ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទីភ្នាក់ងារអចលនទ្រព្យ Centaline បានឱ្យដឹងថា ពលរដ្ឋចិនដីគោកបានទិញផ្ទះនៅទីក្រុងហុងកុងក្នុងទំហំទឹកប្រាក់សរុបចំនួន៣៨ពាន់លានដុល្លារហុងកុង(ប្រមាណ៤,៩ពាន់លានដុល្លារអាមេរិក) ឬស្មើនឹងចំណែក២៥ភាគរយនៃការទិញផ្ទះសរុបនៅទីក្រុងហុងកុងក្នុងត្រីមាសទី៣។
ទីភ្នាក់ងារ Centaline បានគូសបញ្ជាក់ថា ពលរដ្ឋចិនដីគោកបានទិញផ្ទះសរុបចំនួន៣.៧៩៧យូនីតនៅចន្លោះខែកក្កដា និងខែកញ្ញា ឆ្នាំ២០២៥ កើនឡើង៧ភាគរយបើធៀបនឹងត្រីមាសទី២។
ក្នុងអំឡុងពេលនេះ ការលក់លំនៅដ្ឋានថ្មី និងលំនៅដ្ឋានប្រភេទទី២ (Second-hand) នៅទូទាំងទីក្រុងហុងកុងបានកើនឡើងដល់ចំនួន១៥.០០០យូនីត ដោយពលរដ្ឋចិនដីគោកគ្របដណ្តប់ចំណែកចំនួនមួយភាគបួននៃការទិញផ្ទះសរុប។
-->
ទំនុកចិត្តលើទីផ្សារលំនៅឋានហុងកុងបាននិងកំពុងមានភាពប្រសើរឡើងសន្សឹមៗ ចាប់តាំងពីប្រធានប្រតិបត្តិហុងកុងលោក John Lee បានលុបចោលវិធានការរឹតបន្តឹងការទិញផ្ទះកាលពីឆ្នាំមុន ហើយធនាគារកណ្តាលអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ចំនួន១,២៥ភាគរយចាប់តាំងពីខែកញ្ញា ឆ្នាំមុន។

ចំណាត់ការខាងលើបានលើកទឹកចិត្តឱ្យពលរដ្ឋចិនដីគោកពន្លឿនការឈានជើងចូលទីផ្សារលំនៅឋានហុងកុង។ នេះបើយោងតាមលោក Louis Chan Wing-kit អ្នកជំនាញផ្នែកលំនៅដ្ឋានរបស់ទីភ្នាក់ងារអចលនទ្រព្យ Centaline។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការវិនិយោគសរុបរបស់ពលរដ្ឋចិនដីគោកបានកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៣៨ពាន់លានដុល្លារហុងកុងកាលពីត្រីមាសទី៣ ហក់ឡើង១៤ភាគរយបើធៀបនឹងត្រីមាសទី២៕ប្រភព: SCMP៕។
