ផ្តើមឡើងវិញ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រេងនិងថាមពល។

លោក Supattanapong Punmeechaow រដ្ឋមន្ត្រីក្រសួងថាម​ពលថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី១៣ កញ្ញាថា រដ្ឋាភិបាលថៃ បានបង្កើតគណៈកម្មាការមួយ ដើម្បីធ្វើការងារនេះ ដោយមានក្រសួងការបរទេសថៃ ដើម្បីដឹកនាំកិច្ចចរចាជាមួយរដ្ឋាភិបាលកម្ពុជា។ យ៉ាងណា ប្រទេសថៃ កំពុងបន្តសិក្សាព័ត៌មានលម្អិតមួយចំនួន ជាក់ស្តែងក្តីបារម្ភជុំវិញការបោះបង្គោលព្រំដែនមួយចំនួន និងការស្វែងរកដំណោះស្រាយ ពន្យល់ប្រាប់ពលរដ្ឋថៃជាដើម។

រដ្ឋាភិបាលថៃរំពឹង ការអភិវឌ្ឍន៍រួមគ្នានេះ ក្លាយជាផ្នែកមួយនៃគោលនយោបាយរយៈពេលវែងរបស់ខ្លួន ក្នុងការបង្កើតប្រភពថាមពលទំនើបជួយដល់បរិស្ថាន ការជម្រុញការដេញថ្លៃសម្បទានប្រេងថ្មីៗ និងការជម្រុញកិច្ចពិភាក្សាថាមពលជាមួយប្រទេសក្បែរខាង ពិសេសកម្ពុជា។

លើសពីនោះ ថៃក៏ចង់ដោះស្រាយចំណុចជម្លោះយូរអង្វែង នៃដែនសមុទ្រខ្លួនជាមួយកម្ពុជាដែរ។ថៃរំពឹងថាកិច្ចសហប្រតិបត្តិការ ចាប់ផ្តើមកាន់តែឆាប់ នឹងរឹតតែប្រសើរចំពោះកម្ពុជានិងថៃ។

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានលើកឡើងក្នុងសន្និសិទមួយ កាលពីដើមខែសីហាកន្លងទៅថា ការចរចាលើបញ្ហានេះ មានភាពស្មុគស្មាញខ្លាំង ដោយសារតែមានពាក់ព័ន្ធ មិនត្រឹមតែបញ្ហាប្រេងប៉ុណ្ណោះទេ ប៉ុន្តែមានធនធានធម្មជាតិផ្សេងៗទៀត ហើយបញ្ហានេះ មានចរិតជានយោបាយផង និងជាសេដ្ឋកិច្ចផង។

លោកបន្តថា “ទោះបីប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ ចង់ឱ្យមានការដោះស្រាយបានឆាប់ ប៉ុន្តែវឌ្ឍនភាពនៃការចរចានេះ នៅមានភាពយឺតយ៉ាវ”។លោកបន្ថែមថា “តែយ៉ាងណា កម្ពុជាបានត្រៀមខ្លួនរួចស្រេច ក្នុងការចរចាជាមួយភាគីថៃ ជុំវិញកិច្ចអភិវឌ្ឍរួមគ្នា ក្នុងតំបន់ប្រេងត្រួតស៊ីគ្នានៅដែនសមុទ្រនេះ”។

តំបន់ទាមទារត្រួតស៊ីគ្នា(OCA)នោះ មានមានទំហំ២៦.០០០គីឡូ​ម៉ែត្រការ៉េដែលគេប៉ាន់ប្រមាណថា នឹងអាចស្តុកទុកប្រេង និងឧស្ម័នរហូតដល់៥០០លានបារ៉ែល នៅក្រោមបាតសមុទ្រ។ សិទ្ធិអភិវឌ្ឍន៍លើតំបន់ទាមទារត្រួតស៊ីគ្នា ក្នុងឈូងសមុទ្រថៃ គឺជាចំណុចនៃជម្លោះរវាងប្រទេសជិតខាងថៃនិងកម្ពុជា ដែលបានទាមទារតំបន់នេះ តាំងពីដើមទសវត្សរ៍១៩៧០មក។

រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ កិច្ចចរចារអភិវឌ្ឍប្រេងនិងឧស្ម័ននៅតំបន់នោះ តាំងពីខែមិថុនាឆ្នាំ២០០១ ក៏ប៉ុន្តែត្រូវបានផ្អាក នៅក្នុងអន្តរកាលប្តូរនាយករដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០៩។ កិច្ចពិភាក្សាគ្នារវាងប្រទេសទាំង២ ក៏ធ្លាប់ចង់គូសវាសឡើងវិញដែរ តែត្រូវបង្អាក់ដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here