ដោយៈ ម៉ាណា
អន្តរជាតិៈ យោងតាមរបាយការណ៍ទីក្រុងសកល ឆ្នាំ២០២៥ របស់Kearney បានបង្ហាញពីភាពរឹងមាំយូរអង្វែងរបស់ទីក្រុងនានានៃតំបន់អាស៊ីប៉ាស៊ីហ្វិក(APAC) នៅលើសន្ទស្សន៍ទីក្រុងសកល (GCI) ដែលជាចំណាត់ថ្នាក់នៃទីក្រុង ដែលភ្ជាប់ទំនាក់ទំនងជាអន្តរជាតិ និងមានឥទ្ធិពលបំផុតរបស់ពិភពលោក។
ទោះបីជាមានការប្រែប្រួល និងការបែងចែកភូមិសាស្ត្រនយោបាយពិភពលោកកើនឡើងក៏ដោយ ទីក្រុងនានានៃAPAC រួមមានទីក្រុងតូក្យូ សិង្ហបុរី ប៉េកាំង ហុងកុង និងសៀងហៃបានបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីកន្លែងកំពូលទាំង១០ នៃGCI ដោយឆ្លុះបញ្ចាំងពីរបៀបដែលការសម្របខ្លួន ក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ភាពធន់នឹងអាកាសធាតុ និងភាពរហ័សរហួនក្នុងស្ថាប័ន បានក្លាយជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ។
-->
របាយការណ៍របស់Kearney បានបង្ហាញថា នៅពេលដែលពិភពលោក ឈានចូលយុគសម័យឆ្លាតវៃ ទីក្រុងនានាមិនមែនប្រកួតប្រជែងលើទំហំ ឬកេរ្តិ៍ដំណែលតែមួយមុខនោះទេ ប៉ុន្តែកំពុងបង្កើនលើការត្រៀមខ្លួន៖ សមត្ថភាពក្នុងការតម្រឹមហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងទេពកោសល្យ ក្នុងការទាញយកឱកាសនៃបញ្ញាសិប្បនិម្មិត ខណៈគ្រប់គ្រងហានិភ័យរបស់ខ្លួន។
សន្ទស្សន៍ទីក្រុងសកល “GCI” វាយតម្លៃទីក្រុងនានានៅទូទាំងវិសាលភាពចំនួន៥៖ សកម្មភាពអាជីវកម្ម មូលធនមនុស្ស ការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍វប្បធម៌ និងការចូលរួមនយោបាយ។ ជាមួយនឹងសូចនាករចំនួន៣១ សន្ទស្សន៍នេះកំណត់ពីមត្ថភាពរបស់ទីក្រុងនីមួយៗក្នុងការទាក់ទាញ រក្សា និងបង្កើតលំហូរសកលនៃមនុស្ស ដើមទុន និងគំនិត។
ទីក្រុងតូក្យូនៃប្រទេសជប៉ុន នៅតែស្ថិតក្នុងលំដាប់លេខ៤សម្រាប់ឆ្នាំទី១១ ជាប់ៗគ្នា ដោយរក្សាបាននូវភាពរឹងមាំរបស់ខ្លួន នៅក្នុងមូលធនមនុស្ស និងបង្ហាញពីការកើនឡើងតិចតួច នៅទូទាំងសកម្មភាពអាជីវកម្ម បទពិសោធន៍វប្បធម៌ និងការផ្លាស់ប្តូរព័ត៌មាន។
បន្ថែមពីនេះ សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី៥ម្តងទៀត ដែលត្រូវគ្នានឹងចំណាត់ថ្នាក់កាលពីឆ្នាំមុន។ ស្ថិរភាពនេះ ឆ្លុះបញ្ចាំងពីការកើនឡើងតិចតួច នៅក្នុងការចូលរួមផ្នែកនយោបាយ និងមូលធនមនុស្ស ដែលជំរុញដោយការកែលម្អ ដើម្បីឱ្យមានភាពងាយស្រួលនៃការចូល។

ទាំងនេះត្រូវបានទូទាត់ ដោយការថយចុះបន្តិចនៃបទពិសោធន៍វប្បធម៌ និងសកម្មភាពអាជីវកម្ម។
ក្នុងចំណោមទីក្រុងកំពូលនានានៃAPAC ដែលកំពុងដំណើរការ ហុងកុងបានជាប់ចំណាត់ថ្នាក់ទី៧ នៅឆ្នាំនេះ ដោយកើនឡើងពីចំណាត់ថ្នាក់ទី៩ នៅក្នុងGCIកាលពីឆ្នាំមុន ខណៈដែលទីក្រុង APAC ផ្សេងទៀតរក្សាតំណែងរបស់ពួកគេ។
ទីក្រុងហុងកុង បានបង្ហោះការកែលម្អនៃអ្នកដំណើរអន្តរជាតិ និងការប្រតិបត្តិដ៏រឹងមាំនៅក្នុងសិល្បៈដែលមើលឃើញ និងសិល្បៈដែលកំពុងសម្តែង (visual and performing art) ដែលនាំឱ្យទទួលបានក្នុងវិសាលភាពបទពិសោធន៍ផ្នែកវប្បធម៌។
ទីក្រុងកំពូលទាំង១០ នៅក្នុងសន្ទស្សន៍ទីក្រុងសកល ឆ្នាំ២០២៥ រួមមាន ទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ ទីក្រុងប៉ារីស ទីក្រុងតូក្យូ សិង្ហបុរី ទីក្រុងប៉េកាំង ហុងកុង ទីក្រុងសៀងហៃ ឡូសអេនជឺលេស និងឈីកាហ្គោ។
លោក Shigeru Sekinada ប្រធានគ្រប់គ្រងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជានាយកគ្រប់គ្រងនៃប្រទេសជប៉ុនរបស់ Kearney បានថ្លែងថា សន្ទស្សន៍ទីក្រុងសកលនៅឆ្នាំនេះ បញ្ជាក់ឡើងវិញនូវភាពធន់ នៃមជ្ឈមណ្ឌលអាស៊ីដែលមានកេរ្តិ៍ដំណែល។ ទោះបីជាមានផលប៉ះពាល់ជាសកល និងការរំខានផ្នែកបច្ចេកវិទ្យាកើនឡើងក៏ដោយ ទីក្រុងឈានមុខគេរបស់APAC នៅតែឈរនៅលើកំពូលនៃGCI ដោយបង្ហាញ ពីភាពពាក់ព័ន្ធយូរអង្វែងរបស់ពួកគេ និងការពង្រីកឥទ្ធិពលសកលរបស់តំបន់។
លោកបញ្ជាក់ថា “នេះបង្ហាញពីសមត្ថភាពរបស់តំបន់ ក្នុងការរុករកការវិវឌ្ឍន៍នៃសក្ដានុពលសកល តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផ្តល់អាទិភាពដល់នវានុវត្តន៍បទប្បញ្ញត្តិ និងវិនិយោគលើភាពធន់នឹងអាកាសធាតុ”។លោកបន្តថា “យើងមានសុទិដ្ឋិនិយមថាទីក្រុងរបស់ APAC នឹងមិនត្រឹមតែពន្លឿនកំណើនសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើជាឧបករណ៍ ភ្ជាប់ដ៏សំខាន់នៃសេដ្ឋកិច្ចពិភពលោកផងដែរ”។
កាត្តាលីករកំណើនក្នុងតំបន់ នៃមជ្ឈមណ្ឌលនៅអាស៊ីដែលកំពុងរីកចម្រើន ក៏កំពុងទទួលបានសន្ទុះនៅលើGCI ដែលត្រូវបានជំរុញដោយការវិនិយោគ ប្រកបដោយចីរភាពនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ទេពកោសល្យ និងការត្រៀមខ្លួនជាឌីជីថល៕
